ភ្នំពេញ៖ ដើម្បីផ្តល់ភាពងាយស្រួល និងកាត់បន្ថយការកកស្ទះចរាចរណ៍ក្នុងការធ្វើដំណើរ ក្រសួងសាធារណការ និងដឹកជញ្ជូនបាននិងកំពុងសាងសង់កំពង់ផែនៅតាមចំណុចរថយន្តក្រុងនានាដែលនៅជាប់មាត់ទន្លេដើម្បីឱ្យប្រជាពលរដ្ឋអាចធ្វើដំណើរតាមផ្លូវទឹកជំនួសផ្លូវគោកបាន។
ថ្លែងទៅកាន់អង្គប្រជុំប្រចាំសប្តាហ៍ជាមួយមន្ត្រីជាន់ខ្ពស់ និងមន្ត្រីជំនាញជាច្រើនរូប ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានលើកឡើងពីសក្ដានុពលនៃការអភិវឌ្ឍវិស័យដឹកជញ្ជូនអ្នកដឹកដំណើរតាមផ្លូវទឹក ពិសេសតាមបណ្តាញដៃទន្លេដែលហូរកាត់ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងការពង្រីកវិស័យនេះឱ្យបានទូលំទូលាយ បញ្ចៀសការកកស្ទះចរាចរណ៍ ក៏ដូចជាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងឱ្យប្រកបដោយចីរភាពផងដែរ។
ដើម្បីឱ្យគម្រោងនេះដំណើរការទៅបានឆាប់រហ័ស ឯកឧត្ដមទេសរដ្ឋមន្ត្រី ក៏បានជំរុញឱ្យអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹកពន្លឿនគម្រោងដឹកជញ្ជូនអ្នកដំណើរតាមផ្លូវទឹកពីរាជធានីភ្នំពេញទៅខេត្តកណ្ដាលឱ្យបានមុនពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខែ្មរខាងមុខ ដោយចំណតកំពង់ផែនីមួយៗត្រូវមានការតភ្ជាប់ជាមួយនឹងចំណតរថយន្តក្រុង ដើម្បីបង្កភាពងាយស្រួលដល់អ្នកធ្វើដំណើរឡើងចុះបន្ត។
គួរបញ្ជាក់ផងដែរថា ដោយសារការកកស្ទះផ្លូវកើតមានជាអន្លើៗ ជារៀងរាល់ថ្ងៃក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ប្រជាពលរដ្ឋរស់នៅក្នុងទីក្រុងហាក់មិនសូវមានការគាំទ្រក្នុងការធ្វើដំណើរតាមរថយន្តក្រុងនោះឡើយ ដោយហេតុផលតែម្យ៉ាងគត់ គឺខ្លាចទៅធ្វើការមិនទាន់ម៉ោង។ ដូច្នេះគេរំពឹងថា បើសិនជាគម្រោងដឹកជញ្ជូនតាមផ្លូវទឹកនេះដាក់ឱ្យដំណើរការបាននៅមុនពេលចូលឆ្នាំថ្មីខាងមុខនោះ ប្រាកដជានឹងមានអ្នកដំណើរចាប់អារម្មណ៍ច្រើន ដោយសារការធ្វើដំណើរតាមផ្លូវទឹកមិនមានការកកស្ទះដូចធ្វើដំណើរតាមផ្លូវគោកហ្នឹងឯង៕