ទួរប៊ីនខ្យល់ (Wind Turbine) សម្រាប់ដំឡើងលើសមុទ្រកម្លាំង 16 មេហ្គាវ៉ាត់ មានស្លាប់ដែលមានអង្កត់ផ្ចិតប្រវែង 252 ម៉ែត្រ និងវិលក្នុងផ្ទៃក្រឡា 50,000 ម៉ែត្រការ៉េ អាចផ្ដល់អគ្គិសនីសម្រាប់តម្រូវការរបស់គ្រួសារប្រមាណ 36,000 គ្រួ។
ផ្នែកនីមួយៗរបស់ទួរប៊ីនកម្លាំង 16 មេហ្គាវ៉ាត់នេះសុទ្ធតែជាប្រភេទធំជាងគេបង្អស់លើពិភពលោក និងត្រូវបានលើកដាក់លើប៉ាល់នៅខេត្ត Fujian ប្រទេសចិន កាលពីថ្ងៃទី 17 មិថុនា។ ទួរប៊ីនខ្យល់នេះស្ថិតក្នុងកិច្ចប្រឹងប្រែងដើម្បីប្ដូរទៅរកថាមពលស្អាតរបស់ប្រទេសចិន។
ដោយស្លាបកង្ហារមានអង្កត់ផ្ចិតប្រវែង 252 ម៉ែត្រ ទួរប៊ីននេះបក់ខ្យល់ក្នុងផ្ទៃក្រឡា 50,000 ម៉ែត្រការ៉េ ប្រហាក់ប្រហែលនឹងទីលានបាល់ទាត់ស្ដង់ដាចំនួន 7។ ក្នុងស្ថានភាពមានខ្យល់ខ្លាំង ទួរប៊ីននេះអាចផលិតអគ្គិសនីបាន 34.2 គីឡូវ៉ាត់ម៉ោងបន្ទាប់ពីស្លាបកង្ហារវិលបានមួយជុំ។ ជាមធ្យមក្នុងមួយឆ្នាំ ទួរប៊ីននេះអាចផលិតអគ្គិសនីបានជាង 66 លានគីឡូវ៉ាត់ម៉ោង អាចផ្គត់ផ្គង់ដល់តម្រូវការរបស់គ្រួសារចំនួន 36,000 គ្រួ ជួយសន្សំសំច័យធ្យូងថ្មបាន 22,000 តោន និងកាត់បន្ថយឧស្ម័នកាបូនឌីអុកស៊ីដចំនួន 54,000 តោន។
ការត្រៀមសម្រាប់ដឹក និងដំឡើងទួរប៊ីនខ្យល់របស់ក្រុមហ៊ុន Three Gorges Fujian
Sheng Lei អគ្គនាយករងរបស់ក្រុមហ៊ុនគ្រប់គ្រងតំបន់ឧស្សាហកម្មអន្តរជាតិផលិតអគ្គិសនីពីខ្យល់លើសមុទ្រ Three Gorges Fujian (Fujian Three Gorges Offshore Wind Power International Industrial Park Operations) ឱ្យដឹងថា ក្រុមហ៊ុននេះបានរៀបគម្រោងដឹកជញ្ជូន និងគម្រោងបន្ទាន់ពេលមានបញ្ហាអាកាសធាតុរួចរាល់ហើយ មុននឹងដឹកគ្រឿងទួរប៊ីនទៅកាន់គោលដៅ។
ក្រោយពីត្រូវបានដំឡើង និងដំណើរការនៅលើសមុទ្រ នេះនឹងជាទួរប៊ីនខ្យល់សមុទ្រធំជាងគេបង្អស់លើពិភពលោក។ គ្រឿងបង្គុំរបស់ទួរប៊ីននេះសុទ្ធតែត្រូវបានអភិវឌ្ឍក្នុងស្រុក។ វាក៏បំពាក់មុខងារឆ្លាតវៃជាច្រើនដើម្បីដំណើរការឱ្យបានសមស្របបំផុត។
គិតត្រឹមចុងខែមេសា 2023 ប្រទេសចិនបានដំឡើងបណ្ដាញទួរប៊ីនខ្យល់ដែលមានកម្លាំងផលិតអគ្គិសនីសរុប 380 លានគីឡូវ៉ាត់៕