ផលិតកម្មឥន្ទ្រានិម្មិតធ្លាប់ទទួលបានការគាំទ្រពីមហាជនជា ពិសេសពួកគេកំពុងតែរងចាំទស្សនារឿង «សសរកន្លោង» យ៉ាងអន្ទះសារដែលនឹងចាក់បញ្ចាំងជាផ្លូវការនៅថ្ងៃនេះ។ កាលពីម្សិលម៉ិញលោក ចាន់ណា រ៉ូណាន់ អ្នកដឹកនាំរឿងនេះបានថ្លែងនៅក្នុងពិធីសម្ពោធរឿង «សសរកន្លោង» រហូតធ្វើឱ្យអ្នកគាំទ្រខ្លួនមានអារម្មណ៍ក្ដុកក្ដួលចិត្ដជាខ្លាំង។
តើចាន់ណា រ៉ូណាន់ បាននិយាយអ្វីទៅកាន់អ្នកគាំទ្ររបស់ខ្លួន? ខណៈមានសិល្បករសិល្បការិនី ជាច្រើនបានចូលរួមក្នុងកម្មវិធីសម្ពោធរឿង និងមានមហាជនបានចោមរោមមើលពេលនោះលោកចាន់ណា រ៉ូណាន់ បានឡើងថា រឿង«សសរកន្លោង»ជាស្នាដៃចុងក្រោយរបស់លោកហើយ។
លោកចាន់ណា រ៉ូណាន់ បញ្ជាក់ថា ទោះបីជាលោកដឹងថា រឿងនេះមានគុណភាពល្អទទួលបានការសរសើរពីក្រសួងវប្បធម៌និងវិចិត្រសិល្បៈព្រមទាំងមានសន្ទុះនៃការគាំទ្រខ្លាំងជាងរឿង «កំណត់ហេតុនាងនាថ» ដែលជារឿងបានបំបែកឯកតកម្មក្នុងការរកប្រាក់ចំណូលបានច្រើនក៏ពិតមែន ប៉ុន្ដែបន្ទាប់ពីប្រតិបត្ដិការដាក់បញ្ចាំងរឿង «សសរកន្លោង»បានចប់សព្វគ្រប់លោកនឹងដកខ្លួនចេញពីសិល្បៈលែងផលិតភាពយន្ដទៀតហើយ។ លោកបន្ដថា ការចាកចេញវាមិនមែនកើតឡើងដោយសារតែមានជំលោះ ឬការអន់ចិត្ដជាមួយនរណាម្នាក់ទេ ប៉ុន្ដែលោកបង្វែរទិសដៅមួយរយៈទៅរកស៊ីមួយរយៈធំ គ្រាដែលលោកដឹងថា ការរកស៊ីក៏បង្កើតប្រាក់ចំណូលសម្រាប់លោកច្រើនដែរ។ រីឯហេតុពាក់ព័ន្ធជុំវិញការប្រមូលពន្ធដារទៅលើវិស័យភាពយន្ដនោះ គឺជារឿងបន្ទាប់បន្សំតែប៉ុណ្ណោះព្រោះបច្ចុប្បន្នក្រសួងវប្បធម៌កំពុងជួយផលិតករ ដោយបានធ្វើសំណើរសុំការលើកលែងពន្ធដាររហូតដល់10ឆ្នាំតែលទ្ធផលយ៉ាងណានៅមិនទាន់ដឹងនៅឡើយទេ។
រឿង«សរសរកន្លោង» បានលើកឡើងពីក្ដីស្រលាញ់របស់បងប្អូនដែលត្រូវមើលថែគ្នា ខណៈពួកគេគ្រួសារកំព្រាឪពុក ម្ដាយ។រឿងនេះក៏បានដកស្រង់បានដកស្រង់ឈុតឆាកនាសម័យបារាំងលាយបញ្ចូលគ្នាជាមួយសម័យកាលបច្ចុប្បន្ន និងមានលាយឡំឈុតឆាកខ្មោចដែលមានតុបតែងប្លែកគួរឱ្យភ័យរន្ធត់គួបផ្សំប្លង់ថត រូបភាព បច្ចេកទេសបានធ្វើឱ្យមានការចាប់អារម្មណ៍ជាខ្លាំងពីមហាជន។
អ្នកដឹកនាំរឿងរូបនេះ បញ្ជាក់ថា ប្រសិនបើថ្ងៃណាមួយមានហេតុផលណាដែលជំរុញឱ្យលោកងាកមកផលិតភាពយន្ដវិញលោកនឹងត្រលប់មកវិញ។ លោកបន្ដថា៖ «តែបើត្រលប់មកកាន់វិថីសិល្បៈជាលើកទីពីរខ្ញុំនឹងបង្កើតផលិតកម្មថ្មីមួយដែលមិនធ្វើជាលក្ខណៈទ្រង់ទ្រាយតូចដូច្នេះទេ ខ្ញុំនឹងរកដៃគូសហការគ្នាធ្វើរឿងឱ្យមានទ្រង់ទ្រាយធំនិងរឹងមាំជាងនេះ»៕