Skip to content

ភាពមិន​ត្រូវ​គ្នា​នៅក្នុង​ដែន សមុទ្រ កំពុង​រាំងស្ទះ​ដល់​ការវិនិយោគ​វិស័យ​ឥន្ធនៈ

ថ្នាក់ដឹកនាំ​របស់​ក្រុមហ៊ុន Idemitsu Kosan Co., Ltd ដែលជា​ដៃគូ​ជាមួយ​ក្រុមហ៊ុន​ទទួលបាន​កិច្ចព្រមព្រៀង​ប្រេងកាត​មាន​លក្ខខណ្ឌ​នៅ​តំបន់ I&II នៃ​តំបន់​ទាមទារ​ត្រួតគ្នា (OCA) បាន​ស្នើឱ្យ​កម្ពុជា ព​ន្លឿ​ន​ការដោះស្រាយ​បញ្ហា​ដែល​នៅជាប់​គាំង​ក្នុង​តំបន់​ឈូង​សមុទ្រ ដើម្បី​ឈានទៅ​បើកផ្លូវ​ក្នុងការ​រុករក និង​ធ្វើ​អាជីវកម្ម​ប្រេង​នៅ​កម្ពុជា។

ការស្នើ​នេះ​បាន​ធ្វើឡើង​នៅក្នុង​ជំនួប​ដ៏​កម្រ​មួយ​រវាង ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល ជាមួយ​លោក Eiji Hagiwara នាយក​ផ្នែក​ស្រាវជ្រាវ និង​ផលិតកម្ម​នៃ​ក្រុមហ៊ុន Idemitsu Kosan Co., Ltd នៅ​ទីស្តីការក្រសួង​រ៉ែ និង​ថាមពល កាលពីពេលថ្មីៗនេះ។

បច្ចុប្បន្ន​ប្រទេស​កម្ពុជា​បាននិងកំពុង​ធ្វើដំណើរ​ឆ្ពោះទៅរក​ការធ្វើ​អាជីវកម្ម​ប្រេងឥន្ធនៈ​នៅក្នុង​ប្លុក A ដែល​កាន់កាប់​ដោយ​ក្រុមហ៊ុន KrisEnergy មាន​មូលដ្ឋាន​នៅ​ប្រទេស​សិង្ហ​បុរី និង​ការកសាង​រោងចក្រ​ចម្រាញ់​ប្រេង ដែល​វិនិយោគ​ដោយ​ក្រុមហ៊ុន​មកពី​ប្រទេស​ចិន និង​តំណាង​ដោយ​ក្រុមហ៊ុន Cambodian Petrochemical ដែល​ដឹកនាំ​ដោយ​លោក​ឧកញ៉ា ហាន់ ឃៀង។

យោងតាម​បណ្តាញ​សង្គម​របស់​ក្រសួង​រ៉ែ និង​ថាមពល បានឱ្យដឹងថា លោក Eiji Hagiwara នាយក​ផ្នែក​ស្រាវជ្រាវ និង​ផលិតកម្ម​នៃ​ក្រុមហ៊ុន Idemitsu Kosan Co., Ltd. ដែលជា​ក្រុមហ៊ុន​ដៃគូ​ជាមួយ​ក្រុមហ៊ុន Conoco Phillips (UK) Limited (មាន​ភាគហ៊ុន 66.66%) ជា​ក្រុមហ៊ុន​ទទួលបាន​កិច្ចព្រមព្រៀង​ប្រេងកាត​មាន​លក្ខខណ្ឌ​នៅ​តំបន់ I&II នៃ​តំបន់​ទាមទារ​ត្រួតគ្នា (OCA) ដែលជា​តំបន់​ត្រួតស៊ីគ្នា​រវាង​ប្រទេស​កម្ពុជា និង​ថៃ បានស្នើ​ឱ្យ​ភាគី​ទាំងពីរ​បន្ត​ជំរុញ​ការដោះស្រាយ​បញ្ហា ដើម្បី​ព​ន្លឿ​ន​ដល់​ការអភិវឌ្ឍ​វិស័យ​ប្រេងកាត​ក្នុង​តំបន់​នោះ។

