Spectre ដែលជារថយន្តអគ្គិសនីដំបូងរបស់ក្រុមហ៊ុន Rolls-Royce នឹងជាប្រភេទ sedan coupe មហាប្រណិត បំពាក់ម៉ូទ័រពីរគ្រឿង អាចផ្ដល់កម្លាំង 577 សេះ ឬ កម្លាំងរមួលកង់ 900 Nm។
ដំបូងឡើយ រថយន្តនេះត្រូវបានប្រកាសថា នឹងធ្វើដំណើរបានប្រហែល 418 គីឡូម៉ែត្របន្ទាប់ពីបញ្ចូលអគ្គិសនីមួយពេញ ប៉ុន្តែ ថ្មីៗនេះ CEO របស់ Rolls-Royce និយាយថា 500 គីឡូម៉ែត្រនឹងគ្រប់គ្រាន់ណាស់ហើយសម្រាប់អតិថិជន។
CEO ខាងលើនិយាយថា តម្រូវការចំពោះ Spectre ដំណើរការដោយអគ្គិសនី គឺខ្ពស់ជាង ធៀបនឹងការសន្និដ្ឋានដំបូង ហើយអ្នកបញ្ជាទិញនៅពេលនេះនឹងទទួលបានរថយន្តនៅឆ្នាំ 2025។ រថយន្តដំបូងៗដែលនឹងប្រគល់នៅត្រីមាសចុងក្រោយក្នុងឆ្នាំនេះ គឺសម្រាប់តែអតិថិជនដំបូងៗបំផុត។
មិនមានអ្វីចម្លែកនៅពេលអតិថិជនត្រូវរង់ចាំមួយឆ្នាំ ឬមួយឆ្នាំកន្លះ ព្រោះថា រថយន្ត Rolls-Royce ប្រណិតបំផុតសុទ្ធតែត្រូវបានផលិតភាគច្រើនដោយដៃ។ ប៉ុន្តែ រថយន្តអគ្គិសនី Rolls-Royce Spectre គឺជារឿងពិសេស នេះមិនទាន់និយាយដល់ជម្រើសផ្សេងគ្នា និងមុខងារថ្មីៗត្រូវបានបន្ថែម ដែលធ្វើឱ្យរថយន្តនេះកាន់តែមានភាពស្មុគស្មាញក្នុងការផលិត៕