Kairan Quazi ដែលជាវិស្វករផ្នែកទន់ទើបតែបានចូលធ្វើការឱ្យក្រុមហ៊ុន SpaceX មិនអាចចូលប្រើប្រាស់បណ្ដាញសង្គមការងារ LinkedIn ដោយសារតែមានអាយុទើបតែ 14 ឆ្នាំ។
កាលពីថ្ងៃទី 14 មិថុនា Kairan Quazi បានបង្ហោះរូបថតអេក្រង់ស្ដីពីប្រកាសរបស់ LinkedIn នៅលើ Instagram។ ប្រកាសនោះប្រាប់ថា គណនីរបស់ Kairan ត្រូវបានរារាំងព្រោះតែមានអាយុតិចជាងលក្ខខណ្ឌរបស់ LinkedIn។ បណ្ដាញសង្គមរបស់ Microsoft នេះ ទាមទារឱ្យអ្នកប្រើប្រាស់ត្រូវមានអាយុចាប់ពី 16 ឆ្នាំឡើងទៅ។
LinkedIn ឱ្យដឹងថា វិស្វករវ័យក្មេងខាងលើនឹងបានចូលប្រើប្រាស់ឡើងវិញ បន្ទាប់ពីមានអាយុគ្រប់ 16 ឆ្នាំ។ Kairan ប្រើប្រាស់បណ្ដាញសង្គមនេះដោយមានការបង់ប្រាក់ ប៉ុន្តែ LinkedIn ថា នឹងសងប្រាក់នោះត្រឡប់មកវិញ។
Kairan Quazi បានសម្ដែងការមិនពេញចិត្តចំពោះគោលការណ៍របស់ LinkedIn។ កុមាររូបនេះចោទថា បណ្ដាញសង្គមរបស់ Microsoft រើសអើងវ័យចំពោះកុមារ។
Kairan Quazi កើតឆ្នាំ 2009 នៅ California សហរដ្ឋអាម៉េរិក។ វ័យ 11 ឆ្នាំ Kairan បានចូលសាកលវិទ្យាល័យ Santa Clara រៀនជំនាញវិទ្យាសាស្ត្រ និងបច្ចេកទេសកុំព្យូទ័រ។
LinkedIn គឺជាបណ្ដាញសង្គមផ្នែកទិន្នន័យអាជីព ការងារ និងផ្សារភ្ជាប់ជាមួយនឹងមុខរបរ ធំជាងគេលើពិភពលោក ហើយក៏ជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Microsoft។ គិតត្រឹមខែមីនា 2023 បណ្ដាញសង្គមនេះមានសមាជិកចូលរួមប្រើប្រាស់ជាង 900 លាននាក់ មកពីប្រទេស និងដែនដីជាង 200 ក្នុងនោះក៏មានកម្ពុជាផងដែរ៕