ម្ចាស់ជើងឯក Ligue 1 ក្លឹប Paris Saint-German បានបាត់បង់អ្នកតាមដានជាងមួយលាននាក់នៅលើបណ្ដាញសង្គម Instagram រាប់ចាប់តាំងពីបានប្រកាសថា Lionel Messi ចាកចេញពីក្លឹបនេះ។
ថ្មីៗនេះ ក្លឹប PSG បានប្រកាសជាផ្លូវការថា កិច្ចព្រមព្រៀងរវាងក្លឹបនេះ និង Lionel Messi មិនអាចពន្យារសុពលភាព ហើយភាគីទាំងពីរផ្ដាច់ទំនាក់ទំនងនឹងគ្នាបន្ទាប់ពីរដូវកាលនេះបានបញ្ចប់។ មិនយូរប៉ុន្មានក្រោយពីព័ត៌មាននេះត្រូវបានបញ្ជាក់ ចំនួនអ្នកតាមដាននៅលើទំព័របណ្ដាញសង្គមរបស់ PSG ក៏បានថយចុះអស់ជាងមួយលាននាក់។
ឆ្នាំ 2021 រឿង Lionel Messi ចុះកិច្ចព្រមព្រៀងពីរឆ្នាំជាមួយ PSG គឺជាព្រឹត្តិការណ៍លេចធ្លោជាងគេមួយក្នុងវិស័យបាល់ទាត់ពិភពលោក ហើយវានឹងត្រូវអស់សុពលភាពត្រឹមចុងខែមិថុនា 2023 ខណៈដែល Messi និង PSG មិនបន្តចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មី។
Lionel Messi បានឆ្លងកាត់ពីររដូវកាលជាមួយនឹង PSG ក្នុងនោះ ពួកគេដណ្ដើមបានពានរង្វាន់ជើងឯក Ligue 1 ទាំងពីររដូវកាល ក៏ដូចជាដណ្ដើមបានតំណែងជើងឯក Champions Trophy របស់បារាំងឆ្នាំ 2022។ Messi ចូលរួមទាត់ឱ្យ PSG បាន 74 ប្រកួត រកបាន 32 គ្រាប់ និងបង្កឱកាសបាន 35 គ្រាប់។
ថ្មីៗនេះ PSG បានប្រកាសពីការចាកចេញរបស់ Messi ដោយការបង្ហោះវីដេអូខ្លីនៅលើទំព័របណ្ដាញសង្គម។ ក៏ប៉ុន្តែ ដំណឹងនេះធ្វើឱ្យអ្នកគាំទ្រមិនសប្បាយចិត្ត ព្រោះពួកគេយល់ថា Messi គួរតែទទួលបានការប្រព្រឹត្តល្អក្នុងវេលាចុងក្រោយនៅ PSG។ និន្នាការបោះបង់ការតាមដាន (Unfollow) ចំពោះទំព័រ PSG លើ Instagram កំពុងតែរីករាយដាលខ្លាំង ថ្វីបើមិនទាន់ដឹងថា អ្នកបោះបង់ការតាមដាននេះមានប៉ុន្មាននាក់ជាអ្នកគាំទ្ររបស់ PSG និងប៉ុន្មាននាក់ជាអ្នកគាំទ្ររបស់ Messi។
PSG ក៏ត្រូវបានវាយតម្លៃថា នឹងខាតបង់មិនតិចឡើយនៅពេល Messi ចាកចេញ ក្នុងនោះមានទាំងប្រាក់ចំណូលបានពីការលក់អាវ និងម្ចាស់ឧបត្ថម្ភផងដែរ៕