ភ្នំពេញ៖ កាលពីឆ្នាំកន្លងទៅនេះ កសិករនៅក្នុងខេត្តប៉ៃលិនបាននាំគ្នាតវ៉ាដោយយករថយន្តដឹកដំឡូងមកបិទផ្លូវដើម្បីសំណូមពរឱ្យអាជ្ញាធរខេត្តជួយដោះស្រាយស្វែងរកទីផ្សារដើម្បីឱ្យលក់បានក្នុងតម្លៃសមរម្យ ហើយមកទល់បច្ចុប្បន្ន ថ្នាក់ដឹកនាំក៏បានចុះទៅពិនិត្យ និងបង្ហាញថា ដំឡូងមីឆ្នាំនេះនឹងមានតម្រូវការច្រើន និងអាចបានថ្លៃខ្ពស់ជាងឆ្នាំមុន។
នៅចំពោះមុខកសិករ ឈ្មួញ និងក្រុមហ៊ុនដែលទិញដំឡូងមីពីកសិករ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានគូសបញ្ជាក់ថា និន្នាការ និងការរំពឹងទុកបានបង្ហាញថា តម្រូវការដំឡូងមីសម្រាប់ទីផ្សារក្នុងតំបន់ និងពិភពលោកនឹងមានកំណើនកាន់តែខ្ពស់ ដែលនេះគឺជាកាលានុវត្តភាពថ្មីសម្រាប់កម្ពុជាដើម្បីអភិវឌ្ឍចង្វាក់តម្លៃដំឡូងមីតាមរយៈការពង្រឹង និងពង្រីកផលិតកម្ម ការកែច្នៃចំណិតដំឡូងមី និងសមត្ថភាពនាំចេញ សំដៅឆ្លើយតបតម្រូវការទីផ្សារនាពេលអនាគត។
ក្នុងឱកាសអញ្ជើញជាគណៈអធិបតីក្នុងពិធីបើកសម្ពោធវេទិកាថ្នាក់ជាតិលើកទី4 ស្តីពីការជំរុញការលើកកម្ពស់ និងអភិវឌ្ឍកសិ-ពាណិជ្ជកម្មកម្ពុជា អមដោយទិវាដំឡូងមីលើកទី2 និងពិធីតាំងបង្ហាញផលិតផលបន្លែ-ផ្លែឈើខ្មែរ កាលពីព្រឹកថ្ងៃទី7 ខែវិច្ឆិកា ឆ្នាំ2017 ឯកឧត្តមបានគូសបញ្ជាក់ថា ដើម្បីចាប់យកនូវកាលានុវត្តភាពនេះ កម្ពុជាចាំបាច់ត្រូវធ្វើការវិនិយោគបន្ថែម និងការឯកភាពជាធ្លុងមួយរវាងរដ្ឋាភិបាល និងភាគីពាក់ព័ន្ធដើម្បីដោះស្រាយបញ្ហាប្រឈម និងហានិភ័យនានាដូចជា ភាពទន់ខ្សោយនៃខ្សែចង្វាក់តម្លៃ កង្វះព័ត៌មានទីផ្សារ ការផ្គត់ផ្គង់មិនទៀងទាត់ និងគុណភាពប្រែប្រួលនៃដំឡូងមីដែលជាកត្តារាំងស្ទះដល់ការលូតលាស់នៃឧស្សាហកម្មដំឡូងមីនៅកម្ពុជា។
នៅក្នុងឱកាសនោះដែរ ឯកឧត្តម វ៉េង សាខុន បានស្នើឱ្យមានការចូលរួមកាន់តែសកម្មពីគ្រប់តួអង្គពាក់ព័ន្ធដើម្បីជំរុញការអភិវឌ្ឍវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម ប្រកបដោយប្រសិទ្ធភាពខ្ពស់ ជាពិសេសធានាបាននិរន្តរភាព និងសុវត្ថិភាពស្បៀងអាហារនៅក្នុងប្រទេស និងការនាំចេញទីកាន់ទីផ្សារអន្តរជាតិ។ ឯកឧត្តមរដ្ឋមន្ត្រីបានលើកយកកំណើនដាំដុះ និងសក្តានុពលដំឡូងមី ដែលជាដំណាំយុទ្ធសាស្ត្ររបស់កម្ពុជា ព្រមទាំងកត្តាប្រឈមមួយចំនួនដែលទាមទារឱ្យមានគោលនយោបាយជាក់លាក់ និងស៊ីជម្រៅស្របតាមមូលដ្ឋាននៃការអភិវឌ្ឍបៃតង ដែលមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធដូចជា គ្រឹះស្ថានអប់រំសិក្សាកសិកម្ម អង្គការក្រៅរដ្ឋាភិបាល និងវិស័យឯកជន។
គួរបញ្ជាក់ថា កម្ពុជាគឺជាប្រទេសផលិតដំឡូងមីលំដាប់ទី8 លើពិភពលោក និងលំដាប់ទី4 នៅក្នុងតំបន់។ ការអនុវត្តគោលនយោបាយយុទ្ធសាស្ត្រ និងកម្មវិធីពាក់ព័ន្ធតាមវិស័យនានា តម្រង់ឆ្ពោះទៅរកទីផ្សារក្នុងបណ្តាឆ្នាំកន្លងមក បានជួយជំរុញកំណើននាំចេញកសិផលកម្ពុជា ទៅកាន់ទីផ្សារក្នុងតំបន់ និងពិភពលោកក្នុងល្បឿនមួយគួជាទីមោទនៈ។
យោងតាមទិន្នន័យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថា ទីផ្សារនាំចេញផលិតផលដំឡូងមីត្រូវបានពង្រីកពី4ប្រទេស (ថៃ វៀតណាម ចិន បារាំង) ក្នុងឆ្នាំ2014 ទៅ 16ប្រទេសក្នុងឆ្នាំ2016 រួមមាន៖ កាណាដា ចិន អង់គ្លេស ហ្វាំងឡង់ ឥណ្ឌា អ៊ីតាលី កូរ៉េ លីទុយអានី ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហូឡង់ នូវែលសេឡង់ កោះតៃវ៉ាន់ ថៃ អាមេរិក និងវៀតណាម។ ការនាំចេញផលិតផលដំឡូងមី (ដំឡូងមីស្រស់ ចំណិតដំឡូងមីក្រៀម និងម្សៅដំឡូងមី) បានកើនឡើងពី0.22លានតោន ក្នុងឆ្នាំ2012 ដល់ជាង 3.6លានតោនក្នុងឆ្នាំ2016 និងនៅក្នុងរយៈពេល 9ខែឆ្នាំ2017នេះ ការនាំចេញដំឡូងមីសម្រេចបានជាង 1.8លានតោន៕