Skip to content

គម្រោង​លំនៅឋាន​តម្លៃ​សមរម្យ​របស់​ជប៉ុន អា​រ៉ា​ខា​វ៉ា​នឹង​លក់​សម្រាប់​ប្រជាជន​ទូទៅ

គម្រោង​លំនៅឋាន​មានតម្លៃ​សមរម្យ​បែប​ខុន​ដូ ដែល​ទីតាំង​ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​បាន​បើក​ការដ្ឋាន​នៅថ្ងៃនេះ ហើយ​ការសាងសង់​ដំណាក់កាល​ទីមួយ​នឹង​បញ្ចប់​ក្នុង​រយៈពេល 42 ខែ​ខាងមុខ។

លោក អេ​ឡិច យ៉ា​ស៊ូ​ម៉ូតូ ស្ថាបនិក​នៃ​ក្រុមហ៊ុន​អា​រ៉ា​ខា​វ៉ា​បាន​លើកឡើងថា ដោយ​សង្កេតឃើញថា តម្រូវការ​លំនៅឋានរ​បស់​ប្រជាពលរដ្ឋនៅក្នុង​រាជធានី​ភ្នំពេញ​កាន់​តែមាន​កំណើន​ខ្លាំង ធ្វើឱ្យ​លោក​មានគំនិត​ផ្ដួចផ្ដើម​នាំមក​ជូន​ប្រជាជន​កម្ពុជា​នូវ​លំនៅឋាន​តម្លៃ​សមរម្យ​ដែល​ស្របតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​ជប៉ុន​ដែល​បាន​គាំទ្រ​គោលនយោបាយ​ស្ដីពី​លំនៅឋាន​ផងដែរ។ លោក​បន្ដថា គម្រោង​លំនៅឋាន​ដែលជា​អគារខ្ពស់ៗបាន​រីកដុះដាល​ច្រើន​នៅក្នុង​រាជធានី​ភ្នំពេញ ប៉ុន្ដែ​សុទ្ធតែជា​គម្រោង​លំនៅឋាន​ដែលមាន​តម្លៃ​ថ្លៃ ដោយឡែក​គម្រោង​លំនៅឋាន​មានតម្លៃ​សមរម្យ​ផ្ដល់​លទ្ធភាព​ដល់​ប្រជាពលរដ្ឋ​គ្រប់​ស្រទាប់​អាច​ទិញ​បាន គឺ​ប្រហែល​ទើបតែ​មាន​ជា​លើកទីមួយ​ប៉ុណ្ណោះ។

ស្ថាបនិក​នៃ​ក្រុមហ៊ុន​អា​រ៉ា​ខា​វ៉ា បានបង្ហាញ​ពី​ជំនឿ​ចិ​ត្ដ​ថា៖«ផ្អែកលើ​ការកសាង​ដោយ​សំណង់​អគារ​ដែលមាន​គុណភាព និង​ក្រុមហ៊ុន​មិន​ទទួលយក​ប្រាក់​កក់​ពី​អតិថិជន​មក​ធ្វើជា​ទុនវិនិយោគ​ក្នុងការ​សាងសង់​នោះ ខ្ញុំ​ជឿថា យើង​នឹង​ទទួលបាន​ការគាំទ្រ​ពី​អតិថិជន​យ៉ាងច្រើន ព្រោះ​អតិថិជន​គ្រាន់តែ​បើក​គណនី​សន្សំ​ប្រាក់​ទុក​ក៏​អាច​ទិញ​បានដែរ»។

