ការប្រើប្រាស់ភាសាគឺជារឿងសំខាន់មួយដែលគ្រប់គ្នាកំពុងយកចិត្តទុកដាក់នៅកម្ពុជា ព្រោះថា មួយរយៈពេលចុងក្រោយនេះគេសង្កេតឃើញមានការបកស្រាយផ្សេងៗគ្នាជាច្រើន ពាក់ព័ន្ធនឹងកំហុសនៃការប្រើប្រាស់ភាសាតាមរយៈការសរសេរ ទាំងក្នុងឯកសារបោះពុម្ព និងលើបណ្តាញសង្គម។
ដើម្បីដោះស្រាយបញ្ហាទាំងអស់នេះ លោក ឈិន សីហា ប្រធានស្ថាបនិកក្លិបអក្សរសាស្ត្រខ្មែរ បានរៀបចំចងក្រងនូវ «សទ្ទានុក្រមសន្តានពាក្យខ្មែរទំនើប» ឡើងដោយលោកបានផ្តល់បទសម្ភាសលម្អិតជុំវិញការចងក្រង និងស្រាវជ្រាវដល់គេហទំព័រឡារ៉ែនដូចខាងក្រោមនេះ។
- មូលហេតុអ្វីបានជាលោកបង្កើតសទ្ទានុក្រមសន្តានពាក្យក្នុងភាសាខ្មែរទំនើបនេះឡើង?
ខ្ញុំបង្កើតសទ្ទានុក្រមក្នុងភាសាខ្មែរទំនើបនេះឡើងក្នុងគោលបំណងបង្កើតនូវសមិទ្ធផលម្យ៉ាងដែលអាចជាមូលដ្ឋាននៃការបង្កើតពាក្យក្នុងសម័យទំនើប។ ម្យ៉ាងវិញទៀត សទ្ទានុក្រមនេះក៏ជាប្រភពនៃទំនាក់ទំនងពាក្យ និងមេកាព្យដែលអាចជួយឱ្យប្រជាជនខ្មែរបានយល់ដឹង ព្រមទាំងងាយស្រួលក្នុងការបង្កើតសំណេរឱ្យបានល្អថែមទៀតផង។ លើសពីនេះទៅទៀត ឯកសារនេះក៏អាចជាគំនិតមួយសម្រាប់ពន្យល់ឱ្យបានយល់ពីផ្នត់ពាក្យក្លាយ និងពាក្យបន្ថែមដើម ឬបន្ថែមចុងផងដែរ ដើម្បីកុំឱ្យប្រជាជនយើងមានការយល់ច្រឡំ ហើយប្រើប្រាស់ខុស។
- តើសទ្ទានុក្រមនេះមានគុណតម្លៃយ៉ាងណាខ្លះដល់ប្រជាជនខ្មែរ?
សម្រាប់គុណតម្លៃនៃសទ្ទានុក្រមនេះគឺ អាចធ្វើឱ្យការប្រើប្រាស់ពាក្យរបស់យើងមានលក្ខណៈឯកភាពគ្នា ដែលកន្លងមកយើងតែងតែប្រើប្រាស់ទៅតាមទម្លាប់ និងមានការបកស្រាយផ្សេងៗគ្នា តែមិនមានឯកសារចងក្រងពីប្រភពនៃការប្រើប្រាស់ឱ្យបានច្បាស់លាស់។ វាក៏ជាមូលដ្ឋានក្នុងការបង្ហាញផ្លូវដល់អ្នកគ្រប់គ្នាឱ្យបានយល់ពីសញ្ញាណនៃពាក្យបុរាណ និងពាក្យទំនើប ដើម្បីធ្វើយ៉ាងណាឱ្យមានការរីកចម្រើន និងនិរន្តរភាពរបស់ភាសាជាតិយើង។
តាមរយៈសទ្ទានុក្រមនេះ ប្រជាជនខ្មែរនឹងអាចសិក្សាពីការប្រើប្រាស់ពាក្យបច្ចេកទេសយ៉ាងទូលំទូលាយ ដែលវាបង្ហាញឱ្យឃើញពីភាពចេះដឹងស្របពេលដែលយើងព្យាយាមលុបបំបាត់កំហុសផ្នែកការប្រើភាសាបន្តិចម្តង។
- តើលោកចំណាយពេលប៉ុន្មានដើម្បីចងក្រងឯកសារដ៏មានសារៈសំខាន់នេះឡើង? ហើយមានកត្តាប្រឈម និងឧបសគ្គអ្វីខ្លះក្នុងការនិពន្ធ និងចងក្រង?
