(អង់គ្លេស) – Iris eTrike គឺជាយានជំនិះផ្ទាល់ខ្លួនដែលមានរូបរាងដូចកង់បន្តិច ដូចរថយន្តបន្តិច អាចផ្ទុកអីវ៉ាន់បាន 100 គីឡូក្រាម និងអាចបើកបរក្នុងល្បឿន 48 គីឡូម៉ែត្រក្នុងមួយម៉ោង។
កង់កូនកាត់រថយនុ្តគំរូ Iris eTrike របស់អ្នករចនា និងជាអ្នកជំនួញផ្នែកបច្ចេកវិទ្យា ជនជាតិអង់គ្លេស Grant Sinclair មានកម្លាំងជាង ធៀបនឹងកង់ធម្មតា ធ្វើឱ្យវាមានល្បឿនលឿនជាង។ យាននេះផ្ដល់ផាសុកភាព និងការពារអ្នកបើកបរពីអាកាសធាតុអាក្រក់។ នេះបើតាម Yahoo ចុះផ្សាយកាលពីថ្ងៃទី 27 ឧសភា 2023។
កំណែសម្រាប់ការផលិតរបស់ Iris eTrike ប្រើប្រាស់គ្រោងឆ្អឹងធ្វើពីដែកថែប chromoly, ដងខ្លួនធ្វើពីជ័រកៅស៊ូទន់ polypropylene ដែលគ្របដណ្ដប់ដោយសម្បក polymer, ដំបូលធ្វើពីជ័រទន់ថ្លាមានស្រទាប់ការពារបញ្ហាជ្រាបទឹក, ប្រព័ន្ធជំរុញកម្លាំង 9 លេខ និងកៅអីខ្ពស់។
Iris eTrike ក៏មានប្រព័ន្ធភ្លើង LED គ្រប់គ្រាន់, ប្រព័ន្ធបន្សុទ្ធខ្យល់, កាមេរ៉ាមើលក្រោយ និងប្រព័ន្ធបញ្ចុះកម្ដៅ នាំខ្យល់ដែលបានបន្សុទ្ធចូលមកកាន់កាប៊ីន។
កម្លាំងឈ្នាន់សម្រាប់ធាក់របស់អ្នកបើកបរត្រូវបានផ្ដល់ដោយម៉ូទ័រកម្លាំង 250, 500 ឬ 750 វ៉ាត់ អាចជួយឱ្យបើកបរក្នុងល្បឿន 48 គីឡូម៉ែត្រ/ម៉ោង។ Iris eTrike ប្រើប្រាស់ថ្ម lithium-ion 48 វ៉ាត់ 20 អំពែរម៉ោង អាចធ្វើដំណើរបានជាង 48 គីឡូម៉ែត្រ។
ថ្វីបើមានរូបរាងតូច តែ Iris eTrike មានកន្លែងដាក់អីវ៉ាន់ដែលមានចំណុះ 100 លីត្រ។ អេក្រង់ LED នៅខាងមុខអ្នកបើកបរបង្ហាញទិន្នន័យស្ដីពីល្បឿន គម្លាត់នៃការបើកបរ និងថាមពលថ្ម។ល។
Iris eTrike មានបណ្ដោយ 260 សង់ទីម៉ែត្រ, ទទឹង 94 សង់ទីម៉ែត្រ, កម្ពស់ 128 សង់ទីម៉ែត្រ, ទម្ងន់ 50 គីឡូក្រាម និងមានពណ៌ខ្មៅ ឬប្រាក់។ ក្រុមហ៊ុននៅ Cardiff ប្រទេសអង់គ្លេសរបស់ Grant Sinclair កំពុងទទួលការកក់សម្រាប់ Iris eTrike ហើយគ្រោងនឹងប្រគល់ជូនអតិថិជននៅក្នុងត្រីមាសទីមួយឆ្នាំក្រោយ៕