ការចិញ្ចឹមកូននាយុគបច្ចុប្បន្ននេះមើលទៅវាហាក់ដូចជាក្លាយជាបញ្ហាចំពោះឪពុកម្តាយខ្លាំងណាស់ថា តើត្រូវចិញ្ចឹមកូនយ៉ាងណាឱ្យពូកែ ឱ្យអច្ឆរិយៈ ដែលភាគច្រើននឹងសង្កត់ធ្ងន់លើការអភិវឌ្ឍខួរក្បាល ព្រោះសង្គមសម័យនេះត្រូវការតែមនុស្សឆ្លាត មានភាពរហ័សរហួនវាងវៃ និងទាន់សម័យទើបអាចរស់នៅយ៉ាងមានសុវត្ថិភាពកណ្តាលស្ថានភាពប្រែប្រួលខាងសេដ្ឋកិច្ចបែបនេះបាន។
តែយើងភ្លេចហើយថា លោកតា លោកយាយរបស់យើងតែងតែឱ្យពរកូនចៅឱ្យ “រស់នៅសប្បាយ មានសេចក្តីសុខ” ឬ “ត្រជាក់ត្រជុំ សុខសប្បាយ” ច្រើនជាងឱ្យពរថា ឱ្យក្លាយជាមនុស្សអច្ឆរិយៈ ព្រោះលោកឆ្លងកាត់ជីវិតមកច្រើន និងដឹងថា អច្ឆ-រិយៈតែម្យ៉ាងមិនគ្រប់គ្រាន់ទេសម្រាប់ការតម្រង់ជីវិតឱ្យរស់នៅប្រកបដោយជោគជ័យ និងមានសេចក្តីសុខនោះ ដូច្នេះក្មេងក្នុងយុគសម័យថ្មីដែលនឹកសង្ឃឹមថា នឹងក្លាយជាមនុស្ស “ពូកែ ល្អ និងមានសេចក្តីសុខ” សម្បូរទាំងIQ និងEQនោះ សាកល្បងពិចារណាមើលពីការពិតនៃជីវិតដែលអ្នកមានចំណេះដឹងខាងការចិញ្ចឹមថែទាំក្មេងបានរៀបរៀងទុកយ៉ាងគួរឱ្យចាប់អារម្មណ៍ដូចខាងក្រោមនេះ៖
បើចិញ្ចឹមកូនដោយការទទួលយកនូវអ្វីដែលគេមាន គេនឹងក្លាយជាមនុស្សដែលពេញចិត្តចំពោះខ្លួនឯង។ បើចិញ្ចឹមកូនដោយការផ្តល់កម្លាំងចិត្ត គេនឹងក្លាយជាមនុស្សដែលជឿជាក់លើខ្លួនឯង។ បើចិញ្ចឹមកូនដោយភាពយុត្តិធម៌ គេនឹងក្លាយជាមនុស្សមានចិត្តធម៌។ បើចិញ្ចឹមកូនដោយភាពជាមិត្ត គេនឹងមានសេចក្តីស្រឡាញ់ និងក្តីមេត្តាចំពោះមិត្តមនុស្សដូចគ្នា។ បើចិញ្ចឹមកូនដោយសេចក្ដីស្រឡាញ់ និងភាពកក់ក្តៅ គេនឹងក្លាយជាមនុស្សដែលមានចិត្តសទ្ធាក្នុងជីវិត។ បើចិញ្ចឹមកូនដោយពាក្យស្តីបន្ទោសទិតៀន គេនឹងក្លាយជាមនុស្ស
បរាជ័យក្នុងជីវិត។ បើចិញ្ចឹមកូនដោយភាពច្រងេងច្រងាង គេនឹងធំឡើងក្លាយជាមនុស្សព្រហើនមិនដឹងខុសត្រូវ។ បើចិញ្ចឹមកូនដោយក្តីបញ្ជោះបន្សោកចំអកឡកឡាយ គេនឹងក្លាយជាមនុស្សអៀនខ្មាសច្រើន និងខ្លាច។ បើចិញ្ចឹមកូនដោយក្តីអៀនខ្មាស គេនឹងក្លាយជាមនុស្សមិនទុកចិត្តលើខ្លួនឯង។ បើចិញ្ចឹមកូនដោយភាពឧស្សាហ៍ព្យាយាម គេនឹងក្លាយជាមនុស្សស៊ូទ្រាំអត់ធន់។ បើចិញ្ចឹមកូនដោយក្តីកោតសរសើរ គេនឹងក្លាយជាមនុស្សដែលជ្រួតជ្រាបក្នុងគុណតម្លៃ។
សូមឱ្យមិត្តអ្នកអានគ្រប់រូបឈប់គិតពីរឿងផ្សេងមួយភ្លែត និងនៅស្ងៀម1នាទីដើម្បីពិចារណាពីចំណុចណែនាំរបស់អ្នកមានចំណេះដឹងក្នុងការចិញ្ចឹមមើលថែកុមារ និងវិភាគមើលពីបញ្ហាដែលនឹងនាំមកនូវបញ្ញាដែលស័ក្តិសម និងត្រឹមត្រូវតទៅទៀត៕