បច្ចេកវិទ្យាដែលប្រកបដោយបដិវត្តន៍ និងត្រូវបានហៅថា «បាតុភូត Air-Gen» នេះ ប្រើប្រាស់សំណើមក្នុងបរិយាកាសដើម្បីបង្កើតបានជាថាមពលកកើតឡើងវិញ។
ក្រុមអ្នកវិទ្យាសាស្ត្ររកឃើញថា ស្រទាប់ប្រូតេអ៊ីនស្ដើងមួយដែលហៅថា «វត្ថុធាតុណាណូ» អាចបង្កើតអគ្គិសនីតាមរយៈការប្រើប្រាស់ថាមពលពីចំហាយទឹកដែលមាននៅក្នុងខ្យល់។ «វត្ថុធាតុណាណូ» នេះ ដើរតួនាទីដូចទៅនឹងវត្ថុចម្លងអគ្គិសនី អាចចម្រាញ់យកថាមពលអគ្គិសនីពីសំណើមដែលនៅជុំវិញ។
នៅពេលមូលេគុលទឹកប៉ះនឹងស្រទាប់ប្រូតេអ៊ីនស្ដើង វានឹងត្រូវឆ្លងកាត់ដំណើរប្រតិកម្មគីមីជាច្រើន ដែលចុងក្រោយក៏បង្កើតបានជាអគ្គិសនី។ ដំណើរការនេះចេះតែកើតឡើងមិនដាច់ ឱ្យតែ «វត្ថុធាតុណាណូ» ប៉ះនឹងបរិយាកាសដែលមានសំណើម។
«បាតុភូត Air-Gen» ដ៏គួរឱ្យចាប់អារម្មណ៍នេះ បើកផ្លូវសម្រាប់ការទាញយកថាមពលមិនចេះរីងស្ងួត និងអាចជាបដិវត្តន៍ដ៏ធំមួយនៅក្នុងវិស័យថាមពលស្អាតរបស់ពិភពលោក។
បច្ចេកវិទ្យាថ្មីបំផុតដែលយោងទៅលើបាតុភូតខាងលើនេះនឹងជួយដោះស្រាយបញ្ហាធំៗជាច្រើនដែលមនុស្សលោកកំពុងប្រឈម រួមមានជាអាទិ៍ បញ្ហាបំភាយកាបូនដែលនាំឱ្យផែនដីឡើងកម្ដៅ បញ្ហាបរិស្ថាន បញ្ហាខ្វះអគ្គិសនីប្រើប្រាស់។ល។