ក្រុមបាល់ទាត់ជម្រើសជាតិអាយុក្រោម 23 ឆ្នាំ (U23) របស់កម្ពុជា ត្រូវស្ថិតនៅក្នុងពូល A ជាមួយនឹងព្រុយណេ មីយ៉ាន់ម៉ា និងម្ចាស់ផ្ទះថៃ បន្ទាប់ពីការចាប់ឆ្នោតកាលពីព្រឹកថ្ងៃទី 29 ឧសភា 2023 សម្រាប់ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ U23 អាស៊ីអាគ្នេយ៍។
នៅឯពូល B វិញ មានបីក្រុម រួមមាន ទីម័រខាងកើត ម៉ាឡេស៊ី និងឥណ្ឌូណេស៊ី ខណៈដែលពូល C រួមមាន វៀតណាម ហ្វ៊ីលីពីន និងឡាវ។
ក្រុមទាំងអស់ត្រូវប្រកួតវិលមួយជុំ រួចបូកពិន្ទុដើម្បីដាក់ចំណាត់ថ្នាក់។ បីក្រុមដែលជាប់លេខមួយក្នុងពូលនីមួយៗ រួមនឹងក្រុមលេខពីរមួយក្រុមដែលមានថ្វីជើងល្អបំផុត នឹងដណ្ដើមបានសិទ្ធិឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។
យោងតាមទំព័របណ្ដាញសង្គម Cambodian Premier League ការប្រកួតរបស់កម្ពុជា នឹងចាប់ផ្តើមពីថ្ងៃទី 17 ដល់ ថ្ងៃទី 21 ខែសីហា ឆ្នាំ 2023។
ការប្រកួតបាល់ទាត់នៃពានរង្វាន់យុវជនអាយុក្រោម 23 ឆ្នាំនៅតំបន់អាស៊ាន (AFF U23 Championship 2023) នឹងធ្វើឡើងនៅប្រទេសថៃ ចាប់ពីថ្ងៃទី 17 សីហា ដល់ 26 សីហា។ វៀតណាមគឺជាក្រុមជើងឯក U23 អាស៊ីអាគ្នេយ៍ឆ្នាំ 2022 ដោយបានផ្ដួល U23 ថៃ នៅវគ្គផ្ដាច់ព្រ័ត្រ៕