រថយន្តអគ្គិសនីតូចបំផុតរបស់ក្រុមហ៊ុនវៀតណាម VinFast ដែលបានបង្ហាញខ្លួនជាផ្លូវការកាលពីល្ងាចថ្ងៃទី 08 មិថុនា គ្រោងនឹងប្រគល់ដល់ដៃអតិថិជននៅក្នុងត្រីមាសទីបីឆ្នាំក្រោយ។
តំណាងរបស់ក្រុមហ៊ុន VinFast ឱ្យដឹងថា រថយន្តអគ្គិសនី VF 3 នឹងជាម៉ូដែលរថយន្តតូចជាងគេដំបូងបំផុតរបស់ក្រុមហ៊ុននេះ។
VF 3 មានបណ្ដោយសរុប 3,114 មិល្លីម៉ែត្រ ខ្លីជាង Kia Morning ដែលមានបណ្ដោយ 3,595 មិល្លីម៉ែត្រ ប៉ុន្តែវែងជាង 197 មិល្លីម៉ែត្រ បើធៀបនឹងរថយន្តអគ្គិសនីដែលជិតបង្ហាញខ្លួនក្នុងទីផ្សាររបស់ក្រុមហ៊ុនចិន Wuling។
រថយន្តអគ្គិសនី VF 3 មានទ្វារពីរនៅសងខាង និងទ្វារមួយនៅខាងក្រោយ ហើយអាចជិះបានប្រាំនាក់។ យោងតាមក្រុមហ៊ុនវៀតណាម VF 3 ដែលមានពីរកំណែគឺ Eco និង Plus នេះ នឹងមានតម្លៃទាប សមស្របសម្រាប់ទីផ្សារក្នុងស្រុក។
បច្ចុប្បន្ន ម៉ូដែលរថយន្តអគ្គិសនីមានតម្លៃទាបបំផុតរបស់ VinFast គឺ VF 5 Plus ដោយត្រូវបានលក់ក្នុងតម្លៃ 538 លានដុង ដែលប្រហែលនឹង 22,900 ដុល្លារអាម៉េរិក)៕