អគ្គនាយកប្រតិបត្តិរបស់ Ford អះអាងថា ដល់ក្រោយឆ្នាំ 2030 ការចំណាយក្នុងការផលិតរថយន្តអគ្គិសនីនឹងអាចប្រហាក់ប្រហែលនឹងការផលិតរថយន្តប្រើម៉ាស៊ីនចំហេះក្នុង។
តម្លៃរថយន្តអគ្គិសនីបានចាប់ផ្ដើមថយចុះ ក្នុងនោះមានម៉ូដែលខ្លះក៏អាចប្រកួតប្រជែងបានយ៉ាងល្អជាមួយនឹងរថយន្តប្រើសាំង។ ថ្លែងប្រាប់ Reuters កាលពីពេលថ្មីៗនេះ CEO របស់ក្រុមហ៊ុន Ford លោក Jim Farley យល់ថា ការចំណាយលើការផលិតរថយន្តអគ្គិសនីនៅតែខ្ពស់ជាងបើធៀបនឹងកំណែប្រពៃណី។
លោក Jim Farley ជឿថា យ៉ាងហោចណាស់ក៏ត្រឹមក្រោយឆ្នាំ 2030 ទើបរថយន្តអគ្គិសនីមានតម្លៃស្មើនឹងរថយន្តប្រេងសាំង នៅពេលរថយន្តអគ្គិសនីជំនាន់ទីពីរ ឬទីបីបង្ហាញខ្លួន។
ប្រហែលពីឆ្នាំ 2030 ដល់ 2035 ការចំណាយលើការផលិតរថយន្តអគ្គិសនីនឹងថយចុះដោយសារតែតម្រូវការកម្មករទាបជាងបច្ចុប្បន្ន ព្រោះថាបរិមាណគ្រឿងបន្លាស់របស់រថយន្តអគ្គិសនីតិចជាងធៀបនឹងរថយន្តប្រេងសាំង។ ទន្ទឹមនឹងនេះ ការដែលថ្មផ្ទុកថាមពលមានទំហំតូចក៏ប្រើប្រាស់វត្ថុធាតុដើមតម្លៃទាប និងតិចជាងធៀបនឹងថ្មធំ ក៏រួមចំណែកធ្វើឱ្យតម្លៃរថយន្តធ្លាក់ចុះ។
ក្រៅពីនេះ ក្រុមហ៊ុននានាក៏អាចកាត់បន្ថយការចំណាយតាមរយៈការលក់រថយន្តតាមអនឡាញ និងលក់សេវាកម្មឌីជីថលសម្រាប់រថយន្តអគ្គិសនីរបស់ពួកគេផងដែរ៕