Skip to content

ការប្រកាស​លក់​ដោយ​បង់​រំលស់​គ្មាន​ការប្រាក់ អាចជា​ការ​ឆបោក

អ្នកជំនាញ​អចលនទ្រព្យ​បានស្នើ​ឱ្យ​អ្នក​ប្រកប​អាជីវកម្ម​ក្នុង​វិស័យ​អចលនទ្រព្យ​បញ្ឈប់​ចំពោះ​ការប្រើប្រាស់​វិធីសាស្ត្រ​ភូតកុហក​ប្រជាពលរដ្ឋ តាមរយៈ​ការលក់​ផ្ទះ ឬ​ដី​ពុះ​ឡូត៍ ដោយ​គ្មាន​គិត​អត្រា​ការប្រាក់។

លោក​បណ្ឌិត គីម ហ៊ាង ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា បាន​និយាយថា រាល់​ការលក់​អចលនទ្រព្យ​ទាំងអស់​ឱ្យតែ​បង់​រំលស់ គឺ​សុទ្ធតែ​មានការ​ប្រាក់​ចន្លោះ​ពី12%ទៅ18%ក្នុង1ឆ្នាំ​រួចជាស្រេច តែ​ដល់ពេល​ឃោសនា​ប្រកាស​លក់​គម្រោង គេ​បែរជា​និយាយថា លក់​ដោយ​ឥត​គិតការ​ប្រាក់​ទៅវិញ។ លោក​បណ្ឌិត​មានប្រសាសន៍ថា៖“ការប្រកាស​លក់​បែបនេះ គឺជា​ការបោកប្រាស់​សុទ្ធ​សាធ ខណៈ​មាន​ប្រជាពលរដ្ឋ​មួយចំនួន​មិនបាន​ដឹង​ពី​រូបមន្ត​ទាំងនេះ​ឡើយ។

លោក​បណ្ឌិត​បាន​បន្តថា នៅក្នុង​រយៈពេល​ខ្លី​ការប្រកាស​បែបនេះ​ហាក់​មិនសូវ​ទទួលបាន​ការចាប់​អារម្មណ៍ និង​ចាប់កំហុស​ទេ តែ​ក្នុង​រយៈពេល​វែង (អាច​ថា​ក្នុង​រយៈពេល10ឆ្នាំ​ទៅមុខទៀត) បញ្ហា​ដែល​កើតចេញពី​រឿងនេះ​នឹង​រឹតតែ​រីក​ធំ ហើយ​ជម្លោះ​ក៏​នឹង​អាច​កើតមាន​រវាង​អ្នកលក់ និង​អ្នក ទិញ​ផងដែរ។

ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា បាន​ពន្យល់ថា កាលពី​មុនគេ​មិនដែល​គិតថា ខ្ចីលុយ​ពី​ធនាគារ ឬ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ជា​បញ្ហា​នោះទេ ដោយ​ពាក្យ​សាមញ្ញ​ទូទៅ​របស់​ប្រជាពលរដ្ឋ​យល់ថា ការខ្ចី​លុយ​រដ្ឋ ដល់ពេល​ចង់​លុបបំបាត់​ពាក្យ“ជំពាក់​លុយ​រដ្ឋ”បញ្ហា​បានកើត​មាន​មិនតូច​នោះទេ។ លោក​បណ្ឌិត​បាន​អះអាងថា ការលក់ដូរ​ដែល​គ្មាន​អត្រា​ការប្រាក់​មានតែ​មធ្យោបាយ​មួយគត់​នោះ​គឺ​ការលក់​ដែល​ឱ្យ​សាច់ប្រាក់​សុទ្ធ ឬ​ការលក់​ផ្តាច់ ដោយ​តម្លៃ​ណាមួយ​ជាក់លាក់ តែ​រាល់​ការបង់​រំលស់​គឺ​គេ​បានគិត​ការប្រាក់​រួចរាល់​ហើយ។

លោក​យល់ថា អ្នក​អភិវឌ្ឍន៍​មិនគួរ​ត្រូវបាន​អនុញ្ញាត​ឱ្យទទួល​ការបង់​រំលស់​ដោយផ្ទាល់​ជាមួយ​អ្នកទិញ ទេ​ព្រោះ​វា​ជាការ​ងារ​របស់​ធនាគា​រ ហើយ​មាន​អ្នក​អភិវឌ្ឍន៍​ខ្លះ​បាន​យក​ប្លង់ដី​គម្រោង​ទៅ​បញ្ចាំ​នៅ​ធនាគារ ការប្រាក់7% ដល់8% តែ​គាត់​តម្រូវឱ្យ​អ្នកទិញ​បង់​រំលស់​ជាមួយ​គាត់​វិញ​ពី12%ដល់18% ប្រចាំឆ្នាំ។

នៅពេល​ចុង​ក្រោយនេះ​មាន​គម្រោង​ជាច្រើន​ក្នុង​វិស័យ​អចលនទ្រព្យ ត្រូវបាន​គេ​ប្រកា​សលក់ ដោយ​អះអាងថា គ្មាន​គិត​អត្រា​ការប្រាក់ ហើយ​អតិថិជន​អាច​បង់ប្រាក់​តាម​ចំនួន​ណាមួយ​ដែល​ខ្លួន​យល់ព្រម ដែល​គម្រោង​ទាំងនោះ​មានដូចជា គម្រោង​ពុះ​ដីឡូត៍​លក់ គម្រោង​ផ្ទះល្វែង​ខ្នាតតូច គម្រោង​ខុន​ដូ ជាដើម៕

Leave a Reply

Your email address will not be published. Required fields are marked *