តារាឆ្នើម John Terry របស់ក្លិប Aston Villa ដែលលេងក្នុងក្របខ័ណ្ឌ Champion ship របស់អង់គ្លេស បានធ្វើដំណើរទៅសម្រាកលម្ហែនៅក្នុងទីក្រុងឌូបៃ ដើម្បីព្យាបាលរបួស ក្រោយពីរូបគេជួបបញ្ហារបួសបាក់ឆ្អឹងប្រអប់ជើង កាលពីចុងសប្តាហ៍ថ្មីៗនេះ។
អតីតប្រធានក្រុមនៃក្លិប Chelsea វ័យ៣៦ឆ្នាំរូបនេះ បានរងរបួសឆ្អឹងប្រអប់ជើងរបស់គេ នៅពេលប្រកួតជាមួយនឹងក្រុម Sheffield Wednesday កាលពីថ្ងៃសៅរ៍ ដែលជាការប្រកួតចុងក្រោយមុនពេលសម្រាកសម្រាប់ការប្រកួតអន្តរជាតិ។ ប៉ុន្តែ Terry មិនបានបង្ហាញពីការខ្វល់ខ្វាយខ្លាំងឬការខកចិត្តរបស់គេទៅលើបញ្ហារបួស និងការរងបរាជ័យក្នុងលទ្ធផល 2-1 នេះឡើយ ខណៈរូបគេបានដឹកដៃភរិយាដ៏ស្រស់សោភារបស់គេធ្វើដំណើរទៅសម្រាកលម្ហែកាយក្រោមពន្លឺព្រះអាទិត្យក្នុងប្រទេសអេមីរ៉ាត អារ៉ាប់រួម នារដូវរងានេះ។ អតីតខ្សែបម្រើអន្តរជាតិអង់គ្លេសរូបនេះ បានធ្វើដំណើរទៅកាន់តំបន់មជ្ឈិមបូព៌ាភ្លាមៗមុនពេលបង្ហោះរូបបង្ហាញពីថ្ងៃសម្រាករបស់គេនៅលើបណ្តាញសង្គម Instagram។
អ្នកស្រី Toni ដែលជាភរិយារបស់ Terry ក៏បានប្រើប្រាស់បណ្តាញសង្គម ដើម្បីចែករំលែកនូវរូបភាពនៃពន្លឺព្រះអាទិត្យនៅទីក្រុងឌូបៃផងដែរ។ នាង Toni បានសរសេរថា៖ «ថ្ងៃដ៏ស្រស់ស្អាតមួយផ្សេងទៀតក្នុងទីក្រុងឌូបៃ។ ពិតជាស្រឡាញ់ទីក្រុងឌូបៃខ្លាំងណាស់»។ រូបភាពមួយផ្សេងទៀតដែលត្រូវបានចែករំលែកដោយ Terry បានបង្ហាញថា រូបគេកំពុងកម្សាន្ត និងអានសៀវភៅ ទាក់ទងនឹងភាពជោគជ័យក្នុងអាជីវកម្ម៕
ប្រភពពី៖ The Sun