ក្លិបញញួរធំ West Ham United នឹងត្រូវតែងតាំងលោក David Moyes ក្នុងកិច្ចសន្យាសាកល្បងរយៈពេល6ខែ ដោយផ្តល់តួនាទីឲ្យលោកទទួលខុសត្រូវក្នុងការស្រោចស្រង់ឲ្យពួកគេគេចឲ្យផុតពីគ្រោះថ្នាក់នៃការធ្លាក់ចូលក្នុងតំបន់កាត់ចោល ក្រោយពីអស់ការជឿជាក់ទៅលើសមត្ថភាពរបស់លោក Slaven Bilic ក្នុងការសង្គ្រោះពួកគេ។
ក្លិបនេះសង្ឃឹមថា លោក Moyes អតីតគ្រូបង្វឹករបស់ក្លិប Sunderland អាចដឹកនាំការហ្វឹកហាត់នៅព្រឹកថ្ងៃអង្គារនេះ ខណៈដែលលោក Alan Irvine, Chris Woods និងលោក Stuart Pearce អាចនឹងចូលរួមធ្វើការជាមួយនឹងលោក Moyes ក្នុងនាមជាជំនួយការគ្រូបង្វឹក។ លោក Moyes នឹងទទួលបានការបន្តកុងត្រាថ្មីរយៈពេល2ឆ្នាំ ប្រសិនបើគាត់អាចជួយឲ្យក្លិប West Ham រក្សាវត្តមានក្នុងក្របខ័ណ្ឌ Premier League បាន។ លោក Bilic ដែលកិច្ចសន្យារបស់លោកនឹងត្រូវផុតកំណត់នៅរដូវក្តៅក្រោយនោះ ត្រូវបានបណ្តេញចេញកាលពីព្រឹកថ្ងៃចន្ទ ក្រោយពីជួបលទ្ធផលដ៏សែនខកចិត្តជាបន្តបន្ទាប់នៅរដូវកាលនេះ ដែលបានធ្វើឲ្យក្លិប West Ham ស្ថិតក្នុងចំណាត់ថ្នាក់លេខ18 ហើយពួកគេដណ្តើមបានជ័យជម្នះត្រឹមតែ2លើកគត់ ពីការប្រកួតក្របខ័ណ្ឌ Premier League 11លើកចុងក្រោយរបស់ពួកគេ។ បើទោះបីលោក David Gold និងលោក David Sullivan ដែលជាម្ចាស់ក្លិបរបស់ West Ham ធ្លាប់បានសង្ឃឹមថា ការផ្តល់ពេលវេលាឲ្យអ្នកចាត់ការទូទៅរូបនេះ នឹងទទួលបានលទ្ធផលល្អ ក៏ដោយ ប៉ុន្តែ ការរងបរាជ័យយ៉ាងចាស់ដៃក្នុងលទ្ធផល 4-1 ក្រោមស្នាដៃក្រុម Liverpool នៅកីឡដ្ឋាន London បានក្លាយជាចំណុចកាត់សេចក្តីរបស់ម្ចាស់ក្លិបនេះតែម្តង។ លោក Nikola Jurcevic, Edin Terzic, Julian Dicks និងលោក Miljenko Rak ដែលជាគ្រូបង្វឹកជំនួយរបស់អ្នកចាត់ការទូទៅសញ្ជាតិក្រូអាស៊ីរូបនេះ ក៏ត្រូវចាកចេញផងដែរ៕
ប្រភពី៖ The Guardian