(ប្រទេសចិន) – បណ្ដុំអគារស្នាក់នៅកម្ពស់ជាង 100 ម៉ែត្រ នៅទីក្រុង Shenzhen ត្រូវបានសាងសង់រួចរាល់ក្នុងរយៈពេលមួយឆ្នាំ ដោយការដំឡើងជាម៉ូឌុល។
អគារម៉ូឌុលគឺជាស្ថាបត្យកម្មសំណង់ដំឡើងពីបណ្ដុំរចនាសម្ព័ន្ធដែលត្រូវបានគេចាក់ពុម្ពរួចរាល់នៅរោងចក្រ ហើយដឹកយកមកផ្គុំ ជំនួសឱ្យការសាងសង់នៅនឹងកន្លែងដូចសព្វថ្ងៃ។
អគារស្នាក់នៅចំនួនប្រាំនៅទីក្រុង Shenzhen ប្រទេសចិន ត្រូវបានដំឡើងជារូបរាងពីម៉ូឌុលស្ដង់ដាជាង 6,000 ដុំ។ បណ្ដាម៉ូឌុលត្រូវបានយកមកដំឡើងនៅពេលបណ្ដាញអគ្គិសនី និងផ្នែកនានានៅខាងក្នុងត្រូវបានធ្វើរួចរាល់។
វិធីសាស្ត្រសាងសង់ខាងលើត្រូវបានវាយតម្លៃថា សន្សំសំចៃពេល ប្រាក់កាស និងបំភាយឧស្ម័នពុលក្នុងកម្រិតទាប។
«តាមការគណនាជាបឋមរបស់យើង ការសាងសង់ដោយម៉ូឌុលអាចជួយកាត់បន្ថយសំណល់សំណង់បាន 75%» លោក Cen Yan មន្ត្រីនៅស្ថាប័នសំណង់ និងផ្ទះស្នាក់នៅរបស់ទីក្រុង Shenzhen ឱ្យដឹងដូច្នេះ៕