រ៉ុក្កែត Tianlong-2 របស់ក្រុមហ៊ុនចិន Space Pioneer ត្រូវបានបាញ់បង្ហោះជោគជ័យជាលើកដំបូងកាលពីខែមេសា 2023 ដោយប្រើប្រាស់ឥន្ធនៈជាប្រេងសាំង kerosene ដែលមានប្រភពពីធ្យូងថ្ម។
ឥន្ធនៈថ្មីរបស់ Space Pioneer ដំណើរការល្អដូចទៅនឹងប្រេងសាំងយន្តហោះ kerosene ធ្វើពីរ៉ែប្រេង។ អ្នកជំនាញផ្នែកអវកាសមួយចំនួនបានឱ្យដឹងថា វាផ្គត់ផ្គង់ថាមពលសុវត្ថិភាព និងប្រសិទ្ធភាពដល់វិស័យអវកាសចរណ៍។ នេះបើតាម SCMP ចុះផ្សាយកាលពីថ្ងៃទី 25 ឧសភា។
ម៉ាស៊ីនរ៉ុក្កែតទាមទារឱ្យមានឥន្ធនៈគុណភាពខ្ពស់ ហើយប្រេងសាំង kerosene សម្រាប់រ៉ុក្កែតបច្ចុប្បន្ន អាចត្រូវបានចម្រាញ់តែពីប្រេងរ៉ែដែលមានគុណភាពខ្ពស់តាមរយៈការចម្រាញ់ដ៏ស្មុគស្មាញ។ ប្រភពឥន្ធនៈនេះតែងតែបង្កការលំបាកច្រើន នៅពេលប្រទេសចិនមានប្រេងប្រភេទនេះក្នុងបរិមាណមានកំណត់ ហើយប្រេងរ៉ែ តែងតែមានគុណភាពមិនល្អ។
ការបាញ់បង្ហោះរ៉ុក្កែតដំណើរការដោយប្រេងសាំង kerosene ចម្រាញ់ពីធ្យូងថ្ម ត្រូវបានគេចាត់ទុកថាជាសមិទ្ធផលលេចធ្លោនៅក្នុងវិស័យអវកាស។
ប្រេងសាំង kerosene សម្រាប់យន្តហោះ ដែលមានប្រភពពីធ្យូងថ្ម ត្រូវបានអភិវឌ្ឍដោយការសហការគ្នារវាងបណ្ដាក្រុមហ៊ុនរដ្ឋចិត្ត រួមមាន វិទ្យាស្ថានស្រាវជ្រាវលេខ 165 របស់ CASC (ក្រុមហ៊ុនវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាអវកាសចិន), ក្រុមហ៊ុនគីមីធ្យូងរាវនៃសាជីវកម្មបច្ចេកទេសថាមពលចិន និងសាជីវកម្មធ្យូង Ningxia។
រ៉ុក្កែត Tianlong-2 របស់ក្រុមហ៊ុនចិន Space Pioneer ត្រូវបានបាញ់បង្ហោះជោគជ័យជាលើកដំបូងកាលពីថ្ងៃទី 02 ខែមេសា 2023
កាលពីថ្ងៃទី 02 មេសា ឆ្នាំ 2023 ក្រោយការធ្វើតេស្តលើម៉ាស៊ីនជាង 300 លើក រ៉ុក្កែត Tianlong-2 ក៏ត្រូវបានបាញ់បង្ហោះដោយជោគជ័យជាមួយនឹងឥន្ធនៈថ្មី។ ម៉ាស៊ីនប្រើឥន្ធនៈរាវ YF-102 នៅលើរ៉ុក្កែត Tianlong-2 ដែលអភិវឌ្ឍដោយវិទ្យាស្ថានបច្ចេកវិទ្យា និងវិទ្យាសាស្ត្រអវកាសលេខ 6 គឺជាម៉ាស៊ីនស្ដង់ដាសម្រាប់បណ្ដាយានជំនាន់ថ្មីរបស់ប្រទេសចិន។ បណ្ដារ៉ុក្កែត Long March 5, 6 និង 7 គឺសុទ្ធតែប្រើប្រាស់ម៉ាស៊ីនប្រភេទនេះ។ នេះមានន័យថា ពួកវាក៏អាចប្រើប្រាស់ប្រេងសាំង kerosene ដែលចម្រាញ់ពីធ្យូងថ្ម៕