(ប្រទេសចិន) – កំពូលតារាបាល់ទាត់ Lionel Mess បានបង្ហាញកំពូលថ្វីជើងរបស់ខ្លួននៅវិនាទីទី 79 ដែលបានជួយឱ្យក្រុមជម្រើសជាតិអាហ្សង់ទីនឈ្នះអូស្ត្រាលី 2-0 នៅក្នុងការប្រកួតមិត្តភាពនៅទីក្រុងប៉េកាំងប្រទេសចិន កាលពីព្រលប់ម្សិលមិញ។
គ្រាប់បាល់ឈ្នះរបស់ Messi កើតឡើងបន្ទាប់ពីខ្សែបម្រើ Enzo Fernadez ដណ្ដើមបានបាល់ពីកីឡាករអូស្ត្រាលី រួចបញ្ជូនទៅឱ្យប្រធានក្រុម។ Messi ទទួលបានបាល់នៅត្រង់ខ្សែកណ្ដាល អូសបាល់បញ្ច្រាសទិសរត់របស់គូប្រជែង នាំឱ្យកីឡាករអូស្ត្រាលីម្នាក់ដួល រួចទាត់ប្លោងសំដៅជ្រុងម្ខាង ផុតពីដៃអ្នកចាំទី Matthew Ryan។ គ្រាប់បាល់នេះពេញដោយស្ទីលរបស់ Messi ព្រោះកីឡាករនេះធ្លាប់រកបានគ្រាប់បាល់រាប់សិបគ្រាប់តាមរយៈវិធីទាត់បែបនេះនៅក្នុងអាជីព។
នេះគឺជាគ្រាប់បាល់ដែលរកបានឆាប់បំផុតក្នុងអាជីពរបស់ Messi ដោយសារកើតឡើងនៅក្នុងនាទីទីពីរ។ ក្នុង 90 នាទីនៃការប្រកួតមិត្តភាពរវាងអាហ្សង់ទីន និងអូស្ត្រាលី នៅប្រទេសចិន Messi គ្រាន់តែមិនអាចរកបានគ្រាប់បាល់នៅនាទីដំបូងប៉ុណ្ណោះ។ នៅក្នុង 807 គ្រាប់ដែល Messi រកបានក្នុងអាជីព មាន 45 គ្រាប់រកបានក្នុងពេលថែមម៉ោងតង់ទីពីរ និង 22 គ្រាប់ក្នុងពេលថែមម៉ោងតង់ទីមួយ។ ក្រៅពីនេះ ពេលវេលាដែល M10 រកបានគ្រាប់បាល់ច្រើនបំផុតក្នុង 90 នាទី គឺនៅនាទីទី 43 និង 55។
នៅពេល Messi ស៊ុតចូលទី ទស្សនិកជននៅឯកីឡដ្ឋានពលករក្នុងទីក្រុងប៉េកាំង នាំគ្នាស្រែកហ៊ោដូចទៅនឹងក្រុមជម្រើសជាតិចិនទើបតែបានទាត់ចូលទី។ ថ្វីបើទាត់នៅប្រទេសចិន ប៉ុន្តែការប្រកួតរវាងក្រុមជម្រើសជាតិអាហ្សង់ទីន និងអូស្ត្រាលី ទទួលបានការគាំទ្រពីទស្សនិកជនជិត 70,000 នាក់នៅឯកីឡដ្ឋាន។ ទស្សនិកជនភាគច្រើនពាក់អាវ M10 របស់ Messi ដើម្បីលើកទឹកចិត្តក្រុមអាហ្សង់ទីន។
ដោយសារតែកម្លាំង និងបច្ចេកទេសខ្លាំងក្លា អាហ្សង់ទីនក៏រកបានមួយគ្រាប់ទៀតនៅនាទីទី 68 ហើយនេះក៏ជាគ្រាប់បាល់ដែលកំណត់ឱ្យអាហ្សង់ទីនឈ្នះអូស្ត្រាលី 2-0។ គ្រាប់បាល់នេះក៏មានការរួមចំណែកពី Messi នៅពេលគាត់បញ្ជូនបាល់ឱ្យ Rodrigo de Paul ដើម្បីឱ្យខ្សែបម្រើនេះប្លោងបាល់បន្ត ជួយឱ្យ German Pezzella តែតបញ្ចូលទីបានសម្រេច។
បន្ទាប់ពីការប្រកួតនេះ អាហ្សង់ទីននឹងហោះទៅកាន់ហ្សាការតា ដើម្បីប្រកួតមិត្តភាពជាមួយក្រុមឥណ្ឌូណេស៊ី ប៉ុន្តែ Messi ទំនងជានឹងអវត្តមាន។ ព្រោះថា គាត់បានយល់ព្រមលេងបាល់ក្នុងការប្រកួតផ្ដល់កិត្តិយស និងសម្ដែងការដឹកគុណដល់អតីតខ្សែបម្រើ Juan Roman Riquelme នៅថ្ងៃទី 26 មិថុនា នៅអាហ្សង់ទីន៕