ក្លិប West Ham United នឹងផ្តល់ឲ្យលោក David Moyes នូវឱកាសក្នុងការកសាងកេរិ៍្តឈ្មោះរបស់លោក ក្រោយពីក្លិបញញួរធំមួយនេះបានតែងតាំងលោកជាអ្នកចាត់ការទូទៅថ្មីរបស់ពួកគេ ក្នុងកិច្ចសន្យារយៈពេល6ខែ ដែលអាចនឹងបន្តរយៈពេលវែងជាងនេះ ប្រសិនបើគ្រូបង្វឹកវ័យ54ឆ្នាំរូបនេះ ធ្វើឲ្យក្រុមខ្លួនមានទម្រង់លេងល្អប្រសើរ។
លោក Moyes ត្រូវបានតែងតាំងជាគ្រូបង្វឹកបណ្តោះអាសន្នរបស់ West Ham ក្រោយពីលោក Slaven Bilic ត្រូវបានបណ្តេញចេញកាលពីថ្ងៃចន្ទ ប៉ុន្តែ លោកនឹងចូលកាន់ដំណែងដោយដឹងថា វាមានភាពដែលអាចទៅរួចក្នុងការទទួលបានសំណើរយៈពេល2ឆ្នាំ ប្រសិនបើលោកអាចសង្គ្រោះក្លិបនេះមិនឲ្យធ្លាក់ចេញពីក្របខ័ណ្ឌកំពូលបាន។ លោក David Sullivan និង David Gold ដែលជាសហម្ចាស់ក្លិប ក៏ចង់ឃើញសញ្ញាដ៏ជាក់លាក់នៃការធ្វើឲ្យល្អប្រសើរឡើងនេះដែរ មុនពេលធ្វើការសម្រេចចិត្តចុងក្រោយនៅចុងរដូវកាលនេះ។
បើទោះបីជាវាត្រូវបានគេយល់ឃើញថា លោក Moyes នឹងទទួលបានប្រាក់ឧបត្ថម្ភ2លានផោន ប្រសិនបើលោកឈ្នះការប្រជែងនៃការគេចឲ្យផុតពីការធ្លាក់ចេញក៏ដោយ ប៉ុន្តែលក្ខខណ្ឌមួយក្នុងកិច្ចសន្យារបស់លោកនឹងអនុញ្ញាតឲ្យក្លិប West Ham ចាកចេញ ប្រសិនបើពួកគេមិនទទួលបាននូវការចាប់អារម្មណ៍។ ក្លិបញញួរធំមួយនេះ បានចែកផ្លូវជាមួយនឹងលោក Bilic កាលពីថ្ងៃចន្ទ ពោលគឺរយៈពេល2ថ្ងៃ ក្រោយពីពួកគេបានរងបរាជ័យយ៉ាងអាម៉ាស់ក្នុងលទ្ធផល 4-1 ក្រោមស្នាដៃក្រុម Liverpool ដែលធ្វើឲ្យសហប្រធានក្លិបលោក Sullivan និង Gold ជឿជាក់ថា ក្លិបនេះត្រូវតែមានការផ្លាស់ប្តូរទិសដៅដើម្បីបញ្ចប់ភាពត្រដាបត្រដួស។
ក្លិប West Ham ដែលកំពុងតែស្ថិតក្នុងចំណាត់ថ្នាក់លេខ18 ក្រោយពីដណ្តើមបានជ័យជម្នះតែ2លើកគត់ពីការប្រកួត11លើកនោះ នឹងត្រូវពឹងផ្អែកទៅលើសមត្ថភាពរបស់លោក Moyes ក្នុងក្របខ័ណ្ឌកំពូលរបស់អង់គ្លេស ដើម្បីជួយឲ្យពួកគេគេចផុតពីគ្រោះថ្នាក់ បើទោះបីមានកំណត់ត្រាមិនល្អនាពេលថ្មីៗនេះក្នុងតួនាទីដឹកនាំរបស់លោកក៏ដោយ៕
ប្រភពពី៖ The Guardian