ការចំណាយពេលយូរក្នុងការបញ្ចូលថាមពលថ្មគឺជារឿងដែលត្រូវបានរិះគន់បំផុតរបស់រថយន្តអគ្គិសនី មិនថាជាប្រភេទទំនើប ឬតម្លៃថ្លៃ ហើយវាមិនអាចយកឈ្នះលើរថយន្តប្រើម៉ាស៊ីនចំហេះក្នុង នាបច្ចុប្បន្ន។ ប៉ុន្តែ ពេលនេះមានក្រុមហ៊ុនមួយបានប្រកាសព័ត៌មានដ៏ប្រសើរសម្រាប់រថយន្តអគ្គិសនី។
ក្រុមហ៊ុន Nyobolt ដែលជាអ្នកអភិវឌ្ឍថ្មផ្ទុកអគ្គិសនី មានទីស្នាក់ការកណ្ដាលនៅចក្រភពអង់គ្លេស បានប្រកាសថា ពួកគេមានបច្ចេកវិទ្យាថ្មី អនុញ្ញាតឱ្យបញ្ចូលថាមពលអគ្គិសនីបានរហ័សបំផុត។ ក្រុមហ៊ុននេះកំពុងដាក់តាំងបង្ហាញរថយន្តប្រភេទកីឡាគំរូមួយគ្រឿងដែលដំណើរការដោយអគ្គិសនី បំពាក់ថ្មផ្ទុកថាមពលដែលអាចបញ្ចូលអគ្គិសនីមួយពេញក្នុងរយៈពេលមិនដល់ 6 នាទី។
រថយន្តគំរូនេះមានថ្ម 35 គីឡូវ៉ាតម៉ោង ដែលអាចឱ្យរត់បានចម្ងាយប្រហែល 250 គីឡូម៉ែត្រ ក្រោយពីបញ្ចូលអគ្គិសនីមួយពេញ នៅពេលត្រូវបានដំឡើងក្នុងរថយន្ត coupe កីឡា ដែលមានទម្ងន់ប្រហែលជាង 1,500 គីឡូក្រាម។
Nyobolt ប្រកាសថា ថ្មផ្ទុកថាមពលថ្មីរបស់ពួកគេត្រូវបានធ្វើតេស្តដោយការបញ្ចូលថាមពលអគ្គិសនីជាង 2,000 លើក និងទទួលបានលទ្ធផលល្អ។