Skip to content

តើ​ក្រសួង​សាធារណការ​បានធ្វើ​អ្វីខ្លះ​សម្រាប់​ការអភិវឌ្ឍ​ជាតិ​ក្នុង​រយៈពេលក្រោយៗនេះ?

ភ្នំពេញ៖ បន្ទាប់ពី​បាន​ផ្លាស់ប្តូរ​ការងារ​ពី​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម មកជា​រដ្ឋមន្ត្រីក្រសួង​សាធារណការ​វិញ មួយរយៈ​ចុងក្រោយ​នេះ​គេ​សង្កេតឃើញ​មាន​សមិទ្ធផលធំៗគួរឱ្យកត់សម្គាល់​មួយចំនួន​បាន​កើតឡើង​សម្រាប់​ការអភិវឌ្ឍ​ប្រទេសជាតិ ពិសេស​គឺ​ការធ្វើកំណែទម្រង់​ដាក់ QR Code នៅលើ​ស្លាក​លេខ​រថយន្ត និង​ម៉ូតូ ដែលមាន​មុនគេ​សម្រាប់​ប្រទេស​ក្នុង​តំបន់​អាស៊ី។

ក្នុង​ពិធី​ធ្វើ​ប​ឋ​កថា​បង្ហាញ​ទៅដល់​មន្ត្រីរាជការ សាស្ត្រាចារ្យ និស្សិត​ជាច្រើន​រយ​នាក់ និង​ព្រះសង្ឃ​ជាច្រើន​រយ​អង្គ​កាលពី​ម្សិលមិញ​នេះ ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បានធ្វើ​បច្ចុប្បន្នភាព​អំពី​សមិទ្ធផល​ការងារ​ដែល​សម្រេចបានសំខាន់ៗទាក់ទង​នឹង​ផែនការ​សកម្មភាព100ថ្ងៃ និង​កំណែទម្រង់​ដែល​កំពុង​បន្តធ្វើ​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន។

សមិទ្ធផល​ការងារ​សម្រេចបាន​ទាំងនោះ​រួមមាន៖ ការដាក់ឱ្យ​ដំណើរការ​មណ្ឌល​ប្តូរ និង​ពន្យារ​ប័ណ្ណបើកបរ​នៅ​ផ្សារ​ទំនើប AEON Mall ភ្នំពេញ ដោយ​ចំណាយពេល​ត្រឹមតែ15នាទី ដើម្បី​ទទួលបាន​ប័ណ្ណបើកបរ  ការបិទ​ស្លាក​សុវត្ថិភាព​ស្ទី​គ័​រ​ចំណាំង​ប្លាត​ពន្លឺ​ពេលយប់​ចំនួន3.4លាន​សន្លឹក យុទ្ធនា​ការចែក​មួកសុវត្ថិភាព  ការរៀបចំ​រចនាសម្ព័ន្ធ​អង្គការលេខ​របស់​ក្រសួង​ឡើងវិញ​ដើម្បី​បំពេញការងារ​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព ការដាក់ឱ្យ​ដំណើរការ​ចុះបញ្ជី​យានយន្ត​តាម​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​ការផ្តល់​ប័ណ្ណបើកបរ​យានយន្ត កម្មវិធី​យល់ដឹង​អំពី​ទ្រឹស្តី​នៃ​ការបើក​លើ​ទូរស័ព្ទ​ឈៀក​ចល័ត និង​ស្លាក​លេខ​យានយន្ត​ដែលមាន QR Code ដើម្បី​កាត់បន្ថយ​ការ​ក្លែងបន្លំ។

ឯកឧត្តម​ទេសរដ្ឋមន្ត្រី​ក៏បាន​លើកឡើង​ផងដែរ​អំពី​ការសាងសង់​ផ្លូវ​រថភ្លើង​ពី​ភ្នំពេញ​ទៅ​ព្រលានយន្តហោះ​ដើម្បី​កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍​ដែល​គ្រោង​ដាក់ឱ្យ​ដំណើរ​ក្នុងពេលឆាប់ៗ  ការដឹកជញ្ជូន​អ្នកដំណើរ​តាមផ្លូវ​ទឹក​ពី​ភ្នំពេញ​ទៅ​ខេត្តកណ្តាល ការរៀបចំ​ក្របខ័ណ្ឌ​ស្ថាប័ន​ទទួលបន្ទុក​ភ័ស្តុភា​រកម្ម​ដើម្បី​កាត់​បន្ថយថ្លៃ​ដឹកជញ្ជូន ការធ្វើសមាហរណកម្ម​ទូទាំងប្រទេស​តាមរយៈ​ការកសាង និង​ពង្រីក​បណ្តាញ​ផ្លូវ​ត​ភ្ជាប់ ការកសាង​ផ្លូវ​រថភ្លើង ការគ្រប់គ្រង​ការដឹកជញ្ជូន​លើស​ទម្ងន់​កំណត់ ការកសាង​កំពង់ផែ​ទឹក​ជ្រៅ ការ​លុប​ជង្ហុក​សម្បុកមាន់​លើផ្លូវ​នៅ​ទូទាំង 25រាជធានី-ខេត្ត តាមរយៈ​ការដាក់ឱ្យ​ដំណើរការ​រ៉ឺម៉ក​ដែល​បំពាក់​ដោយ​ឧបករណ៍​ចំនួន​ជាង300គ្រឿង និង​សម្ភារ​គ្រប់គ្រាន់​សម្រាប់​ចល័ត​ចុះ​ពិនិត្យ និង​ជួសជុល​ជង្ហុក​សម្បុកមាន់ភ្លាមៗក្នុង​គោលបំណង​ថែរក្សា​បណ្តាញ​ផ្លូវថ្នល់​របស់​យើង​ឱ្យ​ជាប់​បានយូរ។

ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានកត់សម្គាល់​អំពី​សារៈសំខាន់​នៃ​ការអនុវត្ត​ច្បាប់​ដើម្បី​ប្រជាជាតិ​កាន់​តែមាន​សុវត្ថិភាព និង​វិបុលភាព​ថែមទៀត និង​បាន​លើកទឹកចិត្ត​ឱ្យ​សិក្ខាកាម​ទាំងអស់​ចូលរួម​ឱ្យបាន​សស្រាក់សស្រាំ​ក្នុងការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក ដើម្បី​ជួយ​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ និង​ការកកស្ទះ​ចរាចរណ៍​នៅ​កម្ពុជា៕

Leave a Reply

Your email address will not be published. Required fields are marked *