ក្រុមហ៊ុន Venus Aerospace នៅរដ្ឋ Texas កំពុងអភិវឌ្ឍយានដែលមានល្បឿនលឿងជាង 9 ដងធៀបនឹងល្បឿនរបស់សំឡេង តាមរយៈយន្តហោះគំរូដែលមានឈ្មោះថា Stargazer។
យន្តហោះដឹកអ្នកដំណើរ Stargazer កំពុងត្រូវបានអភិវឌ្ឍដើម្បីអាចហោះហើរក្នុងល្បឿន 11,104 គីឡូម៉ែត្រ/ម៉ោង អនុញ្ញាតឱ្យវាហោះពី New York របស់សហរដ្ឋអាម៉េរិក ទៅកាន់ Sydney របស់អូស្ត្រាលី ដោយប្រើពេលតែ 90 នាទី។ ល្បឿននេះលឿនជាងឆ្ងាយបើធៀបនឹងល្បឿន Mach 2 (2,414 គីឡូម៉ែត្រ/ម៉ោង) របស់យន្តហោះ Concorde។ នេះបើតាម Tech Times ចុះផ្សាយកាលពីថ្ងៃទី 27 ឧសភា។
យោងតាមណាសា មកដល់បច្ចុប្បន្ន ពុំទាន់មានយន្តហោះណាមួយដែលហោះបានក្នុងល្បឿន Mach 6.7 (8,273 គីឡូម៉ែត្រ/ម៉ោង) រាប់ចាប់តាំងពីយន្តហោះសម្រាប់ធ្វើតេស្ត X15 របស់សហរដ្ឋអាម៉េរិក ដែលធ្វើបានបែបនេះកាលពីឆ្នាំ 1967។ ក៏ប៉ុន្តែ សមិទ្ធផលនេះសុទ្ធតែមិនបានលេចធ្លោ ដោយសារតែល្បឿននៃការរីកចម្រើនក៏លឿនរបស់រ៉ុក្កែតហោះឡើងទៅកាន់គន្លងតារាវិថីកម្រិតទាបរបស់ផែនដី ក្នុងកម្រិតជាង Mach 9 ប្រហែល 23,358 គីឡូម៉ែត្រ/ម៉ោង។
គម្រោង Stargazer ដែលប្រកបដោយមហិច្ឆតារបស់ Venus Aerospace ដំណើរការដោយរ៉ុក្កែត អាចធ្វើបដិវត្តវិស័យទេសចរណ៍អវកាស។ បើទោះជាប្រើប្រាស់កម្លាំងរុញច្រានពីរ៉ុក្កែត ប៉ុន្តែ យន្តហោះ Stargazer ក៏ហោះឡើង និងចុះចតដោយប្រើម៉ាស៊ីនយន្តហោះធម្មតា។
Andrew Duggleby សហស្ថាបនិក និងជាប្រធានផ្នែកបច្ចេកវិទ្យារបស់ Venus Aerospace សង្កត់ធ្ងន់ថា ដើម្បីចៀសវាងសំឡេងរំខានខ្លាំងនៅឯអាកាសយានដ្ឋាន យន្តហោះ Stargazer នឹងប្រើប្រាស់ម៉ាស៊ីនយន្តហោះដើម្បីហោះឡើង ហើយនៅពេលហោះផុតពីទីប្រជុំជន វានឹងបញ្ឆេះម៉ាស៊ីនរ៉ុក្កែតដើម្បីបន្តធ្វើដំណើរទៅមុខ៕