ដោយប្រើប្រាស់ខ្ទង់វិនិយោគ 200 លានដុល្លារអាម៉េរិក ភាពយន្ត Transformers វគ្គ 7 មិនទាន់ជាគម្រោងដែលត្រូវចំណាយច្រើនបំផុតរបស់យីហោ Transformers នៅឡើយ ប៉ុន្តែ វាទទួលបានចំណាប់អារម្មណ៍ខ្លាំងដោយសារតែផ្នែករូបភាពត្រូវបានវិនិយោគច្រើន។
ធៀបនឹងវគ្គមុនៗ Transformers 7 (Transformers: Rise of the Beasts) មានប្រព័ន្ធតួអង្កសម្បូរបែប។ Transformers 7 បង្ហាញតួអង្គថ្មីជាច្រើន ដែលទាក់ទាញចំណាប់អារម្មណ៍របស់ទស្សនិកជនដែលស្មោះស្ម័គ្រ។ ក្នុងនោះ លេចធ្លោជាងគេគឺក្រុម Maximals ជាសម្ព័ន្ធមិត្តថ្មីរបស់ក្រុម Autobots ដែលមានក្រុមរ៉ូបូតអាចប្រែកាយជាសត្វសាហាវ។
ផលិតករបញ្ចេញតួអង្គថ្មីជាបន្តបន្ទាប់ ចាប់ពីស្វា Optimus Primal, សត្វឥន្ទ្រី Airazor, ខ្លា Cheetor និងរមាស Rhinox។ តួអង្គនីមួយៗសុទ្ធតែបង្ហាញខ្លួនក្នុងរូបរាងដ៏គួរឱ្យចាប់អារម្មណ៍តាំងពីដំបូង។
បច្ចេកទេសកុំព្យូទ័រដើរតួនាទីសំខាន់នៅក្នុងការបង្កើតតួអង្គរ៉ូបូតខ្នាតយក្ស។ គ្រប់តួអង្គរ៉ូបូតសុទ្ធតែមានភាពរស់រវើកដូចពិតៗ អមនឹងទិដ្ឋភាពប្រែកាយដ៏អស្ចារ្យ។
អ្នកដឹកនាំរឿង Steven Caple Jr. ក៏ដឹកនាំបានល្អនៅក្នុងទិដ្ឋភាពសកម្មនានា នាំមកនូវសកម្មភាពដេញតាម និងប្រយុទ្ធគ្នាដ៏គួរឱ្យជក់ចិត្ត។ កាន់តែជិតដល់ទីបញ្ចប់ ទិដ្ឋភាពផ្ទុះឆេះ វាយប្រហារក៏កាន់តែមានទ្រង់ទ្រាយធំឡើងៗ។
យោងតាមទិន្នន័យពី Comscore ដែលបានប្រកាសកាលពីថ្ងៃទី 11 មិថុនា “Transformers: Rise of the Beasts” រកប្រាក់ចំណូលបាន 170.5 លានដុល្លារក្នុងបីថ្ងៃនៅចុងសប្ដាហ៍ដំបូង ហើយគ្រោងនឹងរកបានច្រើនជាងនេះនាពេលខាងមុខ៕