ប្រធានក្រុម Lionel Messi ត្រូវបានសមត្ថកិច្ចនៅឯព្រលានយន្តហោះអន្តរជាតិប៉េកាំង ឃាត់ខ្លួន ដោយសារតែលិខិតឆ្លងដែនមិនសមស្រប នៅពេលធ្វើដំណើរជាមួយក្រុមកីឡាករបាល់ទាត់ជម្រើសជាតិអាហ្សង់ទីន។
កាលពីសប្ដាហ៍កន្លង Messi បានធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំងប្រទេសចិន ជាមួយនឹងអង្គរក្ស និងមិត្តរួមក្រុម Angel Di Maria ដោយយន្តហោះផ្ទាល់ខ្លួន ដើម្បីត្រៀមសម្រាប់ការប្រកួតមិត្តភាពរវាងក្រុមជម្រើសជាតិអាហ្សង់ទីន និងអូស្ត្រាលី នៅថ្ងៃទី 15 មិថុនា 2023។ ប៉ុន្តែ នៅពេលទៅដល់ប៉េកាំង M10 ក៏ត្រូវប៉ូលិសចិនឃាត់ខ្លួន។
យោងតាមសារព័ត៌មានចិន បញ្ហាខាងលើបានកើតឡើងដោយសារតែ Messi ប្រើប្រាស់លិខិតឆ្លងដែនអេស្ប៉ាញ ជំនួសឱ្យលិខិតឆ្លងដែនអាហ្សង់ទីន ទើបមិនត្រូវបានអនុញ្ញាតឱ្យចូលដោយផ្ទាល់។
បន្ទាប់ពីរាយការណ៍ថាមិនមានលិខិតឆ្លងដែនអាហ្សង់ទីន Messi ក៏ត្រូវស្ថិតនៅក្នុងព្រលានយន្តហោះរយៈពេលពីរម៉ោង មុនពេលបញ្ហាត្រូវបានដោះស្រាយ។