Skip to content

កម្ពុជា​ប្រើប្រាស់​ប្រភព​ហិរញ្ញវត្ថុ​ពី ADB ជិត3ពាន់​លាន​ដុល្លារ​សម្រាប់​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​សង្គម

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) គឺជា​ដៃគូ​អភិវឌ្ឍន៍​និង​ជា​ប្រភពធនធាន​ហិរញ្ញវត្ថុ​ដ៏​សំខាន់​សម្រាប់​ប្រទេស​កម្ពុជា​ក្នុងការ​ទទួលបាន​ហិរញ្ញវត្ថុ​នានា ទោះជា​ក្នុង​ក្របខណ្ឌ​កម្ចី ជំនួយឥតសំណង និង​ជំនួយ​បច្ចេកទេស​ក៏ដោយ។ កម្ពុជា បាន​ចូល​ជា​សមាជិក​របស់​ធនាគា​រ​អភិវឌ្ឍន៍អាស៊ី ក្នុង​ឆ្នាំ1966 ប៉ុន្តែ​និវេសនដ្ឋាន​របស់​ធនាគារ​មួយ​នេះ​ត្រូវបាន​ដកចេញ​ពី​កម្ពុជា​នៅក្នុង​សម័យ​សង្គ្រាម និង​ត្រូវបាន​ត​ភ្ជាប់​ឡើងវិញ​ក្នុង​ឆ្នាំ1996។

តើ​អ្នក​ដឹងថា រហូតមកដល់​ពេលនេះ ធនាគារអភិវឌ្ឍន៍អាស៊ី បានផ្តល់​ហិរញ្ញវត្ថុ​ប៉ុន្មាន​ដល់​ប្រទេស​កម្ពុជា​សម្រាប់​យកមក​អភិវឌ្ឍន៍​ប្រទេស? ហើយ​គម្រោង​ណាខ្លះ​ដែល​ប្រើប្រាស់​ហិរញ្ញវត្ថុ​ពី​ធនាគារ​ដ៏​ធំ​មួយ​នេះ? មាន​វិស័យសំខាន់ៗចំនួន10 ដែល​គ្របដណ្តប់​ទៅលើ​គម្រោង​ចំនួន359 របស់​កម្ពុជា​ធ្លាប់បាន​ប្រើប្រាស់​ធនធាន​ហិរញ្ញវត្ថុ​ពី​ធនាគារអភិវឌ្ឍន៍អាស៊ី ដែលមាន​ដូច

ជា វិស័យ​កសិកម្ម ធនធានធម្មជាតិ និង​អភិវឌ្ឍន៍ជនបទ វិស័យ​អប់រំ វិស័យ​ថាមពល វិស័យ​ហិរញ្ញវត្ថុ វិស័យ​សុខាភិបាល វិស័យ​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម ការគ្រប់គ្រង​វិស័យ​សាធារណៈ វិស័យ​ដឹកជញ្ជូន ផ្លូវទឹក និង​ហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំង​សេវាកម្ម​ដទៃទៀត​នៅ​តំបន់​ទីក្រុង និង​ពហុ​វិស័យផ្សេងៗទៀត។

យោងតាម​ព្រឹត្តិបត្រ​សមាជិក​របស់​ធ​នាគារ​អភិវឌ្ឍន៍អាស៊ី ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​ម៉ានីល​ប្រទេស​ហ្វីលីពីន បានឱ្យដឹងថា ប្រទេស​កម្ពុជា​បាន​ប្រើប្រាស់​ទឹកប្រាក់​ដែល​ទទួលបាន​ពី​ធនាគារអភិវឌ្ឍន៍អាស៊ី ADB ចំនួន2,860.64លាន​ដុល្លារ​អាមេរិក ដោយមាន​គម្រោង​សរុប​ចំនួន359 គិត​ចាប់តាំងពី​ការភ្ជាប់​ទំនាក់ទំនង​គ្នា​ឡើងវិញ រហូតដល់​ឆ្នាំ2016។

គម្រោង​របស់​ប្រទេស​កម្ពុជា ដែល​ប្រើប្រាស់​កម្ចី​ច្រើន​បំផុត​ស្ថិតក្នុង​វិស័យ​កសិកម្ម ធនធានធម្មជាតិ និង អភិវឌ្ឍន៍ជនបទ ដែលមាន75គម្រោង ប្រើប្រាស់​ទឹកប្រាក់​រហូតដល់708.82លាន​ដុល្លារ វិស័យ​ដឹកជញ្ជូន​ឈរ​នៅ​លំដាប់​លេខ​រៀង​ទី2 ប្រើប្រាស់​ទឹកប្រាក់529.70លាន​ដុល្លារ និង​លំដាប់​លេខ3 គឺ​វិស័យ​អប់រំ ដែលមាន​ទឹកប្រាក់300.05លាន​ដុល្លារ គ្របដណ្តប់​លើ37គម្រោង។

ធនាគារអភិវឌ្ឍន៍អាស៊ី បានចាត់ទុក​ជំនួយ​របស់ខ្លួន​ដល់​ប្រទេស​កម្ពុជា​ផ្តោត​សំខាន់​លើ​ការពង្រឹង​ការតភ្ជាប់​រវាង​ជនបទ ទីប្រជុំជន ក្នុង​តំបន់ និង​ការអភិវឌ្ឍ​ធនធានមនុស្ស និង​សង្គម​ដែលជា​សសរស្តម្ភ​យុទ្ធសាស្ត្រ។ ហិរញ្ញប្បទាន​នោះ​ក៏​ផ្តោតលើ​ការកែលម្អ​ការគ្រប់គ្រង​វិស័យ​សាធារណៈ ដែលជា​សសរស្តម្ភ​ពហុ​វិស័យ​ផងដែរ។

ធនាគារអភិវឌ្ឍន៍អាស៊ី បាន​ហៅ​កម្ពុជា គឺជា​ប្រទេសមួយ​ក្នុងចំណោម​ប្រទេស​ដែលមាន​សេដ្ឋកិច្ច​រីកចម្រើន​លឿន​ជាងគេ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​រយៈពេល5ឆ្នាំ​ចុង​ក្រោយនេះ។ កំណើនសេដ្ឋកិច្ច​បាន​ជួយ​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាជន​ខ្មែរ​ពី​អត្រា47.8%ក្នុង​ឆ្នាំ2007 មក​នៅត្រឹម13.5% ក្នុង​ឆ្នាំ2014។ ទោះបីជា​បែបនេះ​ក្តី ប្រជាជន​ខ្មែរ​រហូតដល់​ទៅ70% នៅ​បន្ត​រស់នៅ​ជាមួយនឹង​ចំណូល​ក្រោម3ដុល្លារ​ក្នុង​មួយថ្ងៃ។

ធនាគារអភិវឌ្ឍន៍អាស៊ី នឹង​បង្កើន​ការផ្តល់​ហិរញ្ញប្បទាន​សម្បទាន​ដល់​ប្រទេស​កម្ពុជា រហូតដល់200លាន​ដុល្លារ​ក្នុង​មួយឆ្នាំ សម្រាប់​រយៈពេល​ពី​ឆ្នាំ2017ដល់​ឆ្នាំ2020 ពី​ប្រមាណ​ជា150លាន​ដុល្លារ​ក្នុង​មួយឆ្នាំ​ពី​ឆ្នាំ2013ដល់​ឆ្នាំ2016៕

Leave a Reply

Your email address will not be published. Required fields are marked *