Skip to content

គន្លឹះខ្លីៗក្នុងការ​បង្កើត​ប្រ៊េ​ន​ដ៍​នាំ​ចេញទៅ​បរទេស

ភ្នំពេញ – បន្ទាប់ពី​ទទួលបាន​ភាពជោគជ័យ​ក្នុងការ​គ្រប់គ្រង​លើ​អាជីវកម្ម​ជាច្រើន ថ្មីៗនេះ​លោក​ឧកញ៉ា ចិត្រ សេរី​សុភ័ក្ដ្រ បាន​បង្ហើប​ថា បន្ទាប់ពី​ប្រ៊េ​ន​ដ៍ Monsne កាហ្វេ មានឈ្មោះ​នៅលើ​ទីផ្សារ​ក្នុងស្រុក​រួចហើយ នៅពេលឆាប់ៗខាងមុខនេះ​ប្រ៊េ​ន​ដ៍​មួយ​នេះ​នឹង​ចេញ​ទៅដល់​បរទេស។

លោក​ឧកញ៉ា ចិត្រ សេរី​សុភ័ក្ដ្រ អគ្គនាយក​ក្រុមហ៊ុន Luxury Smile  (Cambodia) Co., Ltd បាន​បញ្ជាក់ថា ដំបូង​គិត​បង្កើត​ត្រឹមតែ​លក់​ក្នុងស្រុក​តែប៉ុណ្ណោះ ប៉ុន្ដែ​ដោយ​យល់ថា កូន​ខ្មែរ​ជា​អ្នកមាន​សមត្ថភាព​ពូកែ ដូច្នេះ​លោក​នឹងធ្វើ​កិច្ចការងារ​នេះ​ឱ្យ​បានល្អ និង​ល្អឥតខ្ចោះ​ដើម្បី​ធ្វើយ៉ាងណា​ជាការ​ទាក់ទាញ​ដល់​ជនបរទេស​ឱ្យ​ចាប់អារម្មណ៍ និង​មក​សិក្សា​ផលិតផល​របស់​យើង។ លោក​ឧកញ៉ា​បន្ដថា ក្រោយពី​មើលឃើញថា យើង​មាន​ទីផ្សារ​ក្នុងស្រុក​ល្អ​ហើយ លោក​ក៏មាន​គំនិត​ឈានទៅដល់​ទីផ្សារ​បរទេស​បន្ថែមទៀត។

អគ្គនាយក​ក្រុមហ៊ុន Luxury Smile  (Cambodia)  Co., Ltd សង្កត់ធ្ងន់ថា ដើម្បី​ឈានទៅដល់​ការលក់ Franchise  ទៅ​បរទេស​យើង​មាន​គោលការណ៍​មួយចំនួន​គឺ ត្រូវមាន​ការរៀបចំ​គោលការណ៍​ស្ដង់ដារ​នៃ​ផលិតផល​របស់​យើង​ឱ្យបាន​ត្រឹមត្រូវ គឺ​យើង​រៀប​ជា​ស្ដង់ដារ​អន្ដរជាតិ នៅពេល​យើង​រៀបបាន​ស្ដង់ដារ​បែបនេះ អតិថិជន​នៅក្រៅ​ប្រទេស​ដែលមាន​បំណង​ទិញ​Franchise គេ​អាច​ទទួលយកបាន​ហើយ។

លើសពីនេះ​យើង​ត្រូវ​ស្គាល់​គោលការណ៍​របស់​ប្រទេស​ណាមួយ​ដែល​យើង​ចង់ទៅ។ មានន័យថា ប្រសិនបើ​យើង​ចង់យក​ប្រ៊េ​ន​ដ៍​របស់​យើង​ទៅ​ប្រទេស​ថៃ យើង​ត្រូវ​ស្គាល់​ឱ្យបាន​ច្បាស់​ពី​អតិថិជន​នៅ​ប្រទេស​ថៃ ថា​គេ​នឹង​ទទួលយក​ផលិតផល​បែបណា? ទីផ្សារ​របស់​យើង​ស្ថិតនៅក្នុង​ខ្នាត​បែបណា? កម្រិតណា? តើ​យើង​ត្រូវដាក់​តម្លៃ​ប៉ុនណា​ដែល​អាច​ឱ្យគេ​លក់បាន និង​បង្កើន​ចំណូល​សម្រាប់​អ្នកទិញ Franchise ពី​យើង។

លោក​ឧកញ៉ា​ចិត្រ សេរី​សុភ័ក្ដ្រ  បញ្ជាក់ថា បើ​យើង​ចង់​លក់ Franchise ឱ្យគេ យើង​មិនអាច​នៅ​ស្ងៀម​អត់​ធ្វើ​អ្វី​សោះ​នោះទេ បែប​ហ្នឹង​គេ​នឹងមិន​មក​ទិញ​របស់​យើង​ទេ។ ដូច្នេះ​ក្នុងនាម​យើង​ជា​ម្ចាស់​អាជីវកម្ម​យើង​ត្រូវធ្វើ​រឿង​ជាច្រើន ពិសេស​ធ្វើឱ្យ​ខ្លួនឯង​ជោគជ័យ​ជាមុនសិន ទើប​ទទួលបាន​ទំនុក​ចិ​ត្ដ។ លោក​ឧ​ញ៉ាប​ន្ថែ​ម​ថា៖ «សម្រាប់​ប្រ៊េ​ន​ដ៍​របស់ខ្ញុំ គឺ​ខ្ញុំ​ធ្វើ​ដោយផ្ទាល់​ខ្លួនឯង ក្រៅពី​រូបមន្ដ​ដែល​ខ្ញុំ​យក​មកពី​ប្រទេស​ជប៉ុន ខ្ញុំ​ក៏បាន​បង្កើត និង​ចុះ​លក់​ដោយ​ខ្លួនឯង​ទៀត រហូត​គេ​ថា ខ្ញុំ​ធ្លាក់ខ្លួន​ក្រ ចុះ​លក់​កាហ្វេ​តាម​ថ្នល់។ ខ្ញុំ​សួរ​ទៅវិញ​ថា បើ​ខ្ញុំ​ចង់​ណែនាំ​ឱ្យគេ​ស្គា​ល់ពី​ផលិតផល​របស់ខ្ញុំ តែ​ខ្ញុំ​មិន​ទាំង​ស្គាល់​ផលិតផល​របស់​ខ្លួនឯង​ផង​នោះ តើ​អតិថិជន​របស់​ខ្ញុំគេ​មាន​ទំនុក​ចិ​ត្ដ​លើ​ខ្ញុំ​ដែរឬទេ? ច្បាស់​ជា​អត់​ទេ។ ដូច្នេះ​ខ្ញុំ​ត្រូវ​ស្គាល់​អ្វីដែល​ខ្ញុំ​មាន​ឱ្យ​ច្បាស់ ខ្ញុំ​ធ្វើ​អ្វីដែល​ខ្ញុំ​ពូកែ និង​ខ្ញុំ​ធ្វើ​អ្វីដែល​ខ្ញុំ​ដឹង។ នៅពេល​ខ្ញុំ​នាំ​គំនិត​ទាំងនោះ​ទៅឱ្យ​អតិថិជន ពួកគាត់​នឹង​ប្រាកដ​ក្នុង​ចិ​ត្ដ ពួកគេ​នឹង​ជឿ​ទុក​ចិ​ត្ដ​លើ​ខ្ញុំ»៕

Leave a Reply

Your email address will not be published. Required fields are marked *