ក្លឹបបាល់ទាត់អាម៉េរិក Inter Miami របស់ David Beckham អូសទាញ Lionel Messi បានសម្រេច ប៉ុន្តែក្លឹបលេងនៅ MLS នេះ នឹងមិនឈប់ត្រឹមនេះឡើយ គ្រាដែលពួកគេកំពុងទាក់ទាញកំពូលកីឡាករបីរូបផ្សេងទៀតដែលសុទ្ធតែជាអតីត «អ្នកលេង» របស់ក្លឹប Barcelona។
រាប់ចាប់តាំងពីបានទិញ Inter Miami កាលពីឆ្នាំ 2018 អតីតកំពូលតារាបាល់ទាត់អង់គ្លេស David Beckham បានចិញ្ចឹមចិត្តនាំយកកំពូលកីឡាករពិតប្រាកដមកចូលរួមជាមួយក្លឹបនេះ និងប្រកួតនៅពានរង្វាន់អាម៉េរិក MLS។
ថ្មីៗនេះ Beckham បានទទួលជោគជ័យក្នុងការបញ្ចុះបញ្ចូល Lionel Messi។ ប្រការនេះប្រាកដជាធ្វើឱ្យ Inter Miami កាន់តែល្បីឈ្មោះ និងអាចបន្តទាក់ទាញតារាបាល់ទាត់ដទៃទៀត។ ក្រោយពីសម្រេចបានកិច្ចព្រមព្រៀងជាមួយ M10 ក្លឹប Miami ក៏កំពុងសំដៅទៅរកក្រុមកីឡាករដទៃដើម្បីដើរជាមួយ Messi ក្នុងនោះមានជាអាទិ៍ Busquets, Suarez និង Alba ជាដើម។ ចំណែក Messi ក៏បានស្នើឱ្យក្លឹបថ្មីរបស់ខ្លួនទិញយក Angel Di Maria ដែលជាមិត្តជិតស្និទ្ធបំផុតមួយរូបរបស់ M10 ហើយ Beckham ក៏កំពុងពិចារណាលើរឿងនេះ។
នៅពេលមានកីឡាករទាំងឡាយខាងលើ ក្លឹប Inter Miami នឹងមានក្រុមជើងខ្លាំងដ៏គួរឱ្យញញើត។ បច្ចុប្បន្ន ថ្វីបើក្លឹបនេះឈរបាតតារាងនៅ MLS ប៉ុន្តែ ពួកគេនៅសល់ពាក់កណ្ដាលរដូវកាលទៀត ហើយឱកាសហក់ឡើងនៅមានច្រើន ពិសេសគឺនៅពេលមាន Messi៕