តើធ្លាប់នឹកឆ្ងល់ដែរឬទេថា…មនុស្សដែលជួបនឹងភាពជោគជ័យយ៉ាងច្រើននាបច្ចុប្បន្ននេះ តើពួកគេមានផ្នត់គំនិត និងទស្សនៈជីវិតយ៉ាងណាខ្លះ ទើបធ្វើឱ្យអាចធ្វើដំណើរទៅដល់ចំណុចជោគជ័យនោះបានដូចបំណងបែបនេះ?។ តាមរយៈការដែលយើងបានរៀនយល់ដឹងពីបណ្ដាអ្នកមាន និងមានកេរ្តិ៍ឈ្មោះល្បីៗជាច្រើន ដែលធ្លាប់ឆ្លងកាត់ជីវិត និងឧបសគ្គដ៏ច្រើនទម្រាំនឹងអាចងើបត្រដែតឡើងក្លាយជាមនុស្សដែលទទួលបានជោគជ័យទាំងនោះរួចមក ធ្វើឱ្យយើងបានដឹងថា ពួកគេមានទម្លាប់មួយចំនួនដែលមិនសូវជាខុសប្លែកពីគ្នាប៉ុន្មានឡើយ។
នោះគឺ កិច្ចការងារប្រចាំថ្ងៃដែលយើងអាចប្រទះឃើញជាញឹកញាប់ គឺការគ្រប់គ្រងចាត់ចែងពេលវេលាក្នុងតម្លៃថោកឱ្យទទួលបានប្រយោជន៍យ៉ាងច្រើន និងដែលសំខាន់គឺ មិនចាំបាច់យកលុយទៅទិញមកទៀតផង។ បើអ្នកណាចង់សាកល្បងធ្វើជាមនុស្សម្នាក់ក្នុងចំណោមពួកអ្នកទទួលបានជោគជ័យទាំងនោះឱ្យបានម្ដងនោះ សាកល្បងនាំយកគន្លឹះសំខាន់ 3 យ៉ាងខាងក្រោមនេះទៅសាកល្បងកែច្នៃប្រើជាមួយជីវិតប្រចាំថ្ងៃលមើលក៏បាន…។
1 . ការហ្វឹកសមាធិ
ជារឿងដ៏គួរឱ្យចាប់អារម្មណ៍មួយក្នុងក្រុមមនុស្សដែលជោគជ័យយ៉ាងមហាសាលទាំងនោះ។ ការដាក់ចិត្តឱ្យស្ងប់នឹង និងអាចប្រឈមជាមួយគ្រប់ស្ថានការណ៍បានគឺជាការសាងថាមពលផ្លូវចិត្តឱ្យខ្លួនឯងក្លាយជាមនុស្សដែលមានភាពក្លាហាន និងមានសតិបញ្ញាស្មារតីច្រើនគ្រប់គ្រាន់ក្នុងការសម្រេចចិត្តជាមួយការងារធំៗនៅចំពោះមុខឱ្យត្រង់ចំៗគោលដៅខ្លាំងបំផុត ដូច្នេះហើយទើបការហ្វឹកសមាធិបានក្លាយជាអ្នកជួយលើកកម្ពស់ថាមពលខួរក្បាល និងភាពស្ងប់ខាងផ្លូវចិត្ត មិនថាប្រឈមជាមួយបញ្ហាបែបណាក៏ដោយ។ បើសិនសាកល្បងហ្វឹកហាត់អង្គុយតាំងសមាធិជាប្រចាំ យើងនឹងអាចមានឱកាសឈានទៅមុខក្នុងតួនាទីមុខតំណែងការងារ និងទទួលបានជោគជ័យកាន់តែងាយស្រួលឡើង។
2 . ការភ្ញាក់ពីព្រឹកព្រលឹម
