ម៉ូតូអគ្គិសនីថ្មីរបស់ក្រុមហ៊ុន Yadea សហការជាមួយក្រុមហ៊ុន Porsche បំពាក់ម៉ូទ័រអគ្គិសនីកម្លាំង 14.7 សេះ អាចជិះបានចម្ងាយ 129 គីឡូម៉ែត្រ បន្ទាប់ពីបញ្ចូលថាមពលមួយពេញ។
ក្រុមហ៊ុនផលិតម៉ូតូចិន Yadea បានបង្ហាញម៉ូតូអគ្គិសនីម៉ូដែល F 200 ABS មានកម្លាំងប្រហាក់ប្រហែលនឹងម៉ូតូសាំង 125cc។ ម៉ូតូនេះបំពាក់ម៉ូទ័រអគ្គិសនីកម្លាំង 14.7 សេះ, កម្លាំងរមួលកង់ 235 Nm ជួយឱ្យបង្កើនល្បឿនពី 0-50 គីឡូម៉ែត្រ/ម៉ោង ដោយប្រើពេលតែ 2.5 វិនាទី ហើយអាចធ្វើដំណើរបាន 100 គីឡូម៉ែត្រ/ម៉ោង និងរត់បានចម្ងាយ 129 គីឡូម៉ែត្របន្ទាប់ពីបញ្ចូលអគ្គិសនីមួយពេញ។
ក្រៅពីកម្លាំង ចំណុចពិសេសផ្សេងទៀតរបស់ Yadea F 200 ABS គឺរូបរាង។ ក្រុមហ៊ុនចិន Yadea និយាយថា F 200 ABS របស់ខ្លួនគឺជាផលិតផលដែលកើតចេញពីកិច្ចសហការជាមួយក្រុមហ៊ុនផលិតរថយន្តអាល្លឺម៉ង់ Porsche។ រូបរាងរបស់ម៉ូតូនេះយកតាមគំនិតនៅក្នុងកិច្ចការឆ្លាក់ រួមផ្សំនឹងចំណុចលេចធ្លោរបស់រថយន្ត Porsche។
F 200 ABS បំពាក់អំពូលភ្លើងពេលថ្ងៃដ៏លេចធ្លោ និងអំពូល LED មួយគូនៅខាងមុខ ហើយក្បាលរបស់ម៉ូតូនេះក៏មានរបាំងការពារខ្យល់។ ចំណែកអំពូលភ្លើងខាងក្រោយ និងអំពូលភ្លើងហ្វ្រាំង គឺយកតាមគំនិតស្ដីពីពាណិជ្ជសញ្ញារបស់ Yadea។
Yadea F 200 ABS មានតាប្លូឌីជីថល និងឃ្លុបក្រោមកែប ទំហំធំ។ កង់ទីពីររបស់ម៉ូតូនេះត្រូវបានបំពាក់ហ្វាំងឌីស ខណៈថ្មផ្ទុកអគ្គិសនីត្រូវបានដាក់ក្រោមឈ្នាន់។
យោងតាមទំព័រ Paultan ក្រុមហ៊ុន Yadea មិនទាន់បង្ហើបឱ្យដឹងអំពីតម្លៃ ថ្ងៃដាក់លក់ ក៏ដូចជាទីផ្សារដំបូងៗរបស់ F 200 ABS នេះនៅឡើយ៕