(ន័រវែស) – ក្រុមហ៊ុន Hurtigruten បង្ហាញនាវាអគ្គិសនីដឹកអ្នកដំណើរមានក្ដោងសូឡាដែលអាចបង្រួមបាន និងគ្រោងដាក់ដំណើរការនៅឆ្នាំ 2030។
ក្រុមហ៊ុនខាងលើ បច្ចុប្បន្នមានក្រុមនាវាចំនួន 8 គ្រឿង ក្នុងនោះ មួយគ្រឿងៗអាចដឹកអ្នកដំណើរបាន 500 នាក់ ដែលផ្លាស់ទីតាមបណ្ដោយឆ្នេរសមុទ្រន័រវែស ចាប់ពី Oslo ដល់តំបន់ប៉ូលខាងជើង។
គម្រោងមានឈ្មោះថា «Sea Zero» ដែលត្រូវបានប្រកាសលើកដំបូងកាលពីឆ្នាំ 2022 ត្រូវបានរំពឹងថា អាចរួមចំណែកក្នុងការបំផុសគំនិត និងជំរុញឱ្យមានយានយន្តមិនបំភាយឧស្ម័ននៅក្នុងវិស័យដឹកជញ្ជូនផ្លូវទឹកទាំងមូល។
នាវាដឹកអ្នកដំណើររបស់ Hurtigruten នឹងដំណើរការដោយថ្ម 60 មេហ្គាវ៉ាត់ អាចបញ្ចូលថាមពលស្អាតនៅឯកំពង់ផែ ដោយសារថាមពលមិនបំភាយឧស្ម័ននេះកំពុងគ្របដណ្ដប់ 98% នៅក្នុងបណ្ដាញអគ្គិសនីរបស់ប្រទេសន័រវែស។
ក្រុមហ៊ុនខាងលើឱ្យដឹងថា ថ្មផ្ទុកអគ្គិសនីរបស់នាវានេះអាចឱ្យធ្វើដំណើរបានពី 555 ដល់ 648 គីឡូម៉ែត្រ គ្រាដែលក្ដោងរបស់វាបំពាក់ផ្ទាំងសូឡាសរុប 1,500 ម៉ែត្រក្រឡា ក៏អាចជួយបន្ថែមអគ្គិសនីបានច្រើនដល់នាវា។
យោងតាម CNN នាវាដែលនឹងមានកាប៊ីនចំនួន 270 អាចដាក់អ្នកដំណើរបាន 500 នាក់ និងក្រុមនាវិក 99 នាក់មួយនេះ នឹងត្រូវបានចាប់ផ្ដើមការផលិតនៅឆ្នាំ 2027 ហើយគ្រោងនឹងដាក់ឱ្យដំណើរការពាណិជ្ជកម្មចាប់ពីឆ្នាំ 2030៕