ដើម្បីចងក្រងឯកសារដែលមានសារៈសំខាន់នេះឡើង ខ្ញុំត្រូវចំណាយពេលវេលាជាង1ឆ្នាំ តែគំនិតដែលគ្រោងបង្កើតសទ្ទានុក្រមនេះគឺមានតាំងពីខ្ញុំសិក្សាថ្នាក់បរិញ្ញាបត្រម្ល៉េះ។ ហើយបើនិយាយពីកត្តាប្រឈមវិញគឺមានមួយចំនួនដែរ ដូចជាពេលវេលាក្នុងការស្រាវជ្រាវហាក់មិនសូវអំណោយផលប៉ុន្មានទេ សម្រាប់អ្នកមមាញឹកដូចជារូបខ្ញុំដែលត្រូវបង្រៀនផង និងធ្វើកិច្ចការងារជាច្រើនផ្សេងទៀតផង។
មួយវិញទៀត ថវិកាក្នុងការស្រាវជ្រាវ និងការប្រមូលទិន្នន័យគឺជារឿងប្រឈមមួយដែរ ព្រោះសទ្ទានុក្រមនេះមានកម្រាស់ដល់ទៅជាង 800ទំព័រ ហើយប្រភពឯកសារទៀតសោតក៏មានលក្ខណៈផ្សេងៗគ្នាដែលត្រូវចំណាយទាំងពេលវេលា និងថវិកាដើម្បីស្រាវជ្រាវ។ ហើយបើមើលពីចំណេះដឹង និងបទពិសោធរួមទាំងការយល់ឃើញគឺនៅមានកម្រិត ដែលពេលខ្លះគឺត្រូវការចំណាយពេលវេលាយូរដើម្បីស្វែងរកឯកសារយោង ឬប្រឹក្សាយោបល់ឱ្យបានច្បាស់លាស់។
ចំពោះបញ្ហាបច្ចេកទេសវិញ ការលំបាកគឺពាក់ព័ន្ធនឹងការញែកប្រភព និងកំណើតរបស់ពាក្យ រួមទាំងបច្ចេកទេសក្នុងការរចនាសៀវភៅទាំងមូលផងដែរ ដើម្បីធ្វើយ៉ាងណាឱ្យមានភាពទាក់ទាញ ទាំងផ្នែកសោភ័ណភាព និងតម្លៃសម្រាប់ការអាន។
- តើលោករំពឹងថា សទ្ទានុក្រមសន្តានពាក្យក្នុងភាសាខ្មែរទំនើបនេះ អាចផ្លាស់ប្តូរនូវភាពអសកម្មអ្វីខ្លះក្នុងការប្រើប្រាស់ភាសានៅកម្ពុជា?
ក្រោយពេលដែលសទ្ទានុក្រមសន្តានពាក្យក្នុងភាសាខ្មែរទំនើបនេះបោះពុម្ពផ្សាយរួច ខ្ញុំរំពឹងថា ប្រជាជននឹងយល់ដឹងពីសន្តានពាក្យក្នុងភាសាខ្មែរថាមានរូបភាពបែបណាខ្លះ ចេះស្វែងយល់ពីគន្លឹះនានាក្នុងសទ្ទានុក្រម និងលុបបំបាត់ភាពអសកម្មកន្លងមកជុំវិញការយល់ខុស ឬនិន្នាការឆ្លងនិយមជាដើម។ ក្រៅពីនេះខ្ញុំរំពឹងថា ប្រជាជនក៏ដូចជាស្ថាប័នពាក់ព័ន្ធនឹងផ្តល់តម្លៃពិសេស យកចិត្តទុកដាក់លើបញ្ហាអក្សរសាស្ត្រជាតិយើង តាមរយៈការបង្កើតយន្តការ ឬគោលនយោបាយសកម្មក្នុងការរៀបចំបង្កើតពាក្យឱ្យបានទូលំទូលាយ និងសម្បូរបែបជាងមុន។
- ជាចុងក្រោយ តើលោកមានយោបល់ ឬសំណូមពរអ្វីខ្លះដល់អ្នកគាំទ្រ និងសាធារណជនទូទៅនៅកម្ពុជាជុំវិញការបង្កើតសទ្ទានុក្រមសន្តានពាក្យក្នុងភាសាខ្មែរទំនើបនេះ?
ជាសំណូមពររបស់ខ្ញុំ គឺសូមឱ្យគ្រប់ស្ថាប័នរដ្ឋ និងឯកជន សូមមានការយកចិត្តទុកដាក់ក្នុងការប្រើប្រាស់ភាសា និងអក្សរសាស្ត្រជាតិយើងឱ្យបានផុសផុល ជាពិសេសលើកកម្ពស់ការតែងនិពន្ធ និងការស្រាវជ្រាវ។
ខ្ញុំសូមអំពាវនាវដល់សាធារណជនទូទៅ បុគ្គលពាក់ព័ន្ធទាំងអស់ ជាពិសេសអ្នកប្រើប្រាស់ភាសាខ្មែរមេត្តាជួយជាថវិកាដល់ក្រុមការងារ និងបោះពុម្ពសទ្ទានុក្រមដ៏មានតម្លៃមួយនេះ ដើម្បីឱ្យសទ្ទានុក្រមនេះបានបម្រើដល់ការប្រើប្រាស់ពាក្យរបស់បងប្អូនទូទាំងប្រទេស៕