ចង្រិត Mormon ដែលស៊ីសាច់គ្នាឯង កំពុង «សម្រុក» ចូលទីក្រុង Elko របស់រដ្ឋ Nevada ក្នុងទ្រង់ទ្រាយធំ បាន និងកំពុងពង្រាយខ្លួនពេញដងផ្លូវល្បឿនលឿន វាលស្មៅ និង «ឡោមព័ទ្ធ» ទីលំនៅរបស់ប្រជាជន។
ទីក្រុង Elko របស់រដ្ឋ Nevada ប្រឈមមុខនឹងទិដ្ឋភាពដូចទៅនឹងភាពយន្តរន្ធត់ នៅពេលហ្វូងចង្រិតក្រហមដូចឈាមកំពុងចូលមកកាន់កាប់ស្ទើរគ្រប់ច្រកល្ហក។ ចង្រិត Mormon មិនបង្កគ្រោះថ្នាក់ដល់មនុស្សដោយផ្ទាល់ ប៉ុន្តែវត្តមានរបស់ពួកវាធ្វើឱ្យប្រជាជនមានការព្រួយបារម្ភ។ នេះបើតាម Interesting Engineering ចុះផ្សាយនៅថ្ងៃទី 26 មិថុនានេះ។
ចង្រិត Mormon មានឈ្មោះក្នុងវិទ្យាសាស្ត្រថា Anabrus simplex។ វាគឺជាសត្វល្អិតគ្មានស្លាបដែលមានប្រភពនៅពាក់កណ្ដាលភាគខាងជើងរបស់អាម៉េរិកខាងជើង។
ជាធម្មតា ក្នុងមួយឆ្នាំ ចង្រិតញីនឹងបង្កើតកូនបានមួយលើក។ ក្រោយមក ពួកវាប្រមូលផ្ដុំគ្នា ផ្លាស់ទី និងស៊ីដំណាំនៅតាមផ្លូវពេលធ្វើដំណើរ។ ក៏ប៉ុន្តែ ឆ្នាំនេះ ពួកវានាំគ្នាចូលមកក្នុងទីប្រជុំជន និងទីក្រុង រួមមាន Elko ជាដើម បង្កឱ្យមានការព្រួយបារម្ភពីប្រជាជន។ ក្រុមអ្នកជំនាញវាយតម្លៃថា ចង្រិតរាប់លានក្បាលចូលមកកាន់ទីក្រុង Elko នៅរដូវក្ដៅនេះ។
បើទោះជាមិនគំរាមកំហែងដល់មនុស្ស ប៉ុន្តែចង្រិត Mormon មានក្លិនអាក្រក់ និងជាសត្វល្អិតដែលអាចស៊ីសាច់គ្នាឯង។ នៅពេលចង្រិតណាមួយត្រូវឡានកិន ពួកដែលនៅក្បែរនោះតែងលោតចូលមកដណ្ដើមគ្នាស៊ី បង្កើតបានជាទិដ្ឋភាពមួយដ៏គួរឱ្យខ្លាច។
វត្តមានក្នុងទ្រង់ទ្រាយធំរបស់ចង្រិតនេះ នាំឱ្យមន្ទីរពេទ្យ និងកន្លែងអាជីវកម្មនានាត្រូវបញ្ជូនមនុស្សទៅចាត់ការ បើទោះមិនសូវទទួលបានលទ្ធផលល្អ៕