ភ្ញាក់មុន បានលុយមុន មានមុន…ពាក្យនេះច្រើនតែត្រូវបាននិយាយនៅក្នុងក្រុមអ្នកមាន ឬក្រុមអ្នកជោគជ័យ។ អ្នកដែលភ្ញាក់ឡើងមកធ្វើការតាំងពីព្រឹកព្រលឹម ច្បាស់ជាមានពេលវេលាច្រើនក្នុងការធ្វើការងារ តាំងពីការរៀបចំផែនការយ៉ាងសន្សឹមៗយ៉ាងហ្មត់ចត់ មានពេលវេលាច្រើនគ្រប់គ្រាន់ក្នុងការធ្វើអ្វីផ្សេងៗឱ្យសម្រេចទៅបានច្រើនជាងអ្នកដែលគេងដល់ថ្ងៃបានភ្ញាក់។ ការភ្ញាក់ឡើងនៅពេលព្រឹកថែមទាំងជួយឱ្យពួកគេបានជួបជាមួយនឹងអំឡុងពេលដ៏សែនវិសេស រីកស្រស់ស្រាយដោយធាតុអាកាសដ៏សែនបរិសុទ្ធ ជួយឱ្យខួរក្បាលត្រូវបានជំរុញ និងធ្វើការបានយ៉ាងមានប្រសិទ្ធភាព។ សាកល្បងនាំគ្នាសង្កេតមើលងាយៗថា អ្នកដែលគេងដល់ថ្ងៃទើបភ្ញាក់ និងមិនចង់ងើបចេញពីគ្រែនោះ ដល់ពេលវេលាធ្វើការ ពួកគេច្រើនតែច្របូកច្របល់ជ្រួលច្រាល និងចាប់ផ្ដើមចាប់ការងារដែលត្រូវធ្វើមិនសូវជាត្រូវប៉ុន្មានឡើយ ព្រោះរវល់តែបារម្ភថា ពេលវេលាធ្វើការក្នុងមួយថ្ងៃនោះនឹងត្រូវប្រើប្រាស់អស់ជាមុន។
3 . ចេះនិយាយបដិសេធដោយពាក្យថា “ទេ” យ៉ាងសមរម្យ
ការនិយាយបដិសេធដោយពាក្យមួយម៉ាត់នេះសម្រាប់រឿងខ្លះដែលមិនមានតម្លៃគ្រប់គ្រាន់ជាមួយការរស់នៅ គ្រប់យ៉ាងអាចនឹងមាន 2 ជម្រើសឱ្យយើងជ្រើសរើស។ នៅពេលបានអ្វីមួយមក អ្វីមួយទៀតក៏នឹងបាត់បង់ទៅ ដូច្នេះការបដិសេធយ៉ាងឆ្លាតវៃគឺជាការនៅតែគ្រប់គ្រងត្រឹមតែរឿងណាមួយដែលមានតម្លៃ។ សម្លឹងមើលឱ្យធ្លុះថា តើរឿងណាដែលគួររក្សាទុក និងរឿងណាដែលគួរតែលែងចោល ទោះជាវានៅមានប្រយោជន៍ខ្លះក៏ដោយ តែនៅពេលប្រៀបធៀបជាមួយអនាគតហើយនោះ យើងអាចនឹងត្រូវជ្រើសរើសត្រឹមតែរឿងមួយដែលល្អបំផុតតែមួយគត់ប៉ុណ្ណោះ ទោះជានៅស្ដាយរឿងមួយទៀតនោះក៏ដោយ។
ឱកាស និងភាពសំណាងល្អមិនដែលបានមកដោយសារជោគវាសនា ឬព្រហ្មលិខិតនោះទេ ទោះជាយើងដើរចេញមកពីផ្លូវនៃជីវិតផ្សេងគ្នាក៏ដោយ តែការឈានឆ្ពោះទៅរកភាពជោគជ័យអាចកើតឡើងបានតាមរយៈការព្យាយាម មិនមែនដោយការគូសដំណើរផ្លូវឱ្យរបស់ព្រះជាម្ចាស់ ឬពីអ្វីម្យ៉ាងដែលមើលមិនឃើញនោះទេ ដូច្នេះចូរក្រោកឡើងមកផ្លាស់ប្ដូរខ្លួនឯង សាងថាមពលវិជ្ជមាន និងធ្វើអ្វីដែលល្អបំផុតក្នុងរៀងរាល់ថ្ងៃដើម្បីគោលដៅរបស់ខ្លួនឯង…៕
រៀបរៀងដោយ តាវ៉ែនតា