ទួរប៊ីនខ្យល់សមុទ្រកម្លាំង 16 ម៉េហ្កាវ៉ាត់ ដែលត្រូវបានក្រុមវិស្វាករចិនចាប់ផ្ដើមដំឡើងនៅលំហសមុទ្រខេត្ត Fujian អាចផ្គត់ផ្គង់អគ្គិសនីដល់គ្រួសារចំនួន 36,000 គ្រួ ជារៀងរាល់ឆ្នាំ។
សកម្មភាពដំឡើងទួរប៊ីនផលិតអគ្គិសនីដើរដោយកម្លាំងខ្យល់សមុទ្រ បានចាប់ផ្ដើមឡើងនៅក្នុងខេត្ត Fujian ភាគអាគ្នេយ៍ប្រទេសចិន។ នេះបើតាម CGTN ចុះផ្សាយកាលពីថ្ងៃទី 25 មិថុនា។
ទួរប៊ីនដែលមានកម្លាំង 16 ម៉េហ្គាវ៉ាត់នេះ មានកម្ពស់ 146 ម៉ែត្រ គិតពីផ្ទៃទឹកសមុទ្រដល់ចំណុចកណ្ដាលរបស់រ៉ូទ័រ (rotor)។ កម្ពស់នេះប្រហាក់ប្រហែលនឹងអគារ 50 ជាន់។ ទួរប៊ីនដែលសហការផលិតដោយក្រុមហ៊ុន CTGC និងក្រុមហ៊ុន Goldwind ក៏មានស្លាបកង្ហារដែលមានអង្កត់ផ្ចតប្រវែង 252 ម៉ែត្រ វែងជាងគេលើពិភពលោក។
នៅពេលមានខ្យល់ខ្លាំង ទួរប៊ីននេះអាចផលិតអគ្គិសនីបាន 34.2 គីឡូវ៉ាត់ម៉ោង បន្ទាប់ពីកង្ហារវិលបានមួយជុំ និងអាចផ្គត់ផ្គង់តម្រូវការរបស់គ្រួសារចំនួន 36,000 គ្រួ ហើយជួយសំចៃធ្យូងថ្មបាន 22,000 តោន ក៏ដូចជាកាត់បន្ថយការបំភាយឧស្ម័នកាបូនបាន 54,000 តោន/ឆ្នាំ៕