លោក Erick Thohir ប្រធាន PSSI បានចេញមុខបញ្ជាក់អំពីមូលហេតុដែលមិនដាក់ទោសលើក្រុមបាល់ទាត់បុរសជម្រើសជាតិអាយុក្រោម 22 ឆ្នាំ (U22) របស់ឥណ្ឌូណេស៊ី ក្រោយហេតុការណ៍វាយតប់គ្នាក្នុងវគ្គផ្ដាច់ព្រ័ត្រនៅស៊ីហ្គេមលើកទី 32។
នៅក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្របាល់ទាត់បុរសនៅស៊ីហ្គេមលើកទី 32 ក្រុម U22 ឥណ្ឌូណេស៊ី និង U22 ថៃ បានបន្សល់ទុក «អនុស្សាវរីយ៍មិនល្អ» នៅក្នុងប្រវត្តិសាស្ត្រកីឡាអាស៊ីអាគ្នេយ៍ នៅពេលវាយតប់គ្នានៅលើទីលានបាល់ទាត់របស់កម្ពុជា។
ចំពោះភាគីសហព័ន្ធកីឡាបាល់ទាត់ថៃ (FAT) សមាជិកបីរូបរបស់ក្រុមគ្រូបង្វឹក និងកីឡាករពីររូបដែលបានចូលរួមការវាយតប់គ្នា ត្រូវបានដាក់ទោសជាផ្លូវការ ក្រោយពីសមត្ថកិច្ចថៃបានបញ្ចប់ការស៊ើបអង្កេត។
ក៏ប៉ុន្តែ យោងតាមសារព័ត៌មានឥណ្ឌូណេស៊ី ប្រធានសហព័ន្ធបាល់ទាត់ឥណ្ឌូណេស៊ី (PSSI) លោក Erick Thohir បានសម្រេចចិត្តមិនដាក់ទោសចំពោះសមាជិកក្រុមគ្រូបង្វឹក និងកីឡាកររបស់ក្រុម U22 ឥណ្ឌូណេស៊ី ព្រោះយល់ថា 22 ថៃ គឺជាអ្នកបង្កហេតុមុន។
«U22 ឥណ្ឌូណេស៊ី មិនបានទៅរករឿងជាមួយថៃឯណា? ហេតុអ្វីយើងត្រូវដាក់ទោសក្រុមគ្រូបង្វឹក និងកីឡាកររបស់យើង? ពិតណាស់ ត្រូវតែមានការកែតម្រូវកីឡាករ ក្រោយពីមានហេតុការណ៍នេះ ប៉ុន្តែបើសិនជាដាក់ទោស ខ្ញុំគិតថា មិនសមស្រប» លោក Erick Thohir និយាយដូច្នេះ និង បន្តថា «ជាក់ស្ដែង U22 ថៃ ជាអ្នកបង្កហេតុមុន»។
ទោះជាយ៉ាងណាក៏ដោយ មេដឹកនាំបាល់ទាត់ឥណ្ឌូណេស៊ី បានអះអាងថា លោកគោរព ផ្ដល់តម្លៃចំពោះចំណាត់ការរបស់ FAT។ លោក Erick Thohir សង្កត់ធ្ងន់ថា ហេតុការណ៍ដ៏គួរឱ្យសោកស្ដាយនេះមិនបានបង្កផលវិបាកដល់ទំនាក់ទំនងរវាងបណ្ដាសហព័ន្ធបាល់ទាត់នៅអាស៊ីអាគ្នេយ៍នៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេមនៅកម្ពុជាឡើយ៕