(សហរដ្ឋអាម៉េរិក) – Virgin Galactic បានទទួលជោគជ័យក្នុងការដឹកមនុស្សឡើងទៅកាន់ទីអវកាសក្បែរគន្លងតារាវិថីផែនដីលើកទីប្រាំ មុនពេលចាប់ផ្ដើមធ្វើសកម្មភាពជំនួញនៅខែក្រោយ។
បេសកកម្មកាលពីថ្ងៃទី 25 ឧសភា ដែលមានឈ្មោះថា Unity 25 គឺជាជើងហោះហើរដំបូងរបស់ក្រុមហ៊ុន Virgin Galactic ទៅកាន់ទីអវកាសក្បែរគន្លងគោចរផែនដី គិតចាប់ពីខែកក្កដា 2021 ក្រោយពីក្រុមហ៊ុននេះបានដឹកមហាសេដ្ឋី Richard Branson សហស្ថាបនិករបស់ Virgin Group ដែលជាក្រុមហ៊ុនមេរបស់ Virgin Galactic និងអតិថិជនជាច្រើនរូបផ្សេងទៀត ឡើងទៅទីអវកាស។
Virgin Galactic ប្រើប្រាស់ប្រព័ន្ធបាញ់បង្ហោះក្នុងអាកាសដើម្បីដឹកមនុស្ស និងឧបករណ៍ស្រាវជ្រាវឡើងទៅកាន់ទីអវកាសក្បែរកន្លងតារាវិថិផែនដី។ បច្ចុប្បន្ន ប្រព័ន្ធនេះរួមមានយានចំនួនពីរគ្រឿងគឺយានអវកាសដែលអាចដឹកមនុស្សបាន 8 នាក់ ឈ្មោះ VSS Unity និងយន្តហោះដឹកជញ្ជូន VMS Eve។ Unity ត្រូវបាន Eve នាំឡើងពីព្រលានយន្តហោះ។ ពេល Eve ហោះដល់កម្ពស់ 15,000 ម៉ែត្រ វានឹងទម្លាក់ Unity ដើម្បីឱ្យយាននេះបញ្ឆេះម៉ាស៊ីនរ៉ុក្កែត ហើយបន្តហោះឡើងទៅលំហក្បែរគន្លងគោចរផែនដី។
អតិថិជនដែលហោះក្នុងយាន Unity នឹងបានបណ្ដែតខ្លួនក្នុងស្ថានភាពគ្មានទម្ងន់ច្រើននាទី និងគយគន់ផែនដីពីអវកាស មុនពេលហោះចុះចតលើព្រលានយន្តហោះ។ Unity បានធ្វើការហោះហើរបែបនេះចំនួនប្រាំលើកមកហើយ។ បេសកកម្មថ្មីបំផុតត្រូវបានចាប់ផ្ដើមនៅម៉ោង 23 និង 15 នាទី ថ្ងៃទី 24 ឧសភា (ពេលវេលានៅកម្ពុជា) ពេល Eve ហោះឡើងពីអវកាសយានដ្ឋាន Spaceport America នៅ New Mexico។ Unity ត្រូវបានភ្ជាប់ទៅនឹងគ្រោងឆ្អឹងនៅចន្លោះដងខ្លួនទាំងពីររបស់យន្តហោះដឹកជញ្ជូន Eve។
មនុស្សទាំង 8 នាក់ដែលចូលរួមក្នុងជើងហោះហើរថ្មីបំផុតនេះគឺសុទ្ធតែជាបុគ្គលិករបស់ Virgin Galactic ក្នុងនោះក៏មានប្រធានផ្នែកបណ្ដុះបណ្ដាលអ្នកអវកាស លោកស្រី Beth Moses ផងដែរ។
យោងតាមតំណាងរបស់ Virgin Galactic បន្ទាប់ពីផ្ដាច់ខ្លួន យាន Unity ហោះក្នុងល្បឿនអតិបរមា 3,630 គីឡូម៉ែត្រ/ម៉ោង និងឡើងដល់កម្ពស់ 87.2 គីឡូម៉ែត្រ។ ណាសាឱ្យដឹងថា កម្ពស់នេះអាចចាត់ទុកដូចបានហោះដល់ទីអវកាស។ ក៏ប៉ុន្តែលំហអវកាសចាប់ផ្ដើមពីកម្ពស់ 100 គីឡូម៉ែត្រ។
យាន Unity ត្រលប់មកកាន់ផែនដីនៅម៉ោង 00 និង 37 នាទី ថ្ងៃទី 26 ឧសភា 2023 នៅ Spaceport America។ ចំណែកយន្តហោះ Eve ក៏បានចុះចតដល់ដីប៉ុន្មាននាទីមុននោះ ហើយបេសកកម្ម Unity 25 ក៏បានបញ្ចប់៕