យោងតាមការស្រាវជ្រាវរបស់ Morgan Stanley បណ្ដា chatbot AI ដូចជា ChatGPT ឬ Google Bard ជាដើម កំពុងតែមានអត្រាអ្នកប្រើប្រាស់ទាបគួរឱ្យភ្ញាក់ផ្អើល។
ចាប់តាំងពីខែធ្នូ 2022 ChatGPT បានបង្ក «ព្យុះភ្លៀង» ទូទាំងសកលលោក ដោយមានអ្នកប្រើប្រាស់ជាងមួយលាននាក់ចុះឈ្មោះបន្ទាប់ពីបង្ហាញវត្តមានបានមួយសប្ដាហ៍ និងឡើងលើសពី 100 លាននាក់ក្រោយរយៈពេលពីរខែ ធ្វើឱ្យមានការរត់ប្រណាំងផ្នែក AI (បញ្ញាសិប្បនិម្មិត) ទូទាំងពិភពលោក។
ក៏ប៉ុន្តែ ការរំជើបរំជួលខាងលើបានកន្លងផុតយ៉ាងលឿននៅពេលអ្នកប្រើប្រាស់ជាក់ស្ដែងបច្ចុប្បន្នមានកម្រិតទាប។ យោងតាមការស្រាវជ្រាវរបស់ស្ថាប័នវិនិយោគផ្នែកធនាគារ Morgan Stanley ដែលបានធ្វើឡើងទៅលើមនុស្ស 2,000 នាក់នៅក្នុងខែមេសា បង្ហាញថា មានតែ 19% ក្នុងចំណោមអ្នកដែលត្រូវបានសួរ ឱ្យដឹងថា ធ្លាប់បានប្រើប្រាស់ ChatGPT ខណៈដែល Google Bard វិញ គឺ 9%។
ចំណែកមនុស្សភាគច្រើនដែលមិនទាន់បានប្រើ chatbot និយាយថា នឹងមិនមានតម្រូវការប្រើប្រាស់បច្ចេកវិទ្យាថ្មីនេះ យ៉ាងតិចក៏ត្រឹមពាក់កណ្ដាលឆ្នាំទៀត។
ភាគច្រើន អ្នកប្រើប្រាស់ ChatGPT គឺដើម្បីស្វែងយល់ប្រធានបទថ្មីៗ ដូច្នេះការដែលថាឧបករណ៍នេះអាចរកប្រាក់ចំណូលបានគឺពិបាកកើតឡើងនាបច្ចុប្បន្ន។ Chatbot AI អាចរកប្រាក់បានតាមរយៈការផ្សាយពាណិជ្ជកម្ម លុះណាតែអ្នកប្រើប្រាស់អាចចូលទៅប្រើ ChatGPT , Google Bard ជាដើម ដើម្បីស្វែងរកផលិតផល សេវាកម្ម ការប្រៀបធៀបតម្លៃ និងទិញទំនិញ។
បញ្ញាសិប្បន្មិតអាចជួយឱ្យបណ្ដាថ្នាលពាណិជ្ជកម្មឌីជីថល និងទេសចរណ៍រកប្រាក់ចំណូលបានពីការលើកជាការណែនាំ និងជំនួយរបស់បច្ចេកវិទ្យា chatbot។ បច្ចុប្បន្ន នៅពេលទិញទំនិញតាមអនឡាញ អ្នកប្រើប្រាស់រហូតដល់ 56% ស្វែងយល់ផលិតផលតាមរយៈ Google Search បន្ទាប់មកគឺ YouTube និង Bard។ ចំពោះសេវាកម្មទេសចរណ៍វិញ អ្នកប្រើប្រាស់ 37% ចូលទៅកាន់ Google និង 33% ចូលទៅកាន់បណ្ដាគេហទំព័រដែលជំនាញខាងទេសចរណ៍។
Morgan Stanley ឱ្យដឹងថា Google នៅតែអាចមានប្រៀបជាងគេនៅក្នុង «សង្គ្រាម» AI នៅពេលផ្ដល់សេវាកម្មស្វែងរកបែបបុគ្គល និងពេញលេញចំពោះវិស័យទេសចរណ៍ តាមរយៈការប្រើប្រាស់លទ្ធផលនៃការស្វែងរកដែលបានលើកឡើងដោយបញ្ញាសិប្បនិម្មិតដូចជា Bard នេះ៕