ធនធានមនុស្សជាផ្នែកយ៉ាងសំខាន់សម្រាប់ក្នុងការអភិវឌ្ឍប្រទេស ហើយបច្ចុប្បន្ននេះ កម្ពុជាក៏កំពុងយកចិត្តទុកដាក់ខ្លាំងក្នុងការជំរុញឱ្យមានការអភិវឌ្ឍមូលធនមនុស្សដើម្បីធ្វើយ៉ាងណាឱ្យកម្ពុជាមានធនធានគ្រប់គ្រាន់សម្រាប់បម្រើឱ្យវិស័យនានាដែលកំពុងរីកចម្រើន។ ទោះជាយ៉ាងនេះក្តី ជាទូទៅក៏គេសង្កេតឃើញមានបញ្ហាប្រឈមខ្លះដែរដែលជាឧបសគ្គក្នុងវិស័យធនធានមនុស្សនៅកម្ពុជា។
ឯកឧត្តម ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា បានលើកឡើងថា នៅកម្ពុជាមានបញ្ហាមួយ គឺគ្រឹះស្ថានអប់រំមិនទាន់អាចឆ្លើយតបបានទាំងស្រុងទៅនឹងតម្រូវការទីផ្សារការងារលើជំនាញមួយចំនួន ជាពិសេសជំនាញទន់។ សិស្ស និស្សិតដែលបានបញ្ចប់ការសិក្សានៅមហាវិទ្យាល័យនៅខ្វះសមត្ថភាពក្នុងការធ្វើការងារជាក្រុម ការធ្វើការដោះស្រាយបញ្ហា និងភាពជាអ្នកដឹកនាំជាដើម ហើយទាំងអស់នេះជាជំនាញសំខាន់ដែលអ្នកវិនិយោគបានលើកឡើងពីតម្រូវការធនធានមនុស្សនៅកម្ពុជា។
លោក គង់ ភូមីកា ប្រធាននាយកដ្ឋានឧត្តមសិក្សានៃក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា បញ្ហាប្រឈមនៃវិស័យធនធានមនុស្សបច្ចុប្បន្នគឺ ភាពមិនស៊ីគ្នានៃតម្រូវការ និងការផ្គត់ផ្គង់ធនធានមនុស្ស។ និស្សិតជាច្រើនបានសិក្សាលើជំនាញគ្រប់គ្រង ឬធុរកិច្ច ដែលជាទីផ្សារការងារមួយប្រកួតប្រជែងខ្លាំង ឬជាទីផ្សារការងារដែលមានតម្រូវការតិច ខណៈមាននិស្សិតតិចតួចប៉ុណ្ណោះដែលសិក្សាលើជំនាញបច្ចេកទេសដែលកំពុងមានតម្រូវការទីផ្សារខ្ពស់។
ងាកមកអ្នកជំនាញពីក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈវិញ ឯកឧត្តម ពេជ សោភ័ន បានលើកឡើងថា បញ្ហានិស្សិតមិនសូវជ្រើសរើសជំនាញបច្ចេកទេស ជាបញ្ហាប្រឈមមួយដែលធ្វើឱ្យប្រទេសយើងខ្វះអ្នកជំនាញក្នុងការអភិវឌ្ឍ ឬបម្រើការងារក្នុងសហគ្រាសនីមួយៗ រួមទាំងវិស័យសំណង់ផងដែរ។ គម្រោងសាងសង់ជាច្រើនបានជ្រើសរើសបុគ្គលិកដែលជាជនជាតិបរទេសក្នុងតម្លៃថ្លៃ ដើម្បីបម្រើការងារ ព្រោះថា នៅកម្ពុជាអ្នកដែលសិក្សាលើជំនាញបច្ចេកទេស ឬមធ្យមបច្ចេកទេសមានចំនួនតិចតួចនៅឡើយ។
លោក ងួន ប៊ុននិត អគ្គនាយកក្រុមហ៊ុនធនធានមនុស្ស Idea plus បានលើកឡើងថា បញ្ហាដែលបណ្តាលឱ្យមានផលប៉ះពាល់លើវិស័យធនធានមនុស្សកម្ពុជា គឺយុវជនជាច្រើនមិនទាន់យល់ដឹងឱ្យបានទូលំទូលាយពីការជ្រើសរើសជំនាញសិក្សានៅមហាវិទ្យាល័យ ព្រោះពួកគេខ្វះអ្នកប្រឹក្សាយោបល់ និងមិនមានអ្នកជំនាញផ្នែកទីផ្សារការងារនៅក្នុងតំបន់របស់ពួកគាត់ ដែលធ្វើឱ្យនិស្សិតជ្រើសរើសជំនាញតាមគ្នាច្រើន និងមិនសូវមានគុណភាពខ្លាំងនៅពេលដែលចេញមកធ្វើការពិតប្រាកដ។
សម្រាប់អ្នកអប់រំវិញម្តង លោក សាន្ត ចន្ទកុម្ភៈ នាយកបណ្តុះបណ្តាលនៃវិទ្យាស្ថានហិរញ្ញវត្ថុកម្ពុជា បានលើកឡើងថា ការសិក្សារបស់និស្សិតបច្ចុប្បន្ន គឺនៅមានឧបសគ្គខ្លះលើការអនុវត្ត។ សាលាមួយចំនួន រួមទាំងនិស្សិតខ្លួនឯងផ្ទាល់គឺសិក្សាច្រើនតែលើទ្រឹស្តី ហើយមិនសូវអនុវត្តផ្ទាល់ឱ្យបានច្រើនលើជំនាញដែលខ្លួនកំពុងសិក្សា ដែលកត្តានេះធ្វើឱ្យក្រុមហ៊ុនដែលជ្រើសរើសពួកគេទៅធ្វើការត្រូវចំណាយច្រើនលើការបណ្តុះបណ្តាល ឬពិបាកក្នុងការជ្រើសរើសបុគ្គលិកទៅធ្វើការ។
បណ្ឌិត ឯក មនោសែន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យធនធានមនុស្ស បានថ្លែងនៅក្នុងសិក្ខាសាលាស្តីពីការជ្រើសរើសជំនាញសិក្សានៅមហាវិទ្យាល័យថា និស្សិតជាច្រើននៅកម្ពុជាមិនស្គាល់ពីភាពលម្អិតនៃមុខវិជ្ជានីមួយៗ ឬស្គាល់មុខជំនាញតិច ទើបធ្វើឱ្យពួកគេត្រូវជ្រើសរើសមុខជំនាញដដែលៗ ហើយខ្លះទៀតថែមទាំងជ្រើសរើសជំនាញខុសទៀតផង។ ជាក់ស្តែង និស្សិតជាច្រើនបានយល់ខុសថា គ្រប់ការងារពាក់ព័ន្ធនឹងកុំព្យូទ័រ គឺសុទ្ធតែត្រូវរៀនព័ត៌មានវិទ្យាជាដើម ដែលពេលខ្លះពួកគេត្រូវរៀនមុខវិជ្ជាមួយចំនួនដែលមិនសូវពាក់ព័ន្ធ ហើយកត្តានេះអាចធ្វើឱ្យប៉ះពាល់ដល់ការអភិវឌ្ឍសមត្ថភាពរបស់ពួកគេផ្ទាល់៕