ដឹងដែរឬទេថា ស្ពៃក្ដោបពណ៌ស្វាយ ឬមានឈ្មោះជាភាសាអង់គ្លេស Red Cabbage ដែលមានពណ៌ស្វាយស្រស់ស្អាតទាក់ទាញគួរឱ្យចង់ទទួលទាននោះ មុននឹងបរិភោគ អ្នកគួរតែយល់ដឹងពីវាឱ្យបានច្បាស់សិន ដើម្បីឱ្យល្អចំពោះសុខភាពរបស់អ្នក។ នៅពេលអ្នកទទួលទានស្ពៃប្រភេទជាអាហារឆៅ ស្រស់ ដូចជា សាលាដ ឬញាំជាដើមនោះ អ្នកគួរតែជ្រាបអំពីគុណប្រយោជន៍ជាច្រើនរបស់ស្ពៃនេះចំពោះរាងកាយរបស់អ្នក។ ថ្ងៃនេះ ឡារ៉ែន បានពាំនាំនូវអត្ថប្រយោជន៍របស់ស្ពៃក្ដោបស្វាយមកជម្រាបជូនប្រិយមិត្តទាំងអស់គ្នាដូចតទៅ។
ដោយសារតែស្ពៃក្ដោបពណ៌ស្វាយ ជាបន្លែដែលមានសរសៃអាហារក្នុងបរិមាណច្រើនគួរសម និងសម្បូរទៅដោយសារធាតុចិញ្ចឹមនៅក្នុងអាហារជាច្រើនប្រភេទ មិនថាតែប្រូតេអីុន កាបូអីុដ្រាត សូដ្យូម និងវីតាមីន C ផងដែរ។ ក្រៅពីការទទួលទានស្ពៃក្ដោបស្វាយយ៉ាងទៀងទាត់ និងជួយបន្ថយឱកាសកើតជំងឺមហារីកពោះវៀន និងជួយការពារជំងឺមហារីកផ្សេងៗទៀត ដែលជួយឱ្យរាងកាយរបស់អ្នកមានសុខភាពល្អ។ ម្យ៉ាងទៀតវាសម្បូរទៅដោយសារធាតុដែក ដែលជាសារធាតុសំខាន់បំផុតក្នុងការជំរុញការបង្កើតគោលិកាឈាមនៅក្នុងរាងកាយរបស់មនុស្សយើងផងដែរ។
ទោះជាយ៉ាងណាក៏ដោយ ជារៀងរាល់ថ្ងៃយើងមិនគួរបរិភោគស្ពៃឆៅច្រើនជាង1-2គីឡូក្រាមនោះទេ ព្រោះវាមានផ្ទុកនូវសារធាតុម្យ៉ាងដែលឱ្យឈ្មោះថា Goitrogen មាននៅក្នុងស្ពៃក្ដោប ហើយបណ្ដាលឱ្យសារធាតុនេះលើសនៅក្នុងរាងកាយ ដែលបង្កឱ្យសារជាតិអីុយ៉ូតទីរ៉ូអីុតដែលនៅក្នុងឈាមមានសភាពថយចុះ ក៏ប៉ុន្ដែសារធាតុនេះនឹងបាត់បង់ទាំងស្រុងនៅពេលស្ពៃក្ដោបនោះត្រូវបានចម្អិនឆ្អិនល្អ៕