បន្ទាប់ពីទទួលបានការអនុញ្ញាតឱ្យចាកចេញពី Al Nassr នៅមុនអស់រដូវកាល Cristiano Ronaldo បានធ្វើដំណើរមកកាន់ប្រទេសមួយនៅអាស៊ីអាគ្នេយ៍ ហើយក៏បានបង្កការភ្ញាក់ផ្អើលខ្លាំងនៅទីនេះ។
ថ្មីៗនេះ Ronaldo ត្រូវបានគ្រូបង្វឹកអនុញ្ញាតឱ្យចាកចេញពីក្លឹប Al Nassr ប៉ុន្តែមិនមែនដើម្បីទាត់ជុំចុងក្រោយនៅ Saudi Pro League (SPL) ឡើយ ព្រោះថា នេះគ្រាន់តែជាការប្រកួត «បំពេញបែបបទ» ប៉ុណ្ណោះ ដោយសារតែក្លឹបនេះបានអស់ឱកាសប្រកួតប្រជែង ហើយត្រូវឈរមើល Al Ittihad លើកពាន។
បើទោះជាសូមឈប់ និងចាកចេញពី Al Nassr មុនការបញ្ចប់រដូវកាល ប៉ុន្តែ Ronaldo មិនបានត្រលប់ទៅព័រទុយហ្កាល់ដើម្បីសម្រាកនោះទេ។ ជំនួសមកវិញ កំពូលតារាបាល់ទាត់វ័យ 38 ឆ្នាំរូបនេះបែរជាធ្វើដំណើរមកសិង្ហបុរីទៅវិញ កាលពីថ្ងៃទី 02 មិថុនា 2023។
តបតាមការអញ្ជើញរបស់ Peter Lim ដែលជាអ្នកជំនួញជនជាតិសិង្ហបុរី Ronaldo ក៏ចូលរួមព្រឹត្តិការណ៍ចែកអាហារូបករណ៍ដល់កុមារនៅប្រទេសនេះ និងធ្វើជាវាគ្មិន ចែករំលែកបទពិសោធន៍ និងផ្ដល់កម្លាំងចិត្តដល់យុវជន យុវនារីដែលស្ថិតក្នុងស្ថានភាពលំបាក។
វត្តមានរបស់ Ronaldo នៅសិង្ហបុរី ទទួលបានចំណាប់អារម្មណ៍យ៉ាងខ្លាំង។ ទោះជាបង្ហាញខ្លួនប្រហែល 15 នាទីនៅឧទ្យាន Singapore Botanic Gardens ប៉ុន្តែមានមនុស្សជាច្រើនបានស្គាល់ និងដេញតាមពីក្រោយរថយន្តរបស់ CR7 ដើម្បីរកឱកាសបានថតរូបជាមួយ ឬចង់ឃើញផ្ទាល់នឹងភ្នែក។
ក្រោយពីបញ្ចប់សកម្មភាពនៅសិង្ហបុរី ទើប Ronaldo ត្រលប់ទៅស្រុកកំណើតដើម្បីសម្រាក និងត្រៀមខ្លួនសម្រាប់ការប្រកួតរបស់ក្រុមជម្រើសជាតិព័រទុយហ្កាល់នៅ វគ្គជម្រុះ Euro 2024 នាពេលខាងមុខ។ តាមកាលវិភាគ នៅថ្ងៃទី 18 និង 21 ខែនេះ ព័រទុយហ្កាល់នឹងប្រកួតបន្តបន្ទាប់ជាមួយបូស្នី និងអ៊ីស្លង់៕