សុខភាព និងការរីកលូតលាស់របស់កុមារតូចៗជាផ្នែកមួយដ៏សំខាន់សម្រាប់អនាគតរបស់សង្គម និងប្រទេសជាតិ ព្រោះកុមារជាអ្នកបន្តវេននៅក្នុងសង្គមនាថ្ងៃអនាគត ហើយធនធានមនុស្សនៅថ្ងៃខាងមុខគឺត្រូវជំនួសដោយកុមារៗក្នុងពេលបច្ចុប្បន្ននេះទាំងស្រុង។
ប្រធានអង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជនកម្ពុជា លោក ជាង សុខា បានលើកឡើងថា កុមារជាផ្នែកដ៏សំខាន់សម្រាប់ប្រទេសកម្ពុជា ព្រោះពួកគេនឹងក្លាយជាយុវជននាថ្ងៃខាងមុខ។ អ្វីដែលជាបញ្ហាប្រឈមរបស់កុមារបច្ចុប្បន្ន គឺបញ្ហាសុខភាព ព្រោះនាពេលបច្ចុប្បន្ននេះស្ត្រីដែលជាមាតាជាច្រើនបាន និងកំពុងធ្វើការងារនៅតាមរោងចក្រសហគ្រាស និងកន្លែងជាច្រើនទៀតដែលពេលខ្លះសុខភាពរបស់គាត់មានលក្ខណៈទន់ខ្សោយ ដែលជាហេតុធ្វើឱ្យកូនតូចៗដែលកើតមកអាចមានលក្ខណៈទន់ខ្សោយតាមដែរ។
លោក ជាង សុខា បាននិយាយថា៖ «យើងគ្រប់គ្នាតែងតែពឹងពាក់លើកុមារជំនាន់ក្រោយថា អាចនឹងមានលក្ខណៈរឹងមាំ តែពេលខ្លះយើងមើលឃើញថា ពួកគេអាចនឹងមានកត្តាប្រឈមមួយចំនួនដែលត្រូវយកចិត្តទុកដាក់»។
ស្របជាមួយគ្នានេះដែរ អង្គការ Unicef ប្រចាំនៅកម្ពុជាបានរាយការណ៍ថា កង្វះអាហារូបត្ថម្ភជាបញ្ហាមួយដែលធ្វើឱ្យការលូតលាស់របស់រាងកាយ និងបញ្ញាស្មារតីរបស់កុមារមានការអន់ថយ។ ការធានាថាស្ត្រីមានផ្ទៃពោះ និងកុមារទទួលបានអាហារដែលមានជីវជាតិ និងការថែទាំសុខភាពដែលមានគុណភាព អាចផ្តល់ផលវិជ្ជមានដល់ការលូតលាស់របស់កុមារដែលឈានទៅកាន់ជីវិតដែលមានសុខភាពល្អ និងសុភមង្គល។
អង្គការដដែលនេះបានបញ្ចាក់ផងដែរថា ចាប់ពីឆ្នាំ 2000 ដល់ឆ្នាំ 2014 ភាគរយនៃកុមារមិនគ្រប់ទម្ងន់ខ្លួនបានថយចុះពី 39% មក 24% ហើយកុមារដែលមានជំងឺក្រិសក្រិនបានថយចុះពី 50% មក 32% ប៉ុន្តែការថយចុះនេះក៏មានន័យដែរថា មានកុមារម្នាក់ក្នុងចំណោមបួននាក់នៅតែមិនគ្រប់ទម្ងន់ខ្លួននៅកម្ពុជា។ ហើយកុមារម្នាក់ក្នុងចំណោមបីនាក់មានកម្ពស់ទាបជាងអាយុ ដែលនេះជាសញ្ញាបញ្ជាក់អំពីកង្វះអាហារូបត្ថម្ភ៕