អ្នកស្រាវជ្រាវមួយក្រុមនៅវិទ្យាស្ថានបច្ចេកវិទ្យា California (Caltech) បានទទួលជោគជ័យក្នុងការបាញ់បញ្ជូនអគ្គិសនីពីទីអវកាសមកកាន់ផែនដីដោយមិនបាច់ប្រើខ្សែជាលើកដំបូងក្នុងពិភពលោក។
ជាលើកដំបូងហើយដែលអគ្គិសនីអាចត្រូវបានបាញ់បញ្ជូនពីទីអវកាសមកកាន់ផែនដីដោយជោគជ័យ។ នេះបើតាម New Atlas ចុះផ្សាយកាលពីថ្ងៃទី 05 មិថុនា 2023។ គម្រោងអគ្គិសនីបានពីព្រះអាទិត្យក្នុងទីអវកាស (SSPP) មានគោលដៅប្រើប្រាស់ថាមពលស្អាតគ្មានដែនកំណត់នៅក្នុងគន្លងតារាវិថីផែនដី។
អគ្គិសនីបានពីព្រះអាទិត្យក្នុងទីអវកាសអាចដោះស្រាយបញ្ហាថាមពលស្អាតជាច្រើននៅលើផែនដី។ បណ្ដាញផលិតអគ្គិសនីលើគន្លងតារាវិថីផែនដីអាចប្រមូលពន្លឺព្រះអាទិត្យក្នុងរយៈពេល 24/7 ដោយវាមិនមានការរំខានពីបរិយាកាស ឬបញ្ហាអាកាសធាតុ។ យោងតាមទ្រឹស្ដី ផ្ទាំងសូឡាដែលដាក់ក្នុងទីអវកាសអាចផលិតអគ្គិសនីបានច្រើនជាង 8 ដង បើធៀបនឹងផ្ទាំងសូឡាដាក់នៅលើដី។
ស្ថាប័នជាច្រើនកំពុងតែប្រឹងប្រែងអភិវឌ្ឍបច្ចេកវិទ្យាខាងលើ បើទោះត្រូវជួបឧបសគ្គធំៗជាច្រើន។ ក្នុងនោះមានដូចជា ទំហំដ៏ធំរបស់ផ្ទាំងសូឡា ថ្មសម្រាប់ផ្ទុកថាមពលដែលបានពីព្រះអាទិត្យ ប្រព័ន្ធទទួលអគ្គិសនីពីទីអវកាសនៅលើដី។ល។
ប្រព័ន្ធប្រមូល និងបាញ់បញ្ជូនអគ្គិសនីនៅទីអវកាសក៏ត្រូវការការបាញ់បង្ហោះឡើងទៅកាន់គន្លងតារាវិថីផែនដីចំនួន 39 លើក (សម្រាប់ថ្មម៉ូឌុលស្រាល និងឆ្លាតវៃរបស់ Caltech) មុននឹងដំឡើងក្នុងទីអវកាស។
ប្រព័ន្ធ SSPD-1 សម្រាប់ធ្វើតេស្តក្នុងគម្រោងខាងលើដែលមានទម្ងន់ 50 គីឡូក្រាម ត្រូវបានដាក់ក្នុងយានអវកាស Momentus Vigoride និងបាញ់បង្ហោះទៅកាន់គន្លងគោចរកម្រិតទាបដោយរ៉ុក្កែតរបស់ SpaceX កាលពីថ្ងៃទី 03 មករា 2023។
SSPD-1 ត្រូវបានរចនាឡើងដើម្បីត្រួតពិនិត្យម៉ូឌុលតូចៗចំនួនបីគ្រឿង រួមមាន ម៉ូឌុល DOLCE សម្រាប់ធ្វើតេស្តបណ្ដាម៉ូឌុលដែលអាចបត់បាន ខណៈម៉ូឌុល ALBA ធ្វើតេស្តថ្មផ្ទុកថាមពល និងម៉ូឌុល MAPLE ធ្វើតេស្តបច្ចេកវិទ្យាបាញ់បញ្ជូនអគ្គិសនីមិនប្រើខ្សែពីទីអវកាសមកកាន់ស្ថានីយទទួលនៅលើដី។
ការធ្វើតេស្តបាញ់បញ្ជូនអគ្គិសនីពីទីអវកាសមកកាន់ផែនដីដោយមិនប្រើខ្សែ និងទទួលបានជោគជ័យរបស់ក្រុមអ្នកអ្នកជំនាញនៅវិទ្យាស្ថានបច្ចេកវិទ្យា California បញ្ជាក់ថា ការទាញយកថាមពលមិនចេះរីងស្ងួត និងស្អាតពីទីអវកាស បញ្ជូនមកកាន់ផែនដីដើម្បីប្រើប្រាស់ គឺជារឿងដែលទៅរួច 100%៕