Cristiano Ronaldo មិនមានឈ្មោះក្នុងក្រុមកីឡាករឆ្នើមរបស់ពានរង្វាន់ Saudi Pro League ក្នុងរដូវកាល 2022-2023 បើទោះទាត់បញ្ចូលទីបាន 14 គ្រាប់ឱ្យ Al-Nassr។
Ronaldo មកទាត់ឱ្យក្លឹប Al-Nassr កាលពីខែមករាឆ្នាំនេះ តែមិនមានឈ្មោះក្នុងក្រុមកីឡាករឆ្នើមបំផុតនៅពានរង្វាន់លំដាប់កំពូលរបស់ប្រទេសអារ៉ាប៊ីសាអូឌីត នារដូវកាល 2022-2023។ ជំនួសមកវិញ កីឡាករដែលត្រូវបានជ្រើសរើសជាកំពូលកីឡាករឆ្នើមគឺ Odion Ighalo របស់ក្លឹប Al-Hilal ក្រោយពីរកបាន 19 គ្រាប់នៅក្នុង 27 ប្រកួត រួមនឹងកីឡាករដទៃទៀត។
ក្លឹប Al-Nassr អូសទាញបាន CR7 ក្រៅពីកីឡាករព័រទុយហ្កាល់រូបនេះបញ្ចប់កិច្ចព្រមព្រៀងជាមួយ Manchester United។ បន្ទាប់មក Ronaldo បានចូលរួមប្រកួតឱ្យក្លឹបថ្មីបាន 16 ប្រកួត និងរកបាន 14 គ្រាប់។ ប៉ុន្តែ ទោះជាមានវត្តមានរបស់ CR7 ក្លឹបនៅរាជធានីរីយ៉ាដ នៅតែមិនអាចដណ្ដើមបានតំណែងជើងឯក ដោយបានត្រឹមតែលេខពីរបន្ទាប់ពី Al-Ittihad។
បើសិនជាគិតរកមធ្យមភាគនៃចំនួនគ្រាប់បាល់ដែល Odion Ighalo និង Cristiano Ronaldo រកបាននៅក្នុងមួយប្រកួត ឃើញថា Ighalo រកបាន 0.703 គ្រាប់/ប្រកួត តិចជាង 0.172 គ្រាប់/ប្រកួត ធៀបនឹង 0.875 គ្រាប់/ប្រកួតរបស់ CR7។
ការដែលម្ចាស់គ្រាប់បាល់មាស 5 គ្រាប់មិនមានឈ្មោះនៅក្នុងក្រុមកីឡាករឆ្នើមរបស់ Saudi Pro League បានធ្វើឱ្យអ្នកគាំទ្រមួយចំនួនមិនសប្បាយចិត្ត។
Ronaldo ប្រាកដជានឹងស្ដារសមិទ្ធផលរបស់ខ្លួននៅរដូវកាលក្រោយ និងអាចជួយឱ្យ Al-Nassr លើកពាននៅអារ៉ាប៊ីសាអូឌីតនៅឆ្នាំ 2023-2024។ ក៏ប៉ុន្តែ ពួកគេនឹងត្រូវប៉ះជើងខ្លាំងរបស់ Al-Ittihad ជាថ្មី ដោយនៅទីនោះនឹងមានវត្តមានរបស់ Karim Benzema និង Kante ផងដែរ៕