នៅព្រឹកថ្ងៃទី7 ខែវិច្ឆិកា ឆ្នាំ2017 នេះ តារាចម្រៀង ណាំ ប៊ុណ្ណារ័ត្ន បានលាចាកភាពជាគ្រហស្ថ មកបួសជាភិក្ខុ ក្នុងគោលបំណងសងគុណ និងរំឭកដឹងគុណមាតាបិតារបស់លោក នៅវត្តទួល ក្នុងសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
តាមរយៈការឆ្លើយឆ្លងលើសារអេឡិចត្រូនិក ជាមួយអ្នកដឹកនាំកម្មវិធីស្ថានីយទូរទស្សន៍ Town Full HD TV លោក ប៊ុន រតនា បានប្រាប់អ្នកយកព័ត៌មានគេហទំព័រ ឡារ៉ែន ឱ្យដឹងថា តារាចម្រៀង ណាំ ប៊ុណ្ណារ័ត្ន ទើបតែត្រូវបានបំបួសជាសង្ឃកាលពីព្រឹកមិញនេះ ដោយមូលហេតុដែលគេបាននិយាយថា ចង់រំឭកនឹក និងសងគុណដល់មាតាបិតាដ៏មានគុណរបស់គេ និងមានរូបថតមួយសន្លឹកដែលបានបង្ហោះជាភ័ស្តុតាងនៅលើបណ្ដាញទំនាក់ទំនងសង្គម Facebook របស់អ្នកដឹកនាំកម្មវិធី “ដូច្នឹងផង!!” ដែលបានបញ្ជាក់យ៉ាងដូច្នេះថា «ពិធីបំបួសលោកបង ណាំ ប៊ុណ្ណារ័ត្ន»៕