នៅថ្ងៃទី7 ខែវិច្ឆិកា ឆ្នាំ2017 នេះ ផលិតករឆ្នើមក្នុងការផលិតភាពយន្ដខា្នតធំបានប្រកាសថា ខ្លួនមានគម្រោងនឹងនាំយកខ្សែភាពយន្តរបស់ខ្លួនទាំងពីររឿង គឺរឿង “វិកលចរិត” និងរឿង “ធ្មប់” ដែលកំពុងតែថតបញ្ចប់នៅពេលឆាប់ៗខាងមុខនេះ ទៅដាក់បញ្ចាំងនៅទឹកដីសហរដ្ឋអាមេរិក ដោយមានការសហការជួយជ្រោមជ្រែងពីសំណាក់តារាជើងចាស់ និងជាផលិតកររបស់ផលិតកម្ម “កេសារា” គឺលោកស្រី កេសារា ផ្ទាល់ ព្រោះលោកស្រីធ្លាប់មានបទពិសោធរស់នៅទីនោះ និងស្គាល់បណ្ដាផលិតករនៅសហរដ្ឋអាមេរិកជាច្រើនរូប។
នៅក្នុងជំនួបជាមួយអ្នកសារព័ត៌មានក៏ដូចជាការជូនដំណើរអ្នកស្រី កេសារា ដែរនោះ លោក ហ៊ុយ យ៉ាឡេង ដែលជាផលិតកររបស់ផលិតកម្ម មាតុចក្រ បានថ្លែងយ៉ាងដូច្នោះថា «ជាដំបូង ខ្ញុំបាទបានពិភាក្សា និងស្នើសុំទៅអ្នកមីង កេសារា ក្នុងការយករឿង “វិកលចរិត” និងរឿង “ធ្មប់” ទៅដាក់បញ្ចាំងនៅសហរដ្ឋអាមេរិក ក្នុងគោលបំណងដើម្បីឱ្យប្រជាជនខ្មែរដែលរស់នៅទីនោះបានទស្សនារឿងទាំងពីរនេះ ព្រមទាំងរឿងរបស់អ្នកមីងផ្ទាល់ផងដែរ»។ ចំពោះក្ដីរំពឹងថា ទទួលបានភាពជោគជ័យក្នុងដំណើរការបញ្ចាំងរឿងខ្មែរនៅលើទឹកសហរដ្ឋអាមេរិកឬយ៉ាងណានោះ លោក យ៉ាឡេង ក៏បានបន្ដទៀតថា រឿងនេះគឺជាបំណងប្រាថ្នារបស់លោកជាយូរណាស់មកហើយ ។ ថ្វីដ្បិតតែទីនោះជាទឹកដីសហរដ្ឋអាមេរិក មានទំហំធំក៏ពិតមែន ក៏ប៉ុន្ដែអ្វីដែលសំខាន់ជាងនេះទៅទៀត គឺចំនួនប្រជាជនខ្មែរដែលរស់នៅទីនោះក៏មានច្រើនដូចគ្នា ដែលជាកម្លាំងជំរុញចិត្តមួយឱ្យមានក្ដីសង្ឃឹមនៃភាពជោគជ័យគាំទ្របន្ដ។ ដោយឡែកអ្វីដែលជាបទពិសោធកន្លងមក លោកថា កុនដែលបានបញ្ចាំងនៅប្រទេសថៃ និងឡាវ មិនសូវមានប្រជាជនខ្មែររស់នៅទីនោះ ដូច្នោះបានជាការគាំទ្រមិនបានទទួលលទ្ធផលល្អមកវិញប៉ុន្មានឡើយ។
ស្របគ្នានេះដែរ អ្នកមីង កេសារា ដែលជាដៃគូសហការក្នុងការនាំភាពយន្ដខ្មែរទាំងពីររឿងនេះទៅបញ្ចាំងនៅអាមេរិក ក៏បានលើកឡើងដែរថា «ពីមុនមកឱ្យតែរឿងខ្មែរបានផលិតហើយ ផលិតករនៅអាមេរិកបានទិញយកទៅផលិតជា DVD ដើម្បីដាក់លក់នៅទីនេះ តែជាអកុសលរឿងខ្មែរមួយរយៈក្រោយមិនបានផលិត ហើយក៏គ្មាន DVD រឿងខ្មែរទៀតដែរនៅទីនោះ។ តែដោយសារតែមានការចម្លងខុសច្បាប់ច្រើនពេក ទាំងរូបខ្ញុំផ្ទាល់ក៏បានឈប់ផលិតរឿងខ្មែរដូចគ្នា»។ អ្នកស្រីក៏បានបន្ដទៀតថា កន្លងមកក៏មានរឿងរបស់ផលិតករផ្សេងៗ ដូចជាលោក ឆាយ បូរ៉ា ក៏បានយកទៅបញ្ចាំងនៅសហរដ្ឋអាមរិកផងដែរ ក៏ប៉ុន្ដែការយកទៅ និងចាក់បញ្ចាំងរឿងលើកនេះរបស់លោកស្រី គឺមានបែបផែនផ្សេងខុសពីគេ។ អ្នកស្រី កេសារា ក៏បានបញ្ជាក់ដែរថា ក្រៅពីរឿង “វិកលចរិត” និងរឿង “ធ្មប់” អ្នកស្រីក៏គ្រោងនឹងស្នើសុំរឿងរបស់ផលិតកម្ម មហាហង្ស ដែលមានការសម្ដែងដោយ កញ្ញា ដួង ម៉ានិច ទៅដាក់បញ្ចាំងជាមួយគ្នាផងដែរ។
ជាចុងក្រោយផលិតកររឿង “វិកលចរិត” និងរឿង “ធ្មប់” បានថ្លែងអំណរគុណជាខ្លាំងចំពោះការជួយជ្រោមជ្រែងពីអ្នកមីង កេសារា និងបានពោលថា «នេះគឺជាសណ្ដានចិត្តដ៏ល្អមួយរបស់អ្នកមីង ដោយហេតុតែការស្រឡាញ់សិល្បៈ ទើបអ្នកមីងទទួលការទទូចអង្វរក និងជួយគ្នាក្នុងការនាំរឿងខ្មែរទៅអាមេរិក ដើម្បីឱ្យប្រជាជនខ្មែរនៅទីនោះបានទស្សនា ជាឱកាសឱ្យបងប្អូននៅទីនោះបានស្គាល់ពីកុនខ្មែរយើងនាពេលបច្ចុប្បន្ននេះផងដែរ»៕