(តួកគី) – ក្រុមហ៊ុនធុរកិច្ចថ្មី SealVans បង្ហាញយានគំរូ caravan ពីរម៉ូដែលដ៏ទំនើប ដែលជា «កូនកាត់» រវាងរថយន្ត និងកូននាវា អាចបើកបរបាននៅលើគោក និងលើទឹក។
ក្រោយពីអភិវឌ្ឍបានជោគជ័យកាលពីឆ្នាំកន្លង ក្រុមហ៊ុន SealVans កំពុងនាំយកយាន caravan កូនកាត់ចូលក្នុងទីផ្សារអឺរ៉ុប។ កំណែដែលរួមមាន Seal 4.2 ម៉ែត្រ និង Seal 7.5 ម៉ែត្រ នេះ ផ្ដល់ជូនអតិថិជនទាំងឡាយណាដែលចង់ទទួលបានបទពិសោធន៍នៃការធ្វើដំណើរទាំងនៅលើដីគោក ទាំងនៅលើផ្ទៃទឹក ដោយមិនបាច់ប្ដូរមធ្យោបាយធ្វើដំណើរ។ នេះបើតាម New Atlas ចុះផ្សាយកាលពីថ្ងៃទី 04 កក្កដា។
Seal 4.2 ម៉ែត្រ គឺជាកំណែតូចល្មម មានទម្ងន់មិនដល់ 750 គីឡូក្រាម សម្រាប់ដំណើរផ្លូវជិត។ ចំណែក Seal 7.5 ម៉ែត្រ អាចដាក់បានមនុស្សពី 3 ទៅ 4 នាក់ និងសម្រាប់ដំណើរផ្លូវឆ្ងាយ។
Seal 7.5 ម៉ែត្រ ដំណើរការដោយម៉ូទ័ររបស់ Honda កម្លាំង 50 សេះ និងប្រព័ន្ធកម្លាំងរុញច្រានប្រើថាមពលអគ្គិសនី អាចឱ្យបរក្នុងល្បឿន 24 គីឡូម៉ែត្រ/ម៉ោង៕