សារព័ត៌មាន Handelsblatt របស់អាល្លឺម៉ង់ ឱ្យដឹងថា បានទទួលទិន្នន័យទំហំ 100 GB របស់ Tesla ពីប្រភពអនាមិក ក្នុងនោះមានផ្ទុកព័ត៌មានរបស់មនុស្សចំនួន 100,000 នាក់។
ឯកសារដែលមានផ្ទុកបញ្ជីឈ្មោះរបស់បុគ្គលិកចាស់ និងបច្ចុប្បន្នប្រហែល 100,000 នាក់របស់ Tesla ក្នុងនោះក៏មាន CEO Elon Musk អមនឹងលេខរបបសន្តិសុខសង្គម អាស័យដ្ឋានសារអេឡិចត្រូវនិច លេខទូរស័ព្ទ ប្រាក់ខែបុគ្គលិក ព័ត៌មានធនាគាររបស់អតិថិជន និងទិន្នន័យសម្ងាត់ស្ដីពីការផលិត ការតវ៉ាពីអតិថិជន។ល។
រឿងដែល Tesla បណ្ដោយឱ្យមានករណីបែកធ្លាយព័ត៌មាននេះគឺជាការរំលោភលើការកំណត់ស្ដីពីការការពារទិន្នន័យរួមរបស់ទ្វីបអឺរ៉ុប (GDPR) ហើយអាចនាំឱ្យ Tesla រងការដាក់ពិន័យធ្ងន់ធ្ងរ។ យោងតាមទំព័រ Handelsblatt មេធាវីរបស់ Tesla និយាយថា បញ្ហានេះកើតឡើងដោយសារតែទង្វើរបស់អតីតបុគ្គលិកម្នាក់ដែលមិនពេញចិត្តនឹងចំណាត់ការក្រុមហ៊ុននេះ។
Dagmar Hartge មេដឹកនាំមួយរូបនៅការិយាល័យការពារទិន្នន័យនៅ Brandenburg ជាទីតាំងនៃរោងចក្រ Gigafactory របស់ Tesla បានអះអាងថា ការបែកធ្លាយនេះគឺមានទ្រង់ទ្រាយធំណាស់។
ជាផ្លូវការ ភាគីខាងក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla និងមហាសេដ្ឋីដើមកំណើតអាហ្វ្រិកខាងត្បូង លោក Elon Musk មិនទាន់មានប្រតិកម្មអ្វីនៅឡើយ ទាក់ទងនឹងបញ្ហាខាងលើ៕