ក្រសួង​រ៉ែ និង​ថាមពល ក៏បាន​បង្ហាញថា ក្រុមហ៊ុន Idemitsu Kosan Co., Ltd. តែងតែ​បញ្ជូន Dr. Shiga អតីត​នាយក​ផ្នែក​ស្រាវជ្រាវ និង​ផលិតកម្ម​ឱ្យមកធ្វើ​ការបណ្តុះបណ្តាល​ដល់​មន្ត្រី​ប្រេងកាត​កម្ពុជា​ជា​ញឹកញាប់​ផងដែរ​ដើម្បី​ជា​សក្ខីភាព​ក្នុង​កិច្ចសហប្រតិបត្តិការ​ជាមួយគ្នា។ ក្នុងជំនួប​ជាមួយ​ឯកឧត្តម ស៊ុយ សែម តំណាង​ក្រុមហ៊ុន​បាន​លើកឡើងថា ក្រុមហ៊ុន​លោក​នឹង​បោះទុន​សម្រាប់​ការវិនិយោគ​ប្រេងកាត​នៅ​តំបន់​នោះ ប្រសិនបើ​ភាគី​កម្ពុជា និង​ភាគី​ថៃ​ចរចា​ត្រូវ​គ្នា។

ឯកឧត្តម ស៊ុយ សែម បាន​បញ្ជាក់ជូន​ប្រតិភូ​ជប៉ុន​ថា កាលពី​ថ្ងៃទី07 ខែកញ្ញា ឆ្នាំ2017 កន្លងមក​ឯកឧត្តម​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ថៃ​បាន​អញ្ជើញ​មក​ទស្សនកិច្ច​ជា​ផ្លូវការ​នៅ​កម្ពុជា ក្នុងពេលនោះ​ប្រមុខ​រាជរដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ​បានចេញ​សេចក្តីថ្លែងការណ៍​រួមគ្នា​មួយ ដើម្បី​ជំរុញ​យន្តការ​នេះ​ឱ្យបាន​លឿន​នៅក្នុង​តំបន់​ប្រេងកាត​ត្រួតស៊ីគ្នា​នោះ។ ឯកឧត្តម​រដ្ឋមន្ត្រី បាន​បន្តថា ពាក់ព័ន្ធ​បញ្ហា​នេះ​ភាគី​កម្ពុជា​បាន​ខិតខំ​ប្រឹងប្រែង​យ៉ាងខ្លាំង នឹង​ឈានទៅដល់​ការចរចា​ម្តង​ពីរដង​រួចមកហើយ ក្នុងនោះ​ភាគី​ថៃ​ហាក់​សម្តែង​នូវ​ការទទួលយក ប៉ុន្តែ​ជា​លទ្ធផល​គឺ​ពុំ​បានចេញ​ជា​ផ្លៃ​ផ្កា​នោះឡើយ ដោយ​អ្នកបច្ចេកទេស​ថៃ​តែងតែ​ទាញយក​បញ្ហា​ព្រំដែន គឺ​ចង់ឱ្យមាន​ការកំណត់​ព្រំដែន​ជាមុន ចំណែក​ភាគី​កម្ពុជា​វិញ​ចង់ទុក​រឿង​ព្រំដែន​ដោះស្រាយ​ជា​ក្រោយ ហេតុនេះ​ការជជែក​វែកញែក​នោះ​មិនបាន​ត្រូវ​គ្នា​ឡើយ ដែល​បាន​បន្ត​ទុក​មកដល់​សព្វថ្ងៃនេះ។

តំបន់​ទាមទារ​ត្រួតគ្នា (OCA) ត្រូវបាន​ចែកចេញជា 4តំបន់ ក្នុងនោះ​តំបន់1 និង​តំបន់2 ស្ថិតក្រោម​ការ​ស្វែង​រុករក​ប្រេងកាត​របស់​ក្រុមហ៊ុន អ៊ី​ដឹ​ម មី​ត​ស៊ុយ កូ​សាន និង​ក្រុមហ៊ុន​កូ​នី​កូ ហ្វី​លៀប របស់​អាមេរិក ដែល​បាន​ចុះ​កិច្ចព្រមព្រៀង​រួមគ្នា​មាន​លក្ខខណ្ឌ​តាំងពី​ឆ្នាំ1997 ចំណែក​តំបន់3 ក្រុមហ៊ុន​តូ​តា​ល់ និង​តំបន់4 ក្រោម​ការវិនិយោគ​រប​ស់​ក្រុមហ៊ុន សី​នុ ប្រទេស​ចិន។ បច្ចុប្បន្ន​តំបន់​ទាំង4នេះ​ស្ថិតនៅក្នុង​តំបន់ ស នៅឡើយ៕

Leave a Reply

Your email address will not be published. Required fields are marked *