Skip to content

កម្ពុជា​នឹង​បង្កើត “ឧទ្យាន​ជាតិ​សមុទ្រ​កោះរ៉ុង”

ភ្នំពេញ – ខណៈ​ភ្ញៀវទេសចរ​ជាតិ និង​អន្ដរជាតិ​កំពុងមាន​ការពេញនិយម​ក្នុង​ការដើរ​កម្សាន្ដ​នៅក្នុង​តំបន់​អេកូ​ទេសចរណ៍​នានា​ដែល​បាន​បង្កើត​ការងារ និង​ប្រាក់ចំណូល​ដល់​សហគម​ន៍​នោះ  ថ្មីៗនេះ​ថ្នាក់ដឹកនាំ​នៃ​ក្រសួងបរិស្ថាន​ត្រៀម​នឹង​បង្កើត​ឧទ្យាន​ជាតិ​សមុទ្រ​នៅ​កោះរ៉ុង ខេត្ត​ព្រះសីហនុ ជា​លើកដំបូង​ក្នុង​ប្រ​វ​ត្ដិ​សាស្ដ្រ​កម្ពុជា។

ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ដ្រី​ក្រសួងបរិស្ថាន​បាន​លើកឡើងថា រាជរដ្ឋាភិបាល​បានសម្រេច​បង្កើត​ឧទ្យាន​ជាតិ​សមុទ្រ​កោះរ៉ុង ដែល​គម្រោង​នេះ​នឹង​ដំណើរការ​ក្នុងពេលឆាប់ៗខាងមុខ។ ឯកឧត្ដម​បន្ដថា ឧទ្យាន​ជាតិ​សមុទ្រ​កោះរ៉ុង បង្កើតឡើង​ដើម្បី​គ្រប់គ្រង​ធនធានធម្មជាតិ​នៅ​ទីនោះ ការបង្កើត​ឧទ្យាន​ជាតិ​សមុទ្រ​នេះ​ក៏​ជា​លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​អេកូ​ទេសចរណ៍​នៃ​ប្រទេស​កម្ពុជា​ផងដែរ។

រដ្ឋមន្ដ្រី​ក្រសួងបរិស្ថាន​បន្ថែមថា បច្ចុប្បន្ន​យើង​កំពុងតែ​ពិនិត្យមើល​លទ្ធភាព​ដៃគូ​សហការ​ដើម្បី​ជួយ​អភិវឌ្ឍ​ធនធានមនុស្ស (អ្នកស្រាវជ្រាវ អ្នកវិទ្យាសាស្ត្រ) ដើម្បី​កំណត់​ព្រំប្រទល់ និង​ផែនការ​ការពារ និង​អភិរក្ស​ធនធានធម្មជាតិ​ជីវចម្រុះ​នៅ​តំបន់​សមុទ្រ និង​ការពង្រឹង​សមត្ថភាព​ឧ​ទ្យា​នុ​រក្ស ដើម្បី​ពង្រឹង​បណ្តាញ​ការពារ​សមុទ្រ។

កន្លងមក​ក្រសួងបរិស្ថាន​បានធ្វើ​កិច្ចការ​ទៅលើ​ការអភិរក្ស និង​ការពារ​ធនធានធម្មជាតិ​ទទួលបាន​ជោគជ័យ​យ៉ាង​ល្អ។ ក្នុងនោះ​បង្កើតបានជា​តំបន់ការពារធម្មជាតិ​ចំនួន 49កន្លែង និង​មាន​ផ្ទៃដី​រហូតដល់​ជាង7.5 លាន​ហិកតា។

តំបន់​ឧទ្យាន​ជាតិ​សមុទ្រ មាន​ធនធានធម្មជាតិ ដូចជា​ផ្កាថ្ម ស្មៅ​សមុទ្រ ព្រៃកោងកាង​ដែលជា​សក្តានុពល​សម្រាប់​ពពួក​ត្រី​សមុទ្រ ជាពិសេស គឺ​សម្រាប់​សត្វ​ជិត​ផុត​ពូជ ដូចជា​ផ្សោត​ជាដើម។ នៅពេល​កម្ពុជា​បង្កើត​តំបន់​ឧទ្យាន​ជាតិ​សមុទ្រ​កោះរ៉ុង​បាន​ហើយ​នោះ អាច​ថា វា​នឹង​ក្លាយជា​តំបន់​សក្ដានុពល​មួយ​ក្នុងការ​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ និង​អន្ដរជាតិ​ឱ្យមក​កម្សាន្ដ​នៅ​ទីនោះ ដែល​អាចជួយ​លើក​កម្រិតជីវភាព​ប្រជាជន​ទូទាំង​ខេត្ដ​ឱ្យ​កាន់​តែមាន​លក្ខណៈ​ល្អប្រសើរ​ឡើង​បាន។

ជាមួយគ្នានេះ នាយក​អង្គការ​សត្វព្រៃ និង​រុក្ខជាតិ​អន្តរជាតិ (FFI) លោក Ahab CW Downer បានលើកឡើង​ពី​ជំហរ​របស់ខ្លួន​ក្នុង​ការធ្វើ​សហប្រតិបត្តិការ​ដើម្បី​រៀបចំ​គម្រោង​បង្កើត​ឧទ្យាន​ជាតិ​សមុទ្រ​កោះរ៉ុង​នេះ​ជាមួយ​ក្រសួងបរិស្ថាន​ថា តាមរយៈ​បទពិសោធ និង​ការងារ​របស់​អង្គការ​លោក​ដែល​ធ្លាប់​បានធ្វើ​នៅតាម​តំបន់​កោះ​រយៈពេល4ឆ្នាំ ដែល​បាន​កំពុង​សហការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ នឹងធ្វើ​ការអភិរក្ស​ធ​ន​ធាន​សមុទ្រ​នៅក្នុង​តំបន់​កោះរ៉ុង​មួយ​នេះ​ឱ្យ​ទទួលបាន​និរន្ដរភាព​នៃ​តំបន់​អេកូ​ទេសចរណ៍៕

Leave a Reply

Your email address will not be published. Required fields are marked *