លំនៅឋាន​តម្លៃ​សមរម្យ​នេះ​ត្រូវបាន​អភិវឌ្ឍ​លើ​ផ្ទៃដី​ទំហំ13,680ម៉ែត្រក្រឡា​ដែល​ត្រូវ​សាងសង់2ដំណាក់កាល​ដោយ​ដំណាក់កាល​ដំបូង​ក្រុមហ៊ុន​ត្រូវ​សាងសង់​អគារ​ស្នាក់នៅ​រួម​ចំនួន10អគារ​ចែកជា5ប្លុក ដោយ​មួយ​ប្លុក​មាន2អគារ និង​មាន​កម្ពស់19ជាន់ ទៅ23ជាន់ និង​មាន​បន្ទប់​ប្រមាណ2,000បន្ទប់ និង​គ្រោង​ចំណាយ​ទុនវិនិយោគ​ប្រមាណ70លាន​ដុល្លារ។ ដែលមាន​បន្ទប់​Gពីរ​ប្រភេទ។ ទីមួយ​ប្រភេទ​ស្ទី​ឌី​យោ មាន​ទំហំ23-24ម៉ែត្រការ៉េ និង​ប្រភេទ​ទី​ពីរ មាន2បន្ទប់​គេង។ ព្រមទាំង​មាន​ចំណត​ជាន់​ក្រោម​ដី 2ជាន់​ដែល​អាច​ចត​រថយន្ដ​បាន300គ្រឿង និង​ជាន់​ផ្ទាល់​ដី​សម្រាប់​ចត​ម៉ូតូ និង​កង់។ គម្រោង​នេះ​មានតម្លៃ​ចន្លោះ​ពី2-3ម៉ឺន​ក្នុង​មួយ​យូ​នី​ត​ដែល​តម្លៃ​នេះ​ក្រុមហ៊ុន​កំពុងតែ​សិក្សា​បន្ថែម និង​អាចមាន​ការកំណត់​តម្លៃ​ជាក់លាក់​មួយ​ក្រោយពី​សាងសង់​បាន6ខែ ក្រោយ​គិត​ចាប់ពីពេលនេះ ដែល​អា​រ៉ា​ខា​វ៉ា​នឹង​ជូន​សម្រាប់​អតិថិជន​ទូទៅ​ទាំងអស់។

ឯកឧត្ដម ជា សុផារ៉ា ទេស​រដ្ឋ​ម​ន្រី្ដ រដ្ឋ​ម​ន្រី​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់​បាន​លើកឡើងថា៖« គម្រោង​នេះ​ពិតជា​ល្អ និង​មានតម្លៃ​សមរម្យ​សម្រាប់​ប្រជាជន​កម្ពុជា ព្រោះថា ប្រសិនបើ​លក់​ក្នុងតម្លៃ​ថ្លៃ​ដែល​ប្រជាពលរដ្ឋ​មិនអាច​ទទួលយកបាន វា​លែង​ក្លាយជា​គម្រោង​ដែលមាន​តម្លៃ​សមរម្យ​ទៀតហើយ»។

ជាមួយគ្នានេះដែរ ឯកឧត្ដម​បាន​អំពាវនាវ​ឱ្យ​អ្នកវិនិយោគ​ក្នុង និង​ក្រៅ​ស្រុក​ទាំងអស់ ពិសេស​អ្នកវិនិយោគ​ជប៉ុន​បន្ដ​ធ្វើការ​វិនិយោគ​នៅ​កម្ពុជា​បន្ថែម​លើ​គម្រោង​នានា និង​គម្រោង​លំនៅឋាន​តម្លៃ​សមរម្យ ទោះបី​គម្រោង​នេះ​តូចក្ដី​ធំក្ដី ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​ចូលរួម​គាំទ្រ​ពេញទំហឹង និង​ជំរុញ​ឱ្យ​កិច្ចការ​អភិវឌ្ឍ​ឆ្ពោះទៅមុខ​យ៉ាង​រហ័ស ដើម្បី​ធ្វើយ៉ាងណា​បង្ក​ភាពងាយស្រួល​ដល់​ប្រជាជន​កម្ពុ​ជាមាន​ជីវភាព​មធ្យម និង​ក្រោម​មធ្យម​អាចមាន​លទ្ធភាព​ទិញ​លំនៅឋាន​រស់នៅ​បាន​សម​រម្យ​ដូច​គេ​ដូច​ឯង។

គួរ​បញ្ជាក់ថា គម្រោង​លំនៅឋាន​តម្លៃ​សមរម្យ របស់​ក្រុមហ៊ុន Arakawa ជា​គម្រោង​ទី3ហើយ​ដែល​ធ្វើការ​អភិវឌ្ឍ ខណៈ​គម្រោង​ទី1 អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន​របស់លោក​ឧកញ៉ា សៀ ឫទ្ធី នៅ​ខាងត្បូង​រាជធានី​ភ្នំពេញ និង​គម្រោង​ទី2 អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន​លោក​ឧកញ៉ា​ប៊ុន ចេស នៅ​ភាគ​ខាងជើង​នៃ​រាជធានី៕

Leave a Reply

Your email address will not be published. Required fields